ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឈាម​ថ្មី​ដើរ​តាម​គន្លង​អ្នកនយោបាយ​ចាស់ CPPពិបាក​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ!
30, Jan 2015 , 2:35 pm        
រូបភាព
រូបខាងក្រោមមេដឹកនាំបក្សប្រជាជនកម្ពុជាទាំង ៣ នៅខាងឆ្វេងលោក សាយ សំអាល់ នៅកណ្តាល លោក ហ៊ុន ម៉ានី នៅខាងស្តាំ លោក ស សុខា (រូបកាសែតភ្នំពេញប៉ុស្តិ៍)
រូបខាងក្រោមមេដឹកនាំបក្សប្រជាជនកម្ពុជាទាំង ៣ នៅខាងឆ្វេងលោក សាយ សំអាល់ នៅកណ្តាល លោក ហ៊ុន ម៉ានី នៅខាងស្តាំ លោក ស សុខា (រូបកាសែតភ្នំពេញប៉ុស្តិ៍)
  គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​យុវជន​មួយចំនួន ឲ្យ​មាន​តួនាទី​ក្នុង​ជួរ​ក្បាលម៉ាស៊ីន​បក្ស ដើម្បី​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ នៅក្នុង​មហា​សន្និ​បាត​វិសាមញ្ញ​បក្ស ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ៣០ ខែមករា ដល់​ថ្ងៃទី ១ កុម្ភៈ ។ តែ​យ៉ាងណា ប្រសិនបើ​ឈាម​ថ្មី​នេះ គ្មាន​គំនិត​ថ្មី ហើយ​អនុវត្ត​ន៍​តាមតែ​គន្លង​ដែល​មិនល្អ​របស់​នយោបាយ​ចាស់​ដដែល​នោះ  បក្ស​កាន់អំណាច​ទំនង​ពិបាក​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ​ណាស់។



ក្នុង​អាណត្តិ​ទី ៥ នេះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បាន​កែទម្រង់​ស៊ីជម្រៅ​មួយចំនួន គួរ​ឲ្យ​កត់សម្គាល់។ នៅក្នុង​ការកែទម្រង់​នេះ បក្ស​កាន់អំណាច ក៏បាន​ដាក់បញ្ចូល​នូវ​ឈាម​ថ្មី ពោលគឺ​យុវជន​ថ្មី​ខ្លះ​ដែរ ឲ្យ​មាន​តួនាទី​ជា​តំណាងរាស្ត្រ និង​ជា​រដ្ឋមន្ត្រី ។ លើសពីនេះ បក្ស​នេះ ក៏មាន​គម្រោង​ជ្រើសរើស​យុវជន​ជាច្រើន​ឲ្យ​កាន់តំណែង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ថ្មី​របស់​បក្ស នៅក្នុង​មហាសន្និ​បាទរបស់ខ្លួន​ផងដែរ។  គណបក្ស​នេះ សង្ឃឹមថា ការបញ្ចូល​យុវជន ឬ​ឈាម​ថ្មី ទៅក្នុង​ក្បាលម៉ាស៊ីន​បក្ស នឹង​អាច​ស្តារ​ប្រជាប្រិយភាព​ខ្លួន​ឡើងវិញ ក្រោយពី​ស្រុតចុះ​អ្នកគាំទ្រ​ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​បោះឆ្នោត​នីតិកាល​ទី ៥ កន្លងទៅនេះ។

