ជាតិ
សង្គមជាតិ
តំបន់អង្គរបើកសវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថានជាថ្មីដោយស្ថាប័នJQA
× សៀមរាប៖ នៅថ្ងៃទី២៦ ខែមករា ម្សិលមិញ ស្ថាប័នJQA របស់ប្រទេសជប៉ុន បានប្រកាសបើកសវនកម្មវាយតម្លៃសាជាថ្មី លើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា ដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។
ការប្រកាសបើកការចុះវាយតម្លៃជាថ្មីលើប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងឧទ្យានជាតិអង្គរនៅពេលនេះ ដើម្បីឲ្យជឿជាក់ថា តើប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់នេះ នៅរក្សាប្រសិទ្ធិភាពរបស់ខ្លួនជាស្ថិតស្ថេរ ដែរឫយ៉ាងណា។ នេះជាលើកទី៤ហើយ ដែលស្ថាប័នរបស់ប្រទេសជប៉ុន ឈ្មោះថា JQA បានចុះមកត្រួតពិនិត្យ និងវាយតម្លៃកម្រិតគ្រប់គ្រងបរិស្ថាន។ កាលពីឆ្នាំ២០០៦ អាជ្ញាធរអប្សរា បានទទួលវិញ្ញាបនបត្រដំបូងកម្រិត ISO 14001 ដែលផ្តល់ដោយស្ថាប័ន JQA។ ហើយនៅឆ្នាំនេះសោត អាជ្ញាធរអប្សរា រំពឹងថា JQA នឹងផ្តល់ជូនវិញ្ញាបនបត្រដូចគ្នាទៅនឹងរយៈពេលមុនៗ ដែលខ្លួនចុះត្រួតពិនិត្យដូច្នោះដែរ។
លោក ឈរ ថាណាត អគ្គនាយករង និងជាតំណាងគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរអប្សរា លើកឡើងថា នេះជាការត្រួតពិនិត្យរយៈពេល៣ឆ្នាំម្តងរបស់ស្ថាប័នJQA មកលើតំបន់អង្គរ។ លោក ថាណាតបន្ថែមថា ការធ្វើសវនកម្មនេះ នឹងមានរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីវាយតម្លៃលើការងារគ្រប់ផ្នែក គ្រប់នាយកដ្ឋាន របស់អាជ្ញាធរអប្សរាទាំងមូល។
គួររំលឹកថា JQA គឺជាស្ថាប័នឯកទេស ក្នុងការផ្តល់សេវាចុះឈ្មោះសម្រាប់ប្រព័ន្ធគ្រប់គ្រង ក៏ដូចជា ការធ្វើតេ្តសសុវត្ថិភាព និងផ្តល់វិញ្ញាបនបត្រ ដែលទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ JQA បង្កើតឡើងក្នុងឆ្នាំ១៩៥៧ ដែលស្ថិតក្រោមការត្រួតពិនិត្យនៃច្បាប់នាំចេញរបស់ប្រទេសជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com