ជាតិ
បទវិភាគ
តើ​យុវជន​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន?
01, Feb 2015 , 9:24 pm        
រូបភាព
ដោយ:
បច្ចុប្បន្ន ទាំង​គណបក្សកាន់អំណាច ទាំង​គណបក្សប្រឆាំង​កំពុង​ប្រើប្រាស់​យុវជន​ជា​កម្លាំង​ថ្មី​ដើម្បី​ជួយ​រក​ប្រជាប្រិយភាព​ឲ្យ​គណបក្សរៀងៗខ្លួន។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ស្គាល់​ថា ជា​គណបក្ស​សម្បូរ​ដោយ​មន្ត្រី​វ័យ​ចំណាស់​នោះ​ពេលនេះ​បាន​ផ្តើម​បញ្ចូល​តួអង្គ​ថ្មី​ជាង ៣០០ នាក់​ទៅក្នុង​គណៈកម្មាធិការ​ក​ណ្តា​ល​របស់ខ្លួន។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ខិតខំ​កៀរគរ​យុវជន​ឲ្យ​ជួយ​និង​បន្ត​ជួយ​រក​ប្រជាប្រិយភាព​ឲ្យ​គណបក្ស​ដែរ។  តើ​យុវជន​គួរ​ដើរតួនាទី​បែបណា​ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រកបដោយ​វិជ្ជា​មាន?



តួនាទី​យុវជន​បាន​ស្តែងឡើង​កាន់តែ​សំខាន់​ក្នុង​ឆាកនយោបាយ​ជាពិសេស​ចាប់តាំងពី​ការបោះឆ្នោត​សភា​លើកចុងក្រោយ​កាលពី​ថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣ មក។ យុវជន​ដែល​កាលពីមុន​មិនសូវ​អើពើ​សោះនឹង​រឿង​នយោបាយ​ស្រាប់តែ​បានបង្ហាញ​ភាព​សកម្ម​យ៉ាងខ្លាំង​ក្នុង​ឆាកនយោបាយ។ ទាំង​គណបក្សកាន់អំណាច ទាំង​បក្សប្រឆាំង​សុទ្ធតែ​បាន​បញ្ចេញ​ក្រុមយុវជន​និង​បាន​កសាង​បណ្តាញ​យុវជនរៀងៗខ្លួន។

បន្ទាប់ពី​ការបោះឆ្នោត​អាណត្តិ​ទី៥ មាន​បេក្ខជន​យុវជន​មួយចំនួន​បាន​ក្លាយជា​តំណាងរាស្ត្រ ជា​រដ្ឋមន្ត្រី ឬ​ជាម​ន្ត្រីសំខាន់ៗផ្សេងទៀត។ ឥឡូវនេះ ក្រុម​​មន្ត្រីថ្មី​​ជាង ៣០០ នាក់​ត្រូវបាន​បញ្ចូល​ទៅក្នុង​ក្បាលម៉ាស៊ីន​គណបក្ស​ក្នុងនោះ មួយចំនួនជាយុវជន​វ័យ​ក្មេង​​​។ ​ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​ក្រុមយុវជន​សកម្ម​ជាច្រើន​ដែរ​ក្នុងនោះ​ក៏មាន​​កូន​មេដឹកនាំ​ក្នុង​បក្សផង​​ដែរ។

ជាការ​ពិតណាស់ នៅ​កម្ពុជា អ្នក​ដែលមាន​តួនាទី​ទោះជា​ក្នុង​មុខងារសាធារណៈ​ក្តី​ឫ​មុខងារ​នយោបាយ​ក្តី ច្រើនតែ​ព្យាយាម​ពន្យារពេល​ចូលនិវត្តន៍​តាម​គ្រប់រូប​ភាព​ដែល​អាចធ្វើ​ទៅបាន​បើទោះបីជា​ខ្លួន​មាន​វ័យ​ចាស់ជរា និង​សុខភាព​មិនសូវ​មាំទាំ​ក៏ដោយ។ វត្តមាន​របស់​មន្ត្រី​វ័យ​ចំណាស់​ជាច្រើន​នៅក្នុង​ស្ថាប័ន​ជាតិកំពូលៗ គឺជា​ឧទាហរណ៍​ស្រាប់។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ត្រូវគេ​មើលឃើញថា សម្បូរ​ដោយ​មន្ត្រី​ដែលមាន​វ័យ​ចំណាស់​ច្រើនជាងគេ។ នេះ​ជា​ឧបសគ្គ​ក្នុងការ​បន្តវេន​របស់​យុវជន​ជំនាន់​ក្រោយ។

មូលហេតុ​ដែល​ពួកគេ​មិន​ចង់​បោះបង់​អំណាច និង​តួនាទី​គឺ​ដោយសារ៖ ទី១ មកពី​ការស្រឡាញ់​កិត្តិយស​មុខមាត់​និង​អំណាច។ ដូច្នេះ ពួកគេ​ត្រូវតែ​រក្សា​អំណាច តួនាទី​ឲ្យ​បានយូរ​តាម​ដែល​អាច​ធ្វើបាន​ពោលគឺ​មន្ត្រី​ទាំងនោះ​កើត​ជំងឺ​ញៀន​អំណាច និង ទី២ គឺ​មកពី​តួនាទី​និង​អំណាច​អាច​ការពារ​ខ្លួន​និង​ជា​ប្រភព​នៃ​ទ្រព្យធន​ផងដែរ។ ប៉ុន្តែ ផលវិបាក​របស់​វា​គឺ​ការបង្កើត​ឲ្យ​មាន​វិបត្តិ​នៃ​ការ​បន្តវេន​ដែល​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាត់បង់​ឱកាស​បម្រើ​ជាតិ។

