អន្តរជាតិ
នយោបាយអន្តរជាតិ
ក្រុមរដ្ឋឥស្លាមបរាជ័យធ្ងន់ធ្ងរ បាត់បង់ទីក្រុងយុទ្ធសាស្ត្រកូបានទៅកងកម្លាំងឃឺត
×
កងកម្លាំងឃឺតបានទទួលជោគជ័យក្នុងការប្រយុទ្ធដណ្តើមទឹកដីនៃខេត្តDiyalaដែលកាន់កាប់ដោយក្រុមភេរវជនរដ្ឋឥស្លាមកាលពីម្សិលមិញនេះ។ ទម្រាំយកជ័យជំនះដណ្តើមក្រុមកងម្លាំងឃឺតចំណាយពេលប្រមាណ ៤ខែប្រយុទ្ធតទល់ជាមួយក្រុមភេរវជន ហើយគេប៉ាន់ស្មានថាចំនួនមនុស្សស្លាប់ក្នុងសមរភូមិមានរហូតដល់ជិត២ពាន់ឯណោះ។ សហរដ្ឋអាមេរិកបានប្រកាសអបអរសាទរចំពោះជ័យជម្នះនេះនេះផងដែរ។
លោក មុំ ពិទួរ្យ លម្អិតព័ត៌មាននេះ
ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិកបានប្រកាសអបអរសាទរកងម្លាំងឃឺតដែលបានយកជ័យជម្នះក្នុងការប្រយុទ្ធជាមួយក្រុមភេរវជនរដ្ឋឥស្លាមនៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ហើយកាលពីម្សិលមិញនេះតំបន់ដែលធ្លាប់កាន់កាប់ដោយក្រុមរដ្ឋឥស្លាមត្រូវបានគេដោតទង់ជ័យរបស់ក្រុមកម្លាំងឃឺត។
កាលពីម្សិលមិញកងកម្លាំងឃឺតបានវាយដណ្តើមយកតំបន់ កូបាន ហើយបានបង្ហូតទង់ជ័យរបស់ពួកគេឡើងដើម្បីបញ្ជាក់ពីជ័យជម្នះក្នុងការប្រយុទ្ធនេះ។
នៅក្នុងប្រទេសស៊ីរី កងទ័ពឃឺតបានវាយបណ្តេញក្រុមភេរវជនរដ្ឋឥស្លាមចេញពីទីក្រុងកូបាន រហូតដល់ព្រំប្រទល់ប្រទេសតួកគី ចំណែកនៅក្នុងប្រទេសអ៊ីរ៉ាក់ឯណោះវិញកងកម្លាំងពួកគេបានចាប់ផ្តើមរំដោះបានខេត្ត Diyalaពីក្រុមភេរវជនរដ្ឋឥស្លាមរួចហើយ។
ជ័យជម្នះនេះត្រូវបានគេចាត់ទុកថាជាជ័យជម្នះយ៉ាងធំធេងបំផុតមួយ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមឃឺតបានចំណាយពេលប្រមាណ ៤ខែដើម្បីប្រយុទ្ធជាមួយក្រុមភេរវជនរដ្ឋឥស្លាមក្នុងសមរភូមិខាងលើ ហើយមនុស្សស្លាប់ក្នុងសមរភូមិនេះមានរហូតដល់ជិត ២ពាន់នាក់ឯណោះ។ បើតាមការអោយដឹងពីសំណាក់ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សស៊ីរី អង្គភាពការពារប្រជាជនឃឺតពិតជាបានវាយបណ្តេញក្រុមភេរវជនរដ្ឋឥស្លាមចេញពីក្រុងកូបានពិតមែន ហើយពេលនេះកងម្លាំងទាំងនោះក៏បានកាន់កាប់និងគ្រប់គ្រងទីក្រុងទាំងស្រុងផងដែរ។
ស្ថាប័នខាងលើបានបន្តទៀតថា កងកម្លាំងខ្លះកំពុងបន្តល្បាតនៅភាគខាងកើតខេត្តកូបាន ប៉ុន្តែជារួមមិនមានការប្រយុទ្ធគ្នាបន្តទៀតឡើយ។ ដោយឡែកខាងទីបញ្ជាការយោធាអាមេរិកបានថ្លែងថា ក្រុមឃឺតបានដណ្តើមទីក្រុងរហូតដល់៩០ភាគរយហើយនាបច្ចុប្បន្ននេះ ។
ចំណែកអ្នកនាំពាក្យអង្គភាពការពារប្រជាជនឃឹតលោក Polat Jan បានហៅ ការសាទរចំពោះជ័យជម្នះនេះថា ជាជ័យជម្នះរបស់កងកម្លាំងឃឺត និងជ័យជម្នះរបស់មនុស្សជាតិ ហើយវាក៏ជាជ័យជម្នះធំធេងដែរ ដែលទីក្រុងកូបានត្រូវបានរំដោះចេញពីកណ្តាប់ដៃក្រុមភេរវជនដ៏ព្រៃផ្សៃនេះ។ យ៉ាងណាក៏ដោយមន្ត្រីមន្ទីរប៉ង់តាហ្កូនបានបញ្ជាក់ថា មុននឹងឈានដល់វាយផ្តាច់ដណ្តើមកាន់កាប់ទីក្រុងខាងលើ កងម្លាំងសម្ព័ន្ធអន្តរជាតិបានបើកការវាយប្រហារចំនួន ១៧លើកក្នុងរយៈពេល ២៤ម៉ោង ដោយគោលដៅនៃការវាយប្រហារគឺសម្ភារៈ និងសព្វាវុធរបស់ក្រុមភេរវជនរដ្ឋឥស្លាម។
ការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ក្រុមរដ្ឋឥស្លាមដោយបាត់បង់ទីក្រុងកូបាននេះ ជារឿងសំខាន់មួយសម្រាប់សហគន៍អន្តរជាតិ ហើយតាំងពីក្រុមនេះចាប់ផ្តើមប្រយុទ្ធដណ្តើមបានទីក្រុងកាលពីខែកញ្ញាឆ្នាំមុន ក្រុមនេះបានបាត់បង់សមាជិកសរុប ១១៩៦នាក់ហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com