ជាតិ
បទវិភាគ
គណបក្ស​ប្រជាជន​​ត្រូវការ​​បញ្ចូល​​ឈាម​​ថ្មី!
29, Jan 2015 , 9:55 pm        
រូបភាព
ដោយ:
គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សម្បូរ​ដោយ​មន្ត្រី​វ័យ​ចំណាស់​នោះ​មាន​គម្រោង​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​ជាង ១០០ នាក់​ទៀត​បន្ថែម​លើ​សមាជិក​ជាង ២៦០ នាក់​ដែលមាន​ស្រាប់។ ក្នុងចំណោម​នោះ​យុវជន​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុង​ក្រុម​ដឹកនាំ​កំពូល​របស់​គណបក្ស។ ការបោះឆ្នោត​បំពេញ​បន្ថែមនឹង​ធ្វើឡើង​នៅក្នុង​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​ដែល​បើក​ធ្វើ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ៣០មករា​តទៅ។



មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ពេលនេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​ណាស់​សម្រាប់​អនាគត​គណបក្ស។ ក្នុងចំណោម​កំណែទម្រង់​ស៊ីជម្រៅ​ជាច្រើន គណបក្សកាន់អំណាច​ដ៏​ចំណាស់​នេះ​មាន​គម្រោង​បោះឆ្នោត​ជ្រើសរើស​ក្រុមយុវជន​បញ្ចូល​ទៅក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស។ តាម​គម្រោង​គណបក្ស​នេះ​គ្រោង​ជ្រើសរើស​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ថ្មី​ជាង ១០០ នាក់​ទៀត​ក្នុងនោះ​ភាគច្រើន​ជា​យុវជន​ដែលជា​ឈាម​ថ្មី​របស់​គណបក្ស។

ជាការ​ពិតណាស់ តួនាទី​យុវជន​បាន​ស្តែងឡើង​កាន់តែ​សំខាន់​ក្នុង​ឆាកនយោបាយ​ជាពិសេស​ចាប់តាំងពី​ការបោះឆ្នោត​សភា​លើកចុងក្រោយ​កាលពី​ថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣ មក។ យុវជន​ដែល​កាលពីមុន​មិនសូវ​អើពើ​សោះនឹង​រឿង​នយោបាយ​ស្រាប់តែ​បានបង្ហាញ​ភាព​សកម្ម​យ៉ាងខ្លាំង​ក្នុង​ឆាកនយោបាយ។ ដោយ​មើលឃើញ​សន្ទុះ​នេះហើយ​បានជា​ទាំង​គណបក្សកាន់អំណាច ទាំង​បក្សប្រឆាំង​សុទ្ធតែ​បាន​បញ្ចេញ​ក្រុមយុវជន​និង​បាន​កសាង​បណ្តាញ​យុវជនរៀងៗខ្លួន។

បន្ទាប់ពី​ការបោះឆ្នោត​អាណត្តិ​ទី៥នេះ មាន​បេក្ខជន​យុវជន​មួយចំនួន​បាន​ក្លាយជា​តំណាងរាស្ត្រ ជា​រដ្ឋមន្ត្រី ឬ​ជាម​ន្ត្រីសំខាន់ៗផ្សេងទៀត។ សុភាសិត​បុរាណ​ខ្មែរ​បាន​ពោលថា«ខ្ញី​ចាស់​កាន់តែ​ហិ​រ» មានន័យថា មនុស្ស​កាន់តែ​ចាស់​កាន់​តែមាន​បទពិសោធ​ប្រកបដោយ​ភាពចាស់ទុំ​ដែល​ឆាកនយោបាយ​ត្រូវការ​ជា​ចាំបាច់។ ប៉ុន្តែ វ័យ​ចំណាស់​ខ្លាំងពេក​ក៏​មិនអាច​ឲ្យ​ពួកគេ​បំពេញ​តួនាទី​របស់ខ្លួន​បានល្អ​ដែរ។

ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​នៅ​លោកខាងលិច ទន្ទឹមនឹង​សមត្ថភាព គេ​ក៏​ផ្តល់​តម្លៃ​យ៉ាងខ្លាំង​ដល់​សុខភាព​និង​ថាមពល​របស់​តួអង្គ​នយោបាយ​ដែរ​ពីព្រោះ​ភាព​ទ្រុឌទ្រោម​នៃ​សុខភាព និង​រាងកាយ​មិនអាច​ឲ្យ​ពួកគេ​បំពេញ​តួនាទី​របស់ខ្លួន​បាន​ពេញលេញ​ឡើយ។ ក្នុង​បរិបទ​នេះ អ្នកនយោបាយ ឬ​មន្ត្រី​មុខងារសាធារណៈ​ដែលមាន​វ័យ​ចំណាស់​ខ្លាំង​តែង​ប្រញាប់​លាឈប់​ពីមុខ​នាទី​ដើម្បី​ទុក​ឲ្យ​អ្នក​ដែលមាន​កម្លាំង​ពលំ​មាំមួន​បន្តវេន​ម្តង។