យ៉ាងណាក៏ដោយ ឥឡូវនេះ ដំណាក់កាល​នៃ​ការបន្ត​វេន​បាន​ឈាន​មកដល់​ហើយ​ពោលគឺ​តួនាទី​យុវជន​ត្រូវបាន​គណបក្សនីមួយៗលើក​មក​និយាយ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា នយោបាយ«ទំពាំង​ស្នង​ឫស្សី»ត្រូវបាន​គណបក្សនយោបាយ​ជាពិសេស​បក្ស​កាន់អំណាច​យកចិត្តទុកដាក់។ ការបញ្ចូល​ក្រុមយុវជន​យ៉ាងច្រើន​ទៅក្នុង​គណៈកម្មាធិការ​ក​ណ្តា​ល​គណបក្ស​នៅពេលនេះ​ជា​ឧទាហរណ៍​ស្រាប់។

ប៉ុន្តែ ដើម្បី​ឲ្យ​ការបន្ត​វេន​មាន​ប្រសិទ្ធភាព ឧបសគ្គ​មួយចំនួន​គួរ​ត្រូវ​ជម្រះ​ចោល។ ឧបសគ្គ​ចម្បង​ជាងគេ​គឺ​ការមិនចុះសម្រុង​គ្នា​រវាង​យុវជន​និង​មនុ​ស្សវ័យ​ចំណាស់។ ជាក់ស្តែង​នៅក្នុង​រដ្ឋបាល​សាធារណៈ ក៏​ដូច​ក្នុង​ឆាកនយោបាយ​ដែរ មនុស្ស​វ័យ​ចំណាស់ និង​យុវជន​ជំនាន់​ក្រោយ​ច្រើនតែ​មើលបំណាំ​គ្នា​ច្រើនជាង​ការរៀនសូត្រ​ពីគ្នា។ ការបញ្ចេញ​តួអង្គ​យុវជន​ដែល​សុទ្ធ​នាំមុខ​ដោយ​កូន​មន្ត្រីកំពូលៗ គឺជា​ដំណាក់កាល​សាកល្បង​ដ៏​សំខាន់​មួយ​របស់​បក្ស​កាន់អំណាច។ សំខាន់​ពីព្រោះថា​កូន​មន្ត្រីធំៗក្នុង​បក្ស​ជា​មនុស្ស​ដែល​អាច​ទុកចិត្តបាន​ជាង​អ្នកដទៃ។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​បញ្ហា​ប្រទាំង​ប្រទើស​មិនអាច​ចៀសវាង​បាន។

យ៉ាងណាក៏ដោយ យុវជន​គួរតែ​ដើ​តួនាទី​ក្នុងនាម​ជា​អ្នកធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រកបដោយ​វិជ្ជមាន​ពោលគឺ​ការផ្លាស់ប្តូរ​សង្គម​ទៅរក​ភាពជឿនលឿន​ជាង​សម័យកាល​នៃ​ឪពុកម្តាយ​របស់ខ្លួន។ ដើម្បី​ឲ្យ​តួនាទី​នេះ​អាច​សម្រេចបាន ទាល់តែ​យុវជន​ដែល​គាំទ្រ​គណបក្សនីមួយៗត្រូវ​ផ្តើមធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ចេញពី​ផ្ទៃក្នុង​គណបក្ស​របស់ខ្លួន​ជាមុនសិន។ ក្នុងនាម​ជាម​នុស្ស​ថ្មី​ដែល​ចង់​ឲ្យ​ប្រទេសជាតិ​ស្គាល់​ការអភិវឌ្ឍ​ជឿនលឿន​ដូច​គេឯង យុវជន​មិនគួរ​ដាក់ខ្លួន​ធ្វើជា​អ្នកបម្រើ​នយោបាយ​ដោយ​ខ្វះ​ភាពឈ្លាសវៃ​នោះឡើយ។

យុវជន​គួរតែ​ហ៊ាន​រិះគន់​និង​កែលម្អ​កំហុសឆ្គង​របស់​រាមច្បង​ឬ​ឪពុកម្តាយ​របស់ខ្លួន​ដោយ​ផ្តើម​ពី​ផ្ទៃក្នុង​បក្ស​របស់ខ្លួន​សិន​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ទាំង​បែបបទ​នៃ​ការអភិវឌ្ឍ​ប្រទេស ទាំង​របៀប​ធ្វើ​នយោបាយ។ ផ្ទុយទៅវិញ ប្រសិនបើ​ពួកគេ​ដាក់ខ្លួន​ត្រឹមតែ​ជា​អ្នកបម្រើ​នយោបាយ​ងប់​ង​ល់​និង​ដើរ​តាមតែ​ដាន​អ្នក​ជំនាន់​មុន​នោះ គេ​មិនអាច​ផ្តោត​ក្តីសង្ឃឹម​ទៅលើ​យុវជន​ថា​អាច​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​បានទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com