អន្តរជាតិ
នយោបាយអន្តរជាតិ
ឥណ្ឌា-អាមេរិក៖ នយោបាយមិនចូលបក្សសម្ព័ន្ធនៅជារឿងអាទិភាពសម្រាប់ឥណ្ឌា
× ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារបស់លោក ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ត្រូវបញ្ចាប់នៅថ្ងៃអង្គារនេះ ប្រកបដោយផ្លែផ្កាច្រើនជាពិសេសពង្រឹងចំណងទំនាក់ទំនងទ្វេភាគី។ ចំណងការទូតស្អិតល្មួតរវាងរដ្ឋមហាយក្សប្រជាធិបតេយ្យទាំងពីរទាំងផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចនោះកំពុងធ្វើអោយមហាអំណាចចិនព្រួយបារម្ភ ជាពិសេសការសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលរួមរវាងឥណ្ឌានិងអាមេរិក។
ចិនមិនសប្បាយចិត្តដោយឃើញចំណងមិត្តភាពឥណ្ឌានិងអាមេរិកកាន់តែប្រសើរឡើយ ព្រោះចិនមិនត្រឹមជាប្រទេសជិតខាងរបស់ឥណ្ឌាទេ តែវាក៏ជាសត្រូវឥណ្ឌាផងព្រោះឥណ្ឌា-ចិនកំពុងមានជម្លោះព្រំដែនរួមគ្នានិងធ្លាប់ប្រយុទ្ធគ្នាផងកាលឆ្នាំ ១៩៦២ ។ ឆ្លើយតបការពង្រឹងទំនាក់ទំនងរវាងឥណ្ឌានិង អាមេរិក ស្រាប់តែគេឃើញរដ្ឋាភិបាលក្រុងប៉េកាំងចាប់ផ្តើមពង្រឹងការសហការជាមួយសត្រូវឥណ្ឌាគឺប៉ាគីស្ថាន ក្រោមលែសដើម្បីប្រឆាំងភេរវកម្មថែមទៀតផង។ យ៉ាងណាក៏ដោយទំនាក់ទំនងរវាងឥណ្ឌានិងអាមេរិកកាន់តែខិតជិតគ្នាប្រហែលមិនមានន័យថាឥណ្ឌាដើរឆ្ងាយចេញពីគោលនយោបាយមិនចូលបក្សសម្ព័ន្ធនិងអព្យាក្រឹត្យរបស់ខ្លួនឡើយ ប៉ុន្តែឥណ្ឌាចង់បានប្រយោជន៍ពីទំនាក់ទំនងជាមួយមហាអំណាចអាមេរិក ហើយឥណ្ឌានិងអាមេរិកមិនចង់ឃើញឥទ្ធិពលរបស់ចិនគ្រប់ដណ្តប់តំបន់អាស៊ីទាំងមូលឡើយ។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ ទាក់ទិនបញ្ហានេះ
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទៅកាន់សាធាររដ្ឋឥណ្ឌាជាលើកទី២ ក្នុងតំណែងជាប្រធានាធិបតីអាមេរិកបានក្លាយជាព្រឹត្តការណ៍សំខាន់មួយដែលទាក់ទាញការចាប់អារម្មណ៍ពិភពលោកទាំងមូល។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រមុខរដ្ឋអាមេរិកបានស្តែងអោយឃើញថាចំណងមិត្តភាពប្រទេសទាំងពីរដើរដល់ចំណុចប្រសើរបំផុតមួយដែលមិនធ្លាប់មានពីមុនឡើយ។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមានការវិវត្តន៍ទៅមុខស្ទើរគ្រប់វិស័យជាពិសេសវិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ ក្នុងដំណើរទៅកាន់ប្រទេសឥណ្ឌានេះដែរ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានក្លាយជាប្រធានាធិបតីអាមេរិកតែម្នាក់ប៉ុណ្ណោះត្រូវបានរដ្ឋាភិបាលក្រុងញូដេលី អញ្ជើញចូលរួមក្នុងថ្ងៃខួបនៃការអនុម័តរដ្ឋធម្មនុញ្ញធម្មនុញ្ញឥណ្ឌាបង្កើតសាធារណរដ្ឋឥណ្ឌាក្រោយបានឯករាជ្យពីម្ចាស់អាណានិគមអង់គ្លេសផង។