 ជា​ការពិត​ការបញ្ចូល​យុវជន​ជំនាន់​ថ្មី ឲ្យ​បន្តវេន​ដើម្បី​ដឹកនាំ​បក្ស ជំនួស​អ្នកនយោបាយចាស់ៗ គឺជា​សញ្ញាណ​ល្អ ។ ល្អ​ដោយសារ​ថា សកម្មភាព​នេះ វា​នឹង​ផ្តល់ឱកាស​ឲ្យ​អ្នកនយោបាយក្មេងៗជំនាន់​ក្រោយ អាច​បញ្ចេញ​គំនិត​ថ្មី​ដឹកនាំ​ប្រទេស​ឬ​បក្ស​វិញ​ម្តង។ ក៏ប៉ុន្តែ​បញ្ហា​ចោទ​នោះ នៅត្រង់ថា តើ​យុវជន ឬ​ឈាម​ថ្មី ដែល​មកកាន់​តួនាទី​ថ្មី​នោះ មានគំនិតថ្មីៗដែលមាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ ឬ​បក្ស​ខ្លួន មកជា​មួយ​ដែរឬទេ? ឬមួយ​ក៏​អ្នក​បន្តវេន​ថ្មី​នោះ ល្អមើល​តែ​រូបភាព​ខាងក្រៅ តែ​អនុវត្តន៍​តាមតែ​សកម្មភាព​ចាស់ ឬ​ដើរ​តាម​គន្លង​អ្នកនយោបាយ​ចាស់​ដដែល? ប្រសិនបើ​ឈាម​ថ្មី​នោះ ដើរ​តាម​គន្លងចាស់ៗដដែល គណបក្ស​ប្រជាជន​កម្ពុជា ទំនងជា​មិនអាច​ទាក់ទាញ​ការគាំទ្រ​ឡើងវិញ​ណាស់។ ពីព្រោះថា គន្លងចាស់ៗនោះ​ហើយ ដែល​បង្ក​ឲ្យ​បក្ស​នេះ បាត់​ប្រជាប្រិយ​ជា​បន្តបន្ទាប់។

គន្លង​ដែល​អ្នកនយោបាយចាស់ៗ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​ប្រជាប្រិយភាព​នោះ និយាយ​ដោយ​សង្ខេប​រួមមាន៖ ការប្រព្រឹត្ត​អំពើពុករលួយ តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម។ បញ្ហា​គ្រួសារនិយម នៅតាម​ស្ថាប័នសំខាន់ៗរបស់​រដ្ឋ និង​ក្នុង​បក្ស។ ការមិន​បើក​ត្រចៀក​ស្តាប់​មតិ​រិះគន់ យកទៅ​ពិចារណា​ឲ្យ​បាន​ច្រើន ។ ការ​ញៀន​ស្តាប់​តែ​ពាក្យបញ្ចើចបញ្ចើ ។ ទម្លាប់​ប្រៀបធៀប​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ខ្លួន ទៅនឹង​ប្រទេស​ក្រីក្រ​អន់​ខ្សោយ ដោយ​មិន​ប្រៀប​ជាមួយ​ប្រទេស​ខ្លាំង។ ការព្រងើយកន្តើយ​នឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់​ហូរ​ចូលមក​កម្ពុជា ។ ការអនុវត្ត​ឥរិយាបថ​នយោបាយ​គំនុំសងសឹក​ជាមួយ​ខ្មែរ​គ្នាឯង។ ទម្លាប់​ប្រើ​កម្លាំង​ទ័ព​ដោះស្រាយ​បញ្ហា នៅពេល​មានការ​តវ៉ា និង​ទម្លាប់​អ្នកធំ​យក​ច្បាប់​មក​ទ្រាប់​អង្គុយ ហើយ​ឲ្យ​ពលរដ្ឋ​តូចតាច​អនុវត្តន៍​ជាដើម។

បញ្ហា​ទាំងនេះ កំពុងតែ​កើតមាន​នៅក្នុង​ដំណាក់កាល​ដឹកនាំ​នៃ​អ្នកនយោបាយចាស់ៗរបស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អ្នកនយោបាយ​ទាំងនោះ និង​យុវជន​បន្តវេន ព្រមទាំង​អ្នកគាំទ្រ​គណបក្ស​នេះ គួរតែ​ហ៊ាន​ទទួលស្គាល់។ បើ​អ្នកនយោបាយ​វ័យ​ក្មេងជំនាន់ក្រោយ ឬ​ឈាម​ថ្មី ដែល​នឹង​ទៅកាន់​ក្បាលម៉ាស៊ីន​បក្ស​ថ្មី​នោះ មានគំនិត​ថ្មី​ដែលមាន​ប្រយោជន៍ មិន​ដើរ​តាម​គន្លង​មិនល្អ​របស់​អ្នកនយោបាយចាស់ៗ ហើយ​បន្ត​អនុវត្តន៍​តាម​គន្លងល្អៗមួយចំនួន​សម្រាប់​ជាតិ​របស់​អ្នកនយោបាយចាស់ៗដែលមាន​ស្រាប់​នោះ ប្រជាប្រិយភាព​បក្ស​ប្រជាជន​កម្ពុជា​ទំនងជា​អាច​ស្តារ​បាន​ខ្លាំង​ឡើងវិញ៕  

ដោយ៖លោក សុន ជា ពី​ខេត្តព្រៃវែង  

© រក្សាសិទ្ធិដោយ thmeythmey.com