អន្តរជាតិ
អាជ្ញាធរវៀតណាម កប់ឆ្មាដឹកមកពីចិនរាប់ពាន់ក្បាល ទាំងរស់
× ឆ្មារាប់ពាន់ក្បាលដែលដឹកមកពីចិនចូលស្រុកវៀតណាមដោយខុសច្បាប់ កាលពីថ្ងៃអង្គារ ត្រូវបានអាជ្ញាធរវៀតណាម សម្រេចចិត្ត សម្លាប់ចោល ដោយប្រើវិធីកប់ទាំងរស់តែម្តង។ សមាគមអង្គការការពារសត្វនានាបានបរិហារទង្វើវៀតណាមថាអមនុស្សធម៌។ លោកស្រី Brigitte Bardot ជាតួកុនជើងចាស់បារាំងបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីវៀតណាម ទាមទារអោយវៀតណាមអនុម័តច្បាប់ហាមឃាត់ការនាំចូលសត្វឆ្កែឆ្មាក្នុងស្រុក អោយបានចប់សព្វគ្រប់។
ម្សិលមិញ ប៉ូលិសវៀតណាមដែលសុំមិនបញ្ចេញឈ្មោះមួយរូប បានពន្យល់ទៅសារព័តមានបារាំងAFP ទាក់ទងនឹងការកប់ឆ្មារាប់ពាន់ក្បាលទាំងរស់នេះថា ឆ្មាទាំងនេះ ត្រូវបាននាំមកពីចិនដោយគ្មានក្រដាសស្នាមត្រឹមត្រូវ ហើយថែមទាំងមិនបានត្រូវគេដាក់ដាច់ដោយឡែកស្របតាមវិធានការសុខភាពអនាម័យទៀតផង។ ឆ្មាច្រើនក្បាលបានស្លាប់។ ដោយសារតែធំក្លិនស្អុយ និងខ្លាចឆ្លងជំងឺ ទើបបានជាអាជ្ញាធរកប់ទាំងរស់តែម្តងទៅ។
គួររំលឹកថា កាលពីថ្ងៃអង្គារ នៅក្រុងហាណូយ ប៉ូលិសបានរកឃើញឡានកាំម្ញ៉ុងទំងន់៣តោនមួយគ្រឿង ដឹកឆ្មារាប់ពាន់ក្បាល។ ដ្បិតថាវៀតណាមបានកប់ឆ្មាទាំងរស់មែន ប៉ុន្តែទង្វើនេះស្របតាមនិតីវិធីច្បាប់វៀតណាមស្តីពីទំនិញរត់ពន្ធខុសច្បាប់។ កន្លងមក វៀតណាម ក៏ធ្លាប់ប្រើវិធីបែបនេះកំចាត់មាន់ខុសច្បាប់ដូចគ្នាច្រើនសន្ធឹកសន្ធាប់ផងដែរ។
នៅវៀតណាម គេនិយមបរិភោគសាច់ឆ្មា។ សត្វឆ្មាត្រូវបានគេប្រដូចទៅនឹងកូនខ្លា។ ផ្ទុយទៅវិញ ការបរិភោគឆ្មាគឺផ្ទុយនឹងច្បាប់វៀតណាមទាំងស្រុង។ ទោះយ៉ាងនេះក្តី ភោជនីយដ្ឋានប្រហែលជាង១០កន្លែងនៅហាណូយ បានធ្វើម្ហូបជាមួយសាច់ឆ្មាបំរើអតិផិជនទៀតផង។ ប្រជាជនវៀតណាមដែលចិញ្ចឹមឆ្មាមានការប្រុងប្រយ័ត្នខ្ពស់ មិនអោយឆ្មាចេញពីផ្ទះព្រោះខ្លាចចោរលួចយកទៅស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com