ប្រធានាធិបតីអាមេរិកមិនសូវរីករាយដោយសព្វាវុធនៅឥណ្ឌាជារបស់រុស្ស៊ី
កាលពីថ្ងៃអាទិត្យមេដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាសហការនិងពង្រឹងទំនាក់ទំនងយោធាជាមួយគ្នា ដោយភាគីទាំងពីរគ្រោងនឹងផលិតសព្វាវុធមួយចំនួនរួមគ្នាផងដែរ ដោយឥណ្ឌាពឹងផ្អែកលើការនាំចូលសព្វាវុធពីក្រៅអស់រាប់ឆ្នាំមកហើយ។ ប៉ុន្តែអ្វីដែលគួរភ្ងាក់ផ្អើល ព្យុះហយាត្រាយោធាកាលពីម្សិលមិញនៅឥណ្ឌា គេឃើញសព្វាវុធភាគច្រើនដែលបង្ហាញអោយអ្នកចូលរួមទស្សនាជាសព្វាវុធរបស់រុស្ស៊ី។ គេឃើញមានរថក្រោះរុស្ស៊ី T-90 រត់លើថ្នល់ ខណៈពេលយន្តហោះចម្បាំងប្រភេទ Mig-29 និង Sukhoi Su-30MKI របស់រុស្ស៊ីជាច្រើនគ្រឿងហោះបង្អួតភ្ងៀវកិត្តិយសដែលចូលរួមផង ក្នុងចំណោមមេដឹកនាំនោះក៏មានលោក អូបាម៉ាម្នាក់ផងដែរ។ គេមើលឃើញថា លោកអូបាម៉ា ប្រហែលជាមិនសូវរីករាយប៉ុន្មានទេនៅពេលដែលសព្វាវុធប្រើប្រាស់ដោយកងទ័ពឥណ្ឌាជាសព្វាវុធនាំចូលពីរុស្ស៊ី ប៉ុន្តែវាគ្មានអ្វីចម្លែកទេ ព្រោះទំនាក់ទំនងវិស័យការពារជាតិរវាងឥណ្ឌានិងរុស្ស៊ីកើតមានឡើងយូរអង្វែងមកហើយ ហើយឥណ្ឌាជាទីផ្សារសព្វាវុធដ៏ធំរបស់រុស្ស៊ីតាំងពីយូរយារមកហើយ។
ចំណងស្អិតល្មួត និងកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងឥណ្ឌា-អាមេរិកធ្វើអោយមហាយក្សចិនមិនសប្បាយចិត្ត
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងញូដែលីបានឯកភាពគ្នាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលជាប់គាំងអស់ពេលជាច្រើនឆ្នាំ ហើយអាមេរិកនឹងក្លាយជាប្រទេសជួយផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់ផលិតថាមពលនុយក្លេអ៊ែរស៊ីរីលឥណ្ឌា។ ក្រៅពីនេះអាមេរិកប្រកាសជួយជ្រោមជ្រែងឥណ្ឌាដើម្បីក្លាយជាសមាជិកក្រុមប្រទេសផ្គត់ផ្គង់និងគ្រប់គ្រងបច្ចេកវិទ្យានុយក្លេអ៊ែរដែលបច្ចុប្បន្នមានសមាជិក ៤៨ប្រទេស។ ប៉ុន្តែដំណឹងនេះពិតជាធ្វើអោយរដ្ឋាភិបាលក្រុងប៉េកាំងមិនសូវសប្បាយចិត្តឡើយ ។
កាលពីម្សិលមិញនេះរដ្ឋាភិបាលចិនបានបង្ហាញជំហរគាំទ្រឥណ្ឌាទាំងទើសទាល់ ដោយលើកឡើងថាខ្លួនគាំទ្រសមាជិកភាពរបស់ឥណ្ឌាប៉ុន្តែស្នើសុំអោយក្រុមប្រទេសទាំងនោះពិភាក្សានិងសម្រេចជាឯកច្ឆ័នលើបញ្ហានេះជាមុនសិន។ ឥណ្ឌានិង ចិន បើនិយាយទៅអាចជាមិត្តភូមិផងរបងជាមួយផង និងជាសត្រូវជាមួយគ្នាផង ព្រោះប្រទេសទាំងពីរមានជម្លោះដែនដីជាមួយគ្នានៅតំបន់កាស្មៀរមិនទាន់ដោះស្រាយចេញឡើយ ហើយម្យ៉ាងកាលពីឆ្នាំ ១៩៦២ ភាគីទាំងពីរបានឈានដល់ការធ្វើសង្គ្រាមជាមួយគ្នាមួយប្រ៉ាវទៀត។
ក្នុងក្រសែភ្នែកក្រុងប៉េកាំង ការរីកធំធាត់នៃមហាយក្សអាស៊ីខាងត្បូង និងការពង្រឹងចំណងមិត្តភាពជាពិសេសសហប្រតិបត្តិការយោធារវាងមហាអំណាចប្រជាធិបតេយ្យ អាមេរិកនិងឥណ្ឌា សុទ្ធតែជាគ្រោះថា្នក់សម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅតំបន់អាស៊ី។ ទាំងអាមេរិក និងឥណ្ឌា មិនប្រាថា្នចង់ឃើញចិនពង្រីកឥទ្ធិពលរបស់ខ្លួន និងកាន់កាប់ឬគ្រប់គ្រងបញ្ហាសន្តិសុខនៅក្នុងតំបន់អាស៊ីទាំងមូលឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនរំពឹងថា ឥណ្ឌានឹងបោះបង់ចោលគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធដែលខ្លួនធ្លាប់អនុវត្តរាប់ទសវត្សមកហើយ ដោយស្រវ៉ាចាប់អាមេរិកដើម្បីប្រឆាំងសត្រូវក្បែរខាងឡើយ ឥណ្ឌាគ្រាន់តែចង់មានមិត្ត និងអាចទទួលប្រយោជន៍ពីការបង្កើតចំណងមិត្តភាពតែប៉ុណ្ណោះ។
ចិនងាករកសត្រូវឥណ្ឌា ប៉ាគីស្ថាន ឆ្លើយតបទំនាក់ទំនងពិសេសរវាងអាមេរិកនិងឥណ្ឌា
ស្របពេលដែលប្រធានាធិបតីអាមេរិកកំពុងស្ថិតក្នុងប្រទេសឥណ្ឌា រដ្ឋាភិបាលក្រុងប៉េកាំងក៏កំពុងទទូលស្វាគមន៍ប្រមុខកងទ័ពប៉ាគីស្ថាន Raheel Sharif ដូចគ្នាដែរ។ ដំណើរប្រមុខកងទ័ពប៉ាគីស្ថានទៅកាន់ប្រទេសចិន មិនមែនជារឿងសាមញ្ញប៉ុន្មានទេ បើទោះជាប៉ាគីស្ថាននិងចិនធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាក៏ដោយ។ តាមពិតទៅប៉ាគីស្ថានជាសត្រូវរបស់ឥណ្ឌា តាំងពីប្រទេសនេះប្រកាសឯករាជ្យផ្តាច់ចេញពីឥណ្ឌាកាលពីឆ្នាំ ១៩៤៧មកម្ល៉េះ។
ទាក់ទិនការពិភាក្សាគ្នារវាងមេដឹកនាំចិននិងប៉ាគីស្ថានដែលជាមហាអំណាចនុយក្លេអ៊ែរអាស៊ីខាងត្បូងមួយដែរនោះ ត្រូវបានគេលួចបង្ហើបថាជាការពិភាក្សាលើការប្រឆាំងក្រុមភេរវជនប៉ុណ្ណោះមិនមានទាក់ទិនអី្វនឹងការពង្រឹងចំណងទំនាក់ទំនងអាមេរិកនិងឥណ្ឌាឡើយ។ ប៉ាគីស្ថានស្វែងរកការគាំទ្រពីរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវជនតាលីបង់ និងក្រុមឧទ្ទាមផ្សេងទៀតតែប៉ុណ្ណោះ ព្រោះប៉ាគីស្ថានរងគ្រោះដោយសារការកើនឡើងនៃការវាយប្រហាររបស់ក្រុមភេរវជនច្រើនលើកច្រើនសារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com