ជាតិ
ឈាម​អើយ ឈាម​ខ្ញុំ!
16, Feb 2015 , 2:05 pm        
រូបភាព
នៅលើ​បណ្តាញសារព័ត៌មាន​ប្រចាំថ្ងៃ តែងតែមាន​ព័ត៌មាន និង​រូបភាព​ស្លាប់ របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​លោះ​ទាល់តែសោះ។ អ្នកខ្លះ​ស្លាប់​ទាំង​មិនដឹង​មុន ខ្លះទៀត​ស្លាប់​ទាំង​ចៃដន្យ​ហួសការ​ស្មាន...។ ម្តង​គេ ម្តង​គេ ម្តង​គេ ច្បាស់​ជា​ដល់​វេន​យើង។ យើង​សាកល្បង​ឆ្លើយ និង​រិះរក​ឫសគល់​បញ្ហា និង​ដំណោះស្រាយ​បន្ទាន់ កុំ​គិតតែ​នាំគ្នា បន្ទរ និង​បន្ទោស។


តាមពិត គឺ​យើងទាំងអស់គ្នា​ជារួម​ចំណែក​ខុស និង​រងគ្រោះ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​មនសិការ​ជា​បន្តបន្ទាប់។ ព្រោះនេះ ជា​កាត​ខាតបង់​ដ៏​ធំធេង​របស់​ជាតិ​យើង។ ព្រោះ​ទម្រាំ​តែ​ចិញ្ចឹម​មនុស្ស​អោយ​ចេះ​ដើរ ចេះ​រត់ ចេះ​និយាយ គឺ​អស់​បាយ​ទាំង​ឆ្នាំង ស្រូវ​ទាំង​ជង្រុក ហេតុ​អី បានជា​ត្រូវ​បាត់បង់​ទៅវិញ ដោយ​គ្រាន់តែ​ការ​ឆ្វេស​ប្រហែស​បន្តិច​ប៉ុណ្ណឹង? ហេតុអ្វី​ឈាម​ខ្មែរ នៅតែ​ហូរ​ពេល​ស្រុក​ចប់​សង្គ្រាម? ពេល​ប្រទេស​ដទៃ​គេ​រីកចម្រើន​ជា​លំដាប់​បែបនេះ??

យើងខ្ញុំ​គឺជា​ខ្មែរ​មាន​អារម្មណ៍​ខ្លោចផ្សារ​ក្នុង​ចិត្ត ពេលដែល​យើង​បាន​បន្ត​បាត់បង់​ធនធានមនុស្ស​ជា​បន្តបន្ទាប់ ដែលមាន​អ្នកខ្លះ​ជា​សាមញ្ញ​ជន អ្នកខ្លះ​ខំរៀន​សូត្រ​រហូត​បានក្លាយ​ជា​បញ្ញវន្ត​ទៅហើយ តែ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​ស្លាប់ ឬ​របួស​ទៅវិញ។ តួលេខ​ខ្លះ​បាន​បង្ហាញថា នៅក្នុង​មួយថ្ងៃ​អាចមាន​អ្នកស្លាប់​រហូតដល់២០នាក់ ហើយ​អ្នករងរបួស​រហូតដល់៣០នាក់។ អ៊ីចឹង​ធនធានមនុស្ស​យើង នឹង​បាត់បង់​បន្តិចម្តងៗជាមិនខាន។ បើ​យើង​សង្ឃឹមលើ​ធនធានមនុស្ស​ជំនាន់​នេះ​ដើម្បី​ស្រោចស្រង់ ជ្រោមជ្រែង​ប្រទេសជាតិ ពិតជា​ពិបាក​ជាង​រែក​ថ្មភ្នំ​ទៅទៀត។ យើង​គួរតែ​ផ្លាស់ប្តូរ​ពាក្យ"គ្រោះថ្នាក់" ទៅជា" គ្រោះ​សាលា ឬ​គ្រោះ​សាកលវិទ្យាល័យ"ដើម្បី​ភ្ជាប់​ជាមួយ​ចរាចរណ៍ ដែល​វា​មាន​លក្ខណៈ​កាច​សាហាវ និង​រីក​រាលដាល​ដល់​គ្រប់​ក្រុមគ្រួសារ សង្គមជាតិ​ទាំងមូល។

តាម​ការ​កត់​សំ​គាត់ មាន​កត្តា​មួយចំនួន​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍៖
- កត្តា​អ្នកអនុវត្ត​ច្បាប់៖ ស្ថាប័ន​ពាក់ព័ន្ធ​លើ​ផ្នែក​ចរាចរណ៍ មានការ​ធ្វេសប្រហែស និង​ឆកល្វែង​ក្នុងការ​ពង្រឹង​ច្បាប់​ចