ជាតិ
សង្គមជាតិ
លោក ជា ច័ន្ទបរិបូរណ៍ ប្រើភាសាភ្លេងអំពាវនាវឲ្យខ្មែររួបរួម
× ជម្លោះនយោបាយក្រោយពេលបោះឆ្នោតនៅកម្ពុជា ជនជាតិខ្មែរណាម្នាក់ក៏ដឹង។ បរទេសក៏ដឹង។ វាអាចជាចំនុចពិសេសរបស់កម្ពុជា ប៉ុន្តែបណ្ឌិតផ្នែកតន្ត្រី លោក ជា ច័ន្ទបរិបូរណ៍ មិនដែលសប្បាយចិត្តនឹងជម្លោះនយោបាយទាំងនោះឡើយ។ បើទោះជាធ្លាប់ជាអតីតអ្នកនយោបាយមួយរូបក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចក្នុងពេលកន្លងមក គេពុំសូវឮ លោក ជា ច័ន្ទបរិបូរណ៍ ធ្វើសេចក្តីថ្លែងការណ៍នយោបាយច្រើននោះទេ។
ប៉ុន្តែតាមពិត តាំងពីឆ្នាំ២០០៨ មក លោក ជា ច័ន្ទបរិបូរណ៍ ដែលសព្វថ្ងៃជារដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្លាប់បានសរសេរបទភ្លេងថ្មីមួយ អំពាវនាវមិនឲ្យខ្មែរប្រកាន់បក្សពួក ស្តាប់បញ្ជាបរទេស និងឈ្លោះប្រកែកក្នុងចំណោមខ្មែរគ្នាឯង។ បទចម្រៀងនោះមានចំណងជើងថា «បណ្តាំថ្មកេរ» ដែលមិនសូវមានមនុស្សចាប់អារម្មណ៍ ឬស្គាល់ឡើយ។ ហើយវាក៏ទំនងជានៅឆ្ងាយពីត្រចៀករបស់អ្នកនយោបាយទៅទៀតផង។
លោក ជា ច័ន្ទបរិបូរណ៍ បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«ខ្ញុំឃើញអ្នកនយោបាយខ្មែរយើងឈ្លោះគ្នាពេក នៅក្រោយពេលបោះឆ្នោតម្តងៗ ។ អ៊ីចឹងហើយខ្ញុំមិនដឹងនិយាយយ៉ាងម៉េច ខ្ញុំក៏ធ្វើជាបទភ្លេង។ ចំណងជើងដែលខ្ញុំដាក់ថា បណ្តាំថ្មកេរ នេះ គឺបានន័យថា ជាបណ្តាំរបស់ដូនតាខ្មែរ»។
«បណ្តាំថ្មកេរ» មិនមែនជាចម្រៀងន័យនយោបាយតែមួយរបស់លោក ជា ច័ន្ទបរិបូរណ៍ឡើយ។ «រដ្ឋមនុញ្ញឆ្នាំ១៩៩៣» បន្ទាប់មក «កម្ពុជា និងរាជានិយម» ជាដើម គឺជាស្នាដៃបទភ្លេងផ្សេងទៀត ដែលមានបង្កប់ទស្សនៈ ឬមតិ ឬការយល់ឃើញរបស់លោកបណ្ឌិតតន្ត្រី ជា ច័ន្ទបរិបូរណ៍៕
ខាងក្រោមនេះគឺជាចម្រៀងបទ «បណ្តាំថ្មកេរ» របស់លោក ជា ច័ន្ទបរិបូរណ៍៖
https://www.youtube.com/watch?v=euT7OSpShDM
© រក្សាសិទ្ធិដោយ thmeythmey.com