ជាតិ
បទវិភាគ
ទម្លាប់​ខុស​ទំនង​រារាំង​សង្គម​ខ្មែរ​មិនអោយ​ដើរទៅ​មុខ​បាន​លឿន!
30, Jan 2015 , 8:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ជាទូទៅ​គេ​សង្កេតឃើញថា នៅ​កម្ពុជា មនុស្ស​ភាគច្រើន​ទាំង​កម្រិត​បុគ្គល​និង​ស្ថាប័ន​តែងតែ​ប្រព្រឹត្ត ឬ​បំពេញការងារ​ដោយ​ផ្អែកទៅលើ​ទម្លាប់​ជាជាង​ផ្អែកលើ​ច្បាប់​រដ្ឋ​និង​គោលការណ៍​សីលធម៌ ដូចជា ទម្លាប់​ក្នុងការ​បង្គាប់​ឱ្យ​ភាគី​ខាង​កូនប្រុស​បង់ថ្លៃ​បណ្ណាការ​ក្នុង​អាពាហ៍ពិពាហ៍, ទម្លាប់​នៃ​ការលួចចម្លង​ក្នុងពេល​ប្រលង, ទម្លាប់​ក្នុងការ​បើកបរ​មិន​គោរព​ច្បាប់​ចរាច​ណ៍, ទម្លាប់​ក្នុងការ​គោះ​លុយ​ពី​ពលរដ្ឋ​ដែល​ទៅ​ទទួល​សេវាសាធារណៈ, ទម្លាប់​អាងខ្នង​ពេល​មាន​វិវាទ, ទម្លាប់​នៃ​ការដឹកនាំ​ស្ថាប័ន​តាម​គំនិត​ផ្ទាល់ខ្លួន...។



ទម្លាប់ គឺជា​សកម្មភាព ឬ​ជា​គំរូ​នៃ​ឥរិយាបទ​ដែល​កើតឡើងដដែលៗចំពោះ​អ្នកណាម្នាក់​ឬ​ក្រុម​ណាមួយ។ ទម្លាប់​មាន​ល្អ​ផង​និង​អាក្រក់​ផង។ ឯ​ច្បាប់​វិញ គឺ​បទបញ្ជា​ទាំងឡាយ​ដែល​បង្កើត​ដោយ​រដ្ឋ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​គោរព​តាម ក្នុង​បំណង​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សេរីភាព សិទ្ធិមនុស្ស យុត្តិធម៌ និង ផលប្រយោជន៍ផ្សេងៗទៀត។ល។ បើទោះបី​ជាមាន​ផ្នែក​ខ្លះ​មិន​សុ​ក្រិត​ក៏ដោយ ក៏​ច្បាប់​ត្រូវបាន​គេ​សន្ម​ត់​ថា​ត្រឹមត្រូវ​និង​ចាប់បង្ខំ​ឱ្យ​ពលរដ្ឋ​ត្រូវតែ​គោរព​តាម​ដែរ។

នៅ​កម្ពុជា​បច្ចុប្បន្ន ដោយសារតែ​ឥទ្ធិពល​នៃ​និ​ទណ្ឌ​ភាព, បក្សពួកនិយម, អំពើពុករលួយ, វប្បធម៌​អែបអប និង ការទទួលបាន​តំណែង​ខុស​ប្រក្រតី​ឬ​ទទួល​តាម​កូតា​របស់​បក្សនយោបាយ​ដោយ​មិន​គិតពី​សមត្ថភាព​និង​សីលធម៌,...នាំឱ្យ​មនុស្ស​ភាគច្រើន​នៅ​កម្ពុជា​ទាំង​កម្រិត​បុគ្គល​និង​កម្រិត​ស្ថាប័ន​តែង​ប្រព្រឹត្ត ឬ​បំពេញការងារ​ដោយ​ផ្អែកទៅលើ​ទម្លាប់​របស់ខ្លួន ហើយ​មិនសូវ​ខ្វល់​អំពី​ច្បាប់​រដ្ឋ​និង​គោលការណ៍​សីលធម៌​ឡើយ។