ប៉ុន្តែ នៅ​កម្ពុជា អ្នក​ដែលមាន​តួនាទី​ទោះជា​ក្នុង​មុខងារសាធារណៈ​ក្តី ឫ​មុខងារ​នយោបាយ​ក្តី ច្រើនតែ​ព្យាយាម​ពន្យារ​អាយុ​ធ្វើការ​តាម​គ្រប់​រូបភាព​ដែល​អាចធ្វើ​ទៅបាន​បើទោះបីជា​ខ្លួន​មាន​វ័យ​ចាស់ជរា និង​សុខភាព​មិនសូវ​មាំទាំ​ក៏ដោយ។ វត្តមាន​របស់​មន្ត្រី​វ័យ​ចំណាស់​ជាច្រើន​នៅក្នុង​ស្ថាប័ន​ជាតិកំពូលៗ គឺជា​ឧទាហរណ៍​ស្រាប់។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ត្រូវគេ​មើលឃើញថា សម្បូរ​ដោយ​មន្ត្រី​ដែលមាន​វ័យ​ចំណាស់​ច្រើនជាងគេ។ មន្ត្រី​ខ្លះ​ចាស់​រហូត​ធ្វើការ​លែងកើត​ទៅហើយ​ក៏​មិន​ព្រម​ឈប់។

យ៉ាងណាក៏ដោយ ឥឡូវនេះ ដំណាក់កាល​នៃ​ការបន្ត​វេន​បាន​ឈាន​មកដល់​ហើយ​ពោលគឺ​តួនាទី​យុវជន​ត្រូវបាន​គណបក្សនីមួយៗលើក​មក​និយាយ។ ប៉ុន្តែ អ្នក​ដែល​ចេញមុខ​បន្តវេន​មុនគេ​គឺជា​យុវជន​ដែល​ចេញពី​ក្រុមគ្រួសារ​មន្ត្រីជាន់ខ្ពស់។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា នយោបាយ«ទំពាំង​ស្នង​ឫស្សី»កំពុង​ប្រព្រឹត្ត​ទៅដោយ​ចង្អៀត​និង​ប្រយ័ត្នប្រយែង​នៅឡើយ​ជាពិសេស​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រយ័ត្ន​ពីព្រោះថា ការតភ្ជាប់​ជំនាន់​មនុស្ស​ពី​វ័យ​ចំណាស់​ទៅ​យុវជន​គឺជា​បញ្ហា​ធំធេង​មួយ​សម្រាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

ជាក់ស្តែង បន្ទាប់ពី​មន្ត្រី​វ័យក្មេង​មួយចំនួន​មាន​វត្តមាន​ក្នុង​ក្រសួង​នានា​មក ការប្រែប្រួល​បានកើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់។  ប៉ុន្តែ ពួកគេ​បាន​ពើបប្រទះ​នឹង​ឧបសគ្គ​ដោយសារតែ​ផ្នត់គំនិត​អភិរក្ស​ហួស​សម័យ​របស់​មន្ត្រី​វ័យ​ចំណាស់​មួយចំនួន។ ការប៉ះទង្គិច​គ្នា​ក៏បាន​កើតឡើង​មិន​ស្ទើរ​ដែរ។ បញ្ហា​នេះ​អាច​បញ្ជាក់បាន​ពី​ការប្រយ័ត្នប្រយែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បញ្ចូល​ឈាម​ថ្មី​ទៅក្នុង​បក្ស។

ប៉ុន្តែ ការវិវឌ្ឍ​នយោបាយ​ចុងក្រោយ​នេះ បង្ហាញថា យុទ្ធសាស្ត្រ​របស់​មន្ត្រី​វ័យ​ចំណាស់​ដើរ​លែង​ទៀត​សភាពការណ៍​ទៀតហើយ។ ដូច្នេះ វា​ច្បាស់​ណាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​បញ្ចូល​ឈាម​ថ្មី​ដែលជា​យុវជន ហើយ​មន្ត្រី​វ័យ​ចំណាស់​គួរតែ​ទុក​ឱកាស​ឲ្យ​យុវជន​ធ្វើការ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន។

យ៉ាង​ក៏ដោយ យុវជន​គួរតែ​ដើ​តួនាទី​ក្នុងនាម​ជា​អ្នកធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រកបដោយ​វិជ្ជមាន​ពោលគឺ​ការផ្លាស់ប្តូរ​សង្គម​ទៅរក​ភាពជឿនលឿន​ជាង​សម័យកាល​នៃ​ឪពុកម្តាយ​របស់ខ្លួន។ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវការ​កម្លាំង​យុវជន​ជា​ចាំបាច់។ ដល់ពេល​ហើយ​ដែល​គណបក្ស​នេះ​ត្រូវ​គិតគូរ​ពី​ការផ្ទេរសិទ្ធិ អំណាច​ទៅ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ។ ប៉ុន្តែ ការបន្ត​វេន​តែ​ក្រុមគ្រួសារ​របស់ខ្លួន​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ។ ឈាម​ថ្មី​គឺ​ត្រូវតែ​ជា​ឈាម​ដែលមាន​គំនិត និង​ទស្សនៈ​ថ្មី​ដើម្បី​បម្រើ​ប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាជន៕




© រក្សាសិទ្ធិដោយ thmeythmey.com