ជាតិ
បទវិភាគ
តើ​កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ច្រើន ឬ​តិច​ពី​វិស័យ​ទេសចរណ៍?
28, Feb 2015 , 1:45 pm        
រូបភាព
ភ្នំពេញ៖ ក្នុង​វិស័យ​ទេសចរណ៍ ប្រទេស​កម្ពុជា​ទទួលបាន​តួលេខ​ជា​ចំនួន​ភ្ញៀវ និង​ជា​ចំនួនប្រាក់ចំណូល​កើនឡើង​ជា​លំដាប់។ ប៉ុន្តែ ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ខ្មែរ​វិញ​ត្រូវបាន​គេ​វិភាគ​ថា មាន​ចំនួន​តិចតួច។ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី?



ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ពី​ចំនួន​ភ្ញៀវទេសចរ​បរទេស​កើន​ឡើងជា​លំដាប់។

ជាក់ស្តែង កាលពី​ឆ្នាំ២០១៣ កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង៤លាន២សែន​នាក់ ក្នុង​អត្រាកំណើន១៧,៥ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ កន្លងមក។ ក្រសួង
ទេសចរណ៍​បង្ហាញ​តួលេខ​ថា ក្នុង​ឆ្នាំ២០១៤កន្លងមក ភ្ញៀវទេសចរ​បរ​ទស​បាន​កើន​ឡើងដល់៤,៥លាន​នាក់ ហើយ​ក្នុង​ឆ្នាំ២០១៥ខាងមុខ ចំនួន​ភ្ញៀវ​បរទេស​នឹង​កើន​ឡើងដល់៥លាន​នាក់ និង​ជិត៨លាន​នាក់​នៅ​ឆ្នាំ២០២០ខាងមុខនេះ។

ប្រសិនបើ​គេ​គិតពី​ប្រាក់ចំណូល​វិញ កាលពី​ឆ្នាំ២០១៣កន្លងមក ប្រទេស​កម្ពុជា​ទទួលបានប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ជា ២៥០០ លាន​ដុល្លារ​អាមេរិក ពោលគឺ​ស្មើនឹង១៦ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក។ ឆ្នាំ២០១៤ វិស័យ​ទេសចរណ៍ ទទួលបាន​ប្រាក់ចំណូល​សរុប​ប្រមាណ​ជា៣០០០លាន​ដុល្លារ។ វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ បង្កើត​ការងារ​ផ្ទាល់​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជា៥០ម៉ឺ​នាក់ និង​ការងារ​មិនផ្ទាល់​ជាច្រើន​ម៉ឺន​សែន​នាក់​ផ្សេងទៀត។

បើ​ផ្អែកលើ​តួលេខ​ខាងលើនេះ ចំនួន​ភ្ញៀវ​កើនឡើង ចំនួន​ប្រាក់ចំណូល​ក៏​កើនឡើង​ដែរ។ ប៉ុន្តែ ប្រាក់ចំណូលសុទ្ធ​ដែល​ធ្លាក់​ដល់ដៃ​ប្រជាជន​ខ្មែរ​មាន​ចំនួន​តិចតួច។ មាន​មូលហេតុ​មួយចំនួន​ដែល​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។

ទីមួយ ភ្ញៀវទេសចរ​បរទេស​ទាំងអស់​ពិសា និង​ប្រើប្រាស់​ទំនិញ​នាំចូល​ពី​បរទេស​ស្ទើរ​គ្រប់មុខ ហើយ​នេះ ដោយសារតែ​ផលិតកម្ម​ខ្មែរ​នៅ​ទន់ខ្សោយ ផលិត​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ផ្គត់ផ្គង់។ ឧទាហរណ៍ ជាក់ស្តែង សូម្បីតែ​ក្រដាសអនាម័យ​ក៏ត្រូវ​បាន​គេ​នាំចូល​ពី​បរទេស​មកដែរ។

ទី​ពីរ ម្ចាស់​ថៅកែ​សណ្ឋាគារធំៗមួយចំនួន​នៅ​កម្ពុជា គឺជា​ជនជាតិ​បរទេស ដូច្នេះ ប្រាក់ចំណូល​មួយចំនួនធំ​ក៏ត្រូវ​បាន​គេ​នាំ​ចេញទៅ​ក្រៅប្រទេស​វិញ​ដែរ។

ទី៣ ប្រទេស​មួយចំនួន​បង្កើត​កញ្ចប់​ទេសចរណ៍​បង្ខូច​តម្លៃ និង​ប្រើប្រាស់​អ្នកបកប្រែ​របស់​ពួកគេ​តែម្តង។ ករណីនេះ​ទាក់ទង​ទៅនឹង​ភ្ញៀវ​ជនជាតិ​កូរ៉េ ជាពិសេស។ ភ្ញៀវទេសចរ​កូរ៉េ​ត្រូវបាន​គេ​រៀបចំ​អោយ​សម្រាន្ត ពិសា និង​ទិញ​ផលិតផល​ភាគច្រើន​ជា​របស់​កូរ៉េ។ មក​ទស្សនាប្រទេស​កម្ពុជា​មែន តែ​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​របស់​កូរ៉េ​ទាំងអស់។ ជាក់ស្តែង សូម្បីតែ មគ្គទេសក៍ ក៏​ពួកគេ​ប្រើប្រាស់​មគ្គទេសក៍​ជនជាតិ​កូរ៉េ​ដែរ ដោយ​ជ្រក​ក្រោម​ហេតុផល​ថា ជា«អ្នកបកប្រែ»។ 

និង​ហេតុផល​ទី៤ ដែល​កម្ពុជា​មិន​ទទួលបាន​ផល​ច្រើន​ពី​វិស័យ​ទេសចរណ៍​របស់ខ្លួន​ដែរនោះ គឺ ផលិតផល​អនុស្សា​រី​យ៍​ភាគច្រើន​ដែល​ដាក់លក់​នៅ​កម្ពុជា​សម្រាប់​ជនបរទេស គឺជា​ផលិតផល​នាំចូល​ពី​ក្រៅប្រទេស។ សរុបសេចក្តី​មក កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​តាមរយៈ​តែ​ការលក់​កម្លាំង​ពលកម្ម ជា​កម្មករ-បុគ្គលិក និង​ទទួលផល​ចំណេញបន្តិចបន្តួច​ពី​ការលក់​បន្ត​ប៉ុណ្ណោះ។

ដូច្នេះ ដើម្បីអោយ​ខ្មែរ​ទទួលបាន​ផល​ច្រើន​ពី​វិស័យ​ទេសចរណ៍របស់​ខ្មែរ និង​ជា​ចំណូល​សុទ្ធ​នោះ ខ្មែរ​ត្រូវតែ​ពង្រឹង​ការផលិត​ដោយ​ខ្លួនឯង។ រដ្ឋាភិបាល និង​វិស័យ​ឯកជន ត្រូវតែ​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​បង្កើន​ការផ្គត់ផ្គង់​ផលិតផល​ខ្មែរ​ទៅកាន់​វិស័យ​ទេសចរណ៍​ខ្លួនឯង។ កម្ពុជា មិនគួរ​ដកដង្ហើម​តាម​ប្រទេសជិតខាង​ដែល​ផ្គត់ផ្គង់​ផលិតផល​របស់គេ​សម្រាប់​វិស័យ​ទេសចរណ៍​ខ្មែរ​នោះទេ។

ប្រជាពលរដ្ឋ​ខ្មែរ​ចង់ឃើញ​ប្រាក់ចំណូល​ពិត​ហូរ​ចូលក្នុង​ហោប៉ៅ​របស់​ខ្មែរ​ពិត ពោលគឺ​កូន​ខ្មែរ​មិន​ចង់​ឃើញតែ​កំណើន​ភ្ញៀវទេសចរ​ជា​តួលេខ រីឯ​សាច់ប្រាក់​ពិត​ស្ថិតនៅក្នុង​ដៃ​ជនបរទេស​នោះទេ៕





© រក្សាសិទ្ធិដោយ thmeythmey.com