ខ្មែរ​ក្រហម
ជាតិ
រាជរដ្ឋាភិបាល​ផ្តល់ប្រាក់៤,១លាន​ដុល្លារ​ដល់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម
27, Jan 2015 , 12:25 pm        
រូបភាព
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហម
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហម
ដោយ: រួបរួម
រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​មិនមែន​ហិរញ្ញវត្ថុ​ចំនួន៤,១លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដ​ល់​ភាគី​ជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ក្នុងនោះ​ថវិកា​ចំនួន ១,៦ លាន​ដុល្លារ​សម្រាប់​ទ្រទ្រង់​ការចំណាយ​លើ​សេវា​ប្រតិបត្តិការ​របស់​តុលាការ និង ២,៥លាន ដុល្លារ​សម្រាប់​ចំណាយ​លើ​ប្រាក់បៀវត្សរ៍​របស់​មន្ត្រី​បុគ្គលិក​ភាគី​ជាតិ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កាលពី​ថ្ងៃ​ទី២៦ ខែមករា។



ការសន្យា​របស់​រដ្ឋាភិបាល​ផ្តល់ជំនួយ​ថវិកា ប្រមាណ ៤,១លាន​ដុល្លារ​នេះ​គឺ​ស្មើនឹង ៦២ភាគរយ​នៃ​គម្រោង​ថវិកា​ចំណាយ​សរុប​ប្រចាំឆ្នាំ២០១៥ របស់ ភាគី​ជាតិ​កម្ពុជា។ នៅ​ឆ្នាំ ២០១៥ នេះ ភាគី​ជាតិ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៦,៦ លាន​ដុល្លារ។ បើតាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរក្រហម​បាននិងកំពុង​ធ្វើការ​ផ្នែក​នីតិវិធី​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ទទួលបាន​ថវិកា​នេះ​ឱ្យបាន​ទាន់ពេលវេលា។

មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​លើកឡើងថា ការសន្យា​ផ្តល់ជំនួយ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​គឺ​ដូច អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ក្នុងជំនួប​កំពូល ជាមួយ​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ភូមា​កាលពី​ចុងឆ្នាំ ២០១៤ កន្លងទៅ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ថវិកា​សម្រាប់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម។

លោក បាន​បន្តថា ការសន្យា​ផ្តល់ជំនួយ​ថវិកា​បន្ថែម​នេះ​គឺជា​ការបន្ត​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ដំណើរការ​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម។ លោក នេត្រ ភក្ត្រា បានឱ្យដឹង​ផងដែរ​ថា នៅ​ឆ្នាំ ២០១៤ កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ជំនួយ​ថវិកា​វត្ថុ និង​ជំនួយ​មិនមែន​ហិរញ្ញវត្ថុ​ចំនួន ៣,៩៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​ក្នុងនោះ ១,៧ លាន​ដុល្លារ​សហរដ្ឋ​សម្រាប់​ចំណាយ​លើ​សេវា​ប្រ​ត្តិ​ប​ត្តិ​ការ​ទូទៅ​របស់​តុលាការ និង​ថវិកា​ចំនួន ២,២៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ប្រាក់បៀវត្សរ៍​របស់​មន្ត្រី​បុគ្គលិក​ជាតិ​រយៈពេល ៦ ខែ (១,១លាន​ដុល្លារ​សម្រាប់​ត្រីមាស​ទី១ និង ១,១៥លាន​ដុល្លារ​សម្រាប់​ត្រីមាស​ទី៤)។ ការផ្តល់​វិភាគទាន ចំនួន ៣,៩៥ លាន​ដុល្លារ​អាមេរិក​នេះ​ស្មើ​ប្រមាណ ៦២%នៃ​គម្រោង​ថវិកា​ភាគី​ជាតិ​ឆ្នាំ ២០១៤ ដែល ត្រូវបាន​អនុម័ត​ឱ្យចំ​ណាយ​ចំនួន ៦,៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ចាប់តាំងពី​ឆ្នាំ ២០០៦ រហូតមកដល់​ឆ្នាំ ២០១៣ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ថវិកា​ដល់ សាលាក្តី​ខ្មែរក្រហម​ទាំង​ជំនួយ​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​ចំនួន ២៥,២ លាន​ដុល្លារ​ក្នុងនោះ​ជំនួយ​មិនមែន​ហិរញ្ញវត្ថុ​ចំនួន ១០,៨ លាន​ដុល្លារ និង១៤,៤២ លាន​ដុល្លារ​ជា​ជំនួយ​ថវិកា។ រហូតមកទល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​ជា​ប្រទេស​ម្ចាស់ជំនួយ​ធំ​ទី២ របស់​សាលាក្តី​ខ្មែរក្រហម​បន្ទាប់ពី​ប្រទេស​ប៉ុន​ដែល​បាន​ផ្តល់ជំនួយ​ថវិកា​ចំនួន​ប្រមាណ ៨២ លាន​ដុល្លារ ប្រទេស​អូស្ត្រាលី​ចំនួន ២៣, ២០ លាន​ដុល្លារ សហរដ្ឋអាមេរិក​ចំនួន ២០,៨០លាន​ដុល្លារ អាល្លឺម៉ង់ ចំនួន ១៣,៥៨ លាន អង់គ្លេស​ចំនួន ១១,៥២លាន សហភាព​អឺរ៉ុប​ចំនួន ៨,៨៦លាន បារាំង​ចំនួន ៨,២៥លាន ស៊ុយអែត​ចំនួន ៨,២លាន និង​ប្រទេស​ន័​រវេ​ស​ចំនួន ៧លាន​ដុល្លារ​សហរដ្ឋអាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com