ជាតិ
សង្គមជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន ដាក់​បញ្ជា​ឲ្យ​មន្ត្រីរដ្ឋបាល​ធ្វើការ៨ម៉ោង​ក្នុង១ថ្ងៃ
03, Feb 2015 , 11:23 am        
រូបភាព
ដោយ: រួបរួម
បន្ទាប់ពី​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​ឲ្យ​រៀបចំ​បញ្ជី​វត្តមាន​ប្រចាំថ្ងៃ​របស់​មន្ត្រីរាជការ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហង់ ជួន ណា​រ៉ុ​ន បានដាក់​កំហិត​មួយទៀត​ដល់​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ទាំងនោះ ក្នុងការ​កំណត់​រយៈពេល​បម្រើ​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី។



«មន្ត្រីរដ្ឋបាល​អប់រំ​ភា​គ​ច្រើន​បម្រើ​ការងារ​នៅតាម​អង្គភាព​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការគោរព​តាម​ការកំណត់​រយៈពេល​បម្រើ​ការងារ​ប្រចាំ​សប្តាហ៍។ ទន្ទឹមនឹងនេះ ក្រសួង​បាន​សង្កេតឃើញថា មន្ត្រីរដ្ឋបាល​មួយចំនួន​តូច​នៅតែ​មិនទាន់បាន​គោរព​តាម​ការកំណត់​រយៈពេល​បម្រើ​ការងារ​ក្នុង​រយៈពេល៨ម៉ោង​ក្នុង​មួយថ្ងៃ និង៥ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​គិតពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ»។ នេះ​ជាការ​លើកឡើង​របស់លោក ហង់ ជួនណា​រ៉ុ​ន។


ក្នុង​លិខិត​ចុះ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ដដែល លោក​រដ្ឋមន្ត្រី​អប់រំ បានដាក់​កំហិត​ដល់​មន្ត្រីរដ្ឋបាល​ឲ្យ​ចូលធ្វើការ​ពេលព្រឹក​ចាប់ពី​ម៉ោង៧ដល់​ម៉ោង១១និង៣០នាទី និង​ពេល​ល្ងាច​ចាប់ពី​ម៉ោង១៤ ដល់​ម៉ោង១៧ និង៣០នាទី។ លក្ខខណ្ឌ​អនុគ្រោះ ក៏មាន​ផងដែរ​ចំពោះ​មន្ត្រីរដ្ឋបាល​អប់​រំជា​ស្ត្រី ដែលមាន​កូន​អាយុ​ក្រោម១ឆ្នាំ ដោយ​ពួកគាត់​មាន​សិទ្ធិ​ចេញ​ធ្វើការ​មួយ​ម៉ោង​មុនពេល​កំណត់​ក្នុង​មួយថ្ងៃ។

សូមបញ្ជាក់​ផងដែរ​ថា តាមរយៈ​លិខិត​មួយ​ចុះ​កាលពី​ថ្ងៃទី១៤ ខែមករា លោក ហង់ ជួន ណា​រ៉ុ​ន​បាន​កោតសរសើរ​មន្ត្រីក្រោមឱវាទ​ដែល​អនុវត្តតាម​វិធានការ​កំណែទម្រង់​វិស័យ​អប់រំ​ក្នុង​ឆ្នាំ២០១៤ហើយ​លោក​បាន​ណែនាំ​មន្ត្រី​របស់ខ្លួន​បន្ត​ការអនុវត្ត​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​របស់​រដ្ឋាភិបាល​ក្នុងការ​លើកទឹកចិត្ត​មន្ត្រីរាជការ​តាមរយៈ​ការដំឡើង​ប្រាក់ខែ​ជា​បន្តបន្ទាប់។

ទាក់ទង​នឹង​ការពង្រឹង​ការអនុវត្ត​គោលការណ៍​ស្តីពី​ការ​គ្រប់​មន្ត្រីរាជការ​លោករ​ដ្ឋ​មន្ត្រី​បានដាក់​បញ្ជា​ទៅគ្រប់​អង្គភាព​ត្រូវ​រៀបចំ​បញ្ជី​វត្តមាន​ប្រចាំថ្ងៃ​របស់​មន្ត្រីរាជការ​ណ៍​និង​បូកសរុប​ធ្វើ​របាយការណ៍​ផ្ញើ​ទៅ​នាយកដ្ឋាន​បុគ្គលិក​ជា​រៀងរាល់​ដំណាច់ខែនីមួយៗ ។

ចំពោះ​ករណី​មន្ត្រីរាជការ​អសកម្ម​ការងារ លោក ហង់ ជួន ណា​រ៉ុ​ន​ណែនាំ​ឲ្យ​ប្រធាន​អង្គភាព​សាកសួរ​ឲ្យ​បានច្បាស់លាស់​ដោយ​ផ្តល់​ជម្រើស​ចូល​បម្រើ​ការងារ​វិញ ឬ​សុំ​នៅ​ទំនេរ​ដោយ​គ្មាន​បៀវត្ស។ប្រសិនបើ​សាមីខ្លួន​មិនបាន​ផ្តល់​ជម្រើស​ណាមួយ​ច្បាស់លាស់​ហើយ​បន្ត​អសកម្ម​ការងារ​បុគ្គល​នោះ​ត្រូវ​ស្ថិតក្នុង​ភាព​ទំនេរ​គ្មាន​បៀ​វ​ត្យ​ដោយ​អនុវត្តតាម​វិធាន​ការដែល​មានចែង​ក្នុង​ជំពូក​ទី២ មាត្រា២៣នៃ​អនុក្រឹត្យ ចុះ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩៥ ៕



© រក្សាសិទ្ធិដោយ thmeythmey.com