ជាក់ស្ដែង​ពេល​ប្រឡងម្ដងៗ សិស្ស និស្សិត​តែងតែ​ប្រើ​ទម្លាប់​លួច​ចម្លង ប្រសិនបើ​ពួកគេ​មិនបាន​ចម្លង​ទេ ពួកគេ​នឹង​ប្រឡង​ធ្លាក់​ដូច​ករណី​កា​រប​ប្រលង​បាក់​ឌុប​ឆ្នាំ២០១៤នេះ​ជា​ឧទាហរណ៍​ស្រាប់។ ចំពោះ​ការធ្វើ​ចរាចរណ៍​វិញ អ្នកបើកបរ​ភាគច្រើន​តែងតែ​បើកបរ​និង​ផ្ទុកទំនិញ​ឬ​អ្នកដំណើរ​លើស​ចំណុះ​កំណត់​តាម​ទម្លាប់​របស់ខ្លួន​ដោយ​មិន​អើពើ​នឹង​ច្បាប់​ចរាចរណ៍​ឡើយ។ ឯ​ប្រជាពលរដ្ឋ​ខ្លះទៀត​តែង​ត​តែ​ប្រើ​អំពើហិង្សា​ជា​ទម្លាប់​ក្នុងការ​ដោះស្រាយ​បញ្ហា ជាដើម។

ចំណែកឯ​មន្ត្រី​មាន​សមត្ថកិច្ច​មួយចំនួន​វិញ​ក៏​មិន​ខុសគ្នា​ដែរ ក្នុងករណី​ជាច្រើន មហាជន​បាន​មើលឃើញថា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ឬ​ប្រធាន​ស្ថាប័ន​ផ្សេងទៀត បាន​បំពេញ​កិច្ចការ, ដោះស្រាយ​បញ្ហា​ឬ​ដឹកនាំ​ស្ថាប័ន​តាម​ទន្លាប់​អាក្រក់​ផ្ទាល់ខ្លួន ដូចជា ការយក​ច្បាប់​គ្រួសារ​មក​គ្រប់គ្រង​ស្ថាប័ន, ការយក​ពាក្យសម្ដី​មិនសូវ​ពិ​រោះ​ដែល​ប្រើ​ក្នុង​គ្រួសារ​មក​ប្រើ​ជាមួយ​បុគ្គលិក​របស់ខ្លួន ការទទួលយក​សំណូក​ជា​ថ្នូរ​នឹង​ការមិន​ចាត់វិធានការ​ចំពោះ​ជនល្មើស និង ការយក​ទ្រព្យសម្បត្តិ និង​អំណាច​ស្ថាប័ន​ទៅ​បម្រើ​ផល​ប្រ​យោ​ជ​គ្រួសារ ជាដើម។

ដោយសារតែ​ការយក​ទម្លាប់​អាក្រក់​មក​ប្រព្រឹត្ត​ឬ​បំពេញការងារ​នេះហើយ បានជា​យើង​សង្កេតឃើញថា​មាន​អំពើ​មិនល្អ​ជាច្រើន​ដូចជា​អំពើ​អសីលធម៌ អំពើ​ល្មើសច្បាប់ ការស៊ីសំណូក អំពើហិង្សា អំពើ​អ​យុ​ត្កិ​ធម៌ ការរំលោភ​សិទ្ធិមនុស្ស និង បទល្មើសផ្សេងៗ កំពុង​កើតឡើង​និង​បានផ្ដល់​ភាពស្មុគស្មាញ​ដល់​សង្គម​ខ្មែរ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យើងទាំងអស់គ្នា ត្រូវតែ​ធ្វើអ្វីៗដោយ​ផ្អែកលើ​ច្បាប់​ត្រឹមត្រូវ និង​គោលការណ៍​សីលធម៌ ប៉ុន្តែ បើ​យើង​ចង់​ធ្វើ​មួយ​តាម​ទម្លាប់​វិញ លុះត្រាតែ​ទម្លាប់​នោះ​គឺជា​ទម្លាប់​ល្អ ដែល​វា​មិន​ផ្ទុយទៅនឹង​ច្បាប់​រដ្ឋ​ឬ​គោលការណ៍​សីលធម៌ សម​ដូច​សុភាសិត​ខ្មែរ​មួយ​ចែងថា«ទម្លាប់​ធំ​ជាង​ច្បាប់ បើ​រៀន​ត្រាប់ កុំ​ត្រាប់​ខ្លៅ»៕




© រក្សាសិទ្ធិដោយ thmeythmey.com