ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថា​​ន​ភា​ព​​​ន​យោ​បា​យ​ ​ប​ញ្ហា​​ច្បា​ប់​ ​នៅ​​​ក​ម្ពុ​ជា​ ​កំ​ពុ​ង​​ស្ថិ​ត​ក្នុ​ង​​ក្រ​សែ​ភ្នែ​ក​​​វិ​និ​យោ​គិ​ន​ធំ​ៗ​អា​មេ​​រិ​ក​
27, Jan 2015 , 3:53 pm        
រូបភាព
ដោយ:
ក្រុម​អ្នកវិនិយោគធំៗរបស់​អាមេរិក កំពុង​ពិនិត្យមើល​ស្ថានភាព​នយោបាយ និង​បញ្ហា​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា មុននឹង​ពួកគេ​សម្រេចចិត្ត​ធ្វើ​វិនិយោគ​នៅក្នុង​ប្រទេស​នេះ។  នេះ​បើតាម​ប្រសាសន៍​របស់​រដ្ឋលេខាធិកា​រ​ក្រសួងការបរទេស​កម្ពុ​ជា លោក​អ៊ុច បូរ​រិ​ទ្ធិ ក្រោយពី​ជួបពិភាក្សា​ជាមួយ​លោក​Daniel Russel ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទ​ទួល​បន្ទុក​កិច្ចកា​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅ​ទីស្តីការ​ក្រសួងការបរទេស​នៅ​ថ្ងៃ​អង្គារ​នេះ។



ស្ថានភាព​នយោបាយ ស្ថេរភាព​សង្គម និង​បញ្ហា​ផ្លូវច្បាប់​នៅ​កម្ពុជា កំពុងស្ថិត​នៅក្នុង​ក្រសែភ្នែក​របស់​វិនិយោគិនធំៗរបស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី ១ ពិភពលោក ដើម្បី​ថ្លឹងថ្លែង ពិចារណា មុននឹង​ពួកគេ​សម្រេចចិត្ត​បោះ​លុយ​មក​វិនិយោគ​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ។ បន្ទាប់ពី​ជួប​ជាមួយ​លោក Daniel Russel ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទ​ទួល​បន្ទុក​កិច្ចកា​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅ​ព្រឹក​មិញ​នេះ លោក អ៊ុច បូរ​រិ​ទ្ធិ រដ្ឋលេខា​ក្រសួងមហាផ្ទៃ បាន​ស្រង់​សម្តី​លោក Daniel Russel ប្រាប់​អ្នកកាសែត​ថា រដ្ឋាភិបាល​អាមេរិក​មានបំណង ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពា​ណិ​ជ្ជក​ម្ម និង​វិនិយោគ បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​ថា អ្នកវិនិយោគ​របស់​អា​មេ​រិ​ក កំពុង​សម្លឹងមើល​មក​កម្ពុជា​យ៉ាង​យកចិត្តទុកដាក់។

លោក​រដ្ឋលេខា​បញ្ជាក់​ដូច្នេះ​ថា៖ «ក្រុមហ៊ុន​វិនិយោគធំៗអាមេរិក​កំពុង​ពិនិត្យ និង​ក្រឡេកមើល​មក​កម្ពុជា​យើង ពីព្រោះ​ការផ្លាស់ប្តូ​រពា​ណិ​ជ្ចក​ម្ម និង​សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​អាមេរិក នៅមានកម្រិត​តិច​នៅឡើយបច្ចុប្បន្ន ​។ លោក​ថា ដើម្បី​ធ្វើ​បញ្ហា​នេះ​បាន សំខាន់​គឺ​បញ្ហា​ស្ថានភាព​នយោបាយ​កម្ពុជា និង​ស្ថេរភាព​ក្នុងការ​អនុវត្ត​វិនិយោគទុន​ក្រុមហ៊ុនធំៗអាមេរិក​នៅ​កម្ពុជា។ ទន្ទឹមនឹងនេះ បញ្ហា​ទំនុកចិត្ត ដែល​សំខាន់​លើ​បញ្ហា​ច្បាប់ ក្នុងការ​ការពារ​វិនិយោគ​ទាំងនោះ​តែម្តង» ។

លោក អ៊ុច បូរ​រិ​ទ្ធិ បាន​បន្ត​ស្រង់​សម្តី​ឧបការី​រូបនោះ​ទៀតថា នៅពេលដែល​ក្រុមហ៊ុន​អាមេរិកធំៗមក​វិនិយោគ​នៅ​កម្ពុជា មិនមែន​មក​ត្រឹមតែ​វិនិយោគ​ដើម្បី​ចំណេញ​តែ​ម្យ៉ាង​នោះទេ តែ​ក្រុមហ៊ុន​ទាំងនោះ​មាន​ទិសដៅ​សំខាន់ ចង់​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា។ ជាងនេះទៅទៀត ក្រុមហ៊ុន​អាមេរិក ក៏​នឹង​នាំមក​នូវ បច្ចេកវិទ្យាទំនើបៗ ដើម្បី​បង្ហា​ត់ដល់​បុគ្គលិក​កម្ពុជា​ផងដែរ។

ដោយឡែក​ក្រៅ​ពី​បញ្ហា​វិនិយោគ​ ​នៅ​ក្នុង​ជំនួប​នោះ​ភាគី​កម្ពុជា​ និង​អាមេរិក​ ក៏បាន​​ពិភាក្សា​ទៅលើ​បញ្ហា​អប់រំ​ ជាពិសេស​គឺ​បញ្ហា​អាហារូបករណ៍​តែម្តង​។ ​លោក ​អ៊ុច ​បូររិទ្ធិ ក៏បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​អាមេរិក​ផ្តល់​អាហារូបករណ៍​បន្ថែមទៀត​ដល់​និស្សិត​កម្ពុជា​ផងដែរ​។

ជាងនេះ​ទៅ​ទៀត​ បញ្ហា​អ្នក​ភូមិបឹង​កក់​ និង​ការ​ចាប់​ខ្លួន​សកម្មជន​បក្សប្រឆាំង​ផងនោះ​ ក៏លោក ​Daniel Russel ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទ​ទួល​បន្ទុក​កិច្ចកា​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លើក​មក​​ជជែក​ជាមួយ​លោក​ អ៊ុច ​បូររិទ្ធិ ដែរ ។ លោក​ អ៊ុច ​បូររិទ្ធិ​ បាន​ថ្លែង​ការ​ពារ​ខ្លួនប្រាប់ឧបការីរូបនោះថា រដ្ឋាភិបាលកម្ពុជា​​ធ្វើអ្វី​ទៅ​តាម​ច្បាប់​តែប៉ុណ្ណោះ​ ហើយ​ការធ្វើបាតុកម្ម​របស់​អ្នក​ភូមិ​បឹង​កក់ និង​បក្សប្រឆាំង​កន្លង​មក​ ​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់សណ្តាប់​ធ្នាប់​សាធារណៈ​ ជាពិសេសគឺ​បញ្ហាចរាចរណ៍តែម្តង៕




© រក្សាសិទ្ធិដោយ thmeythmey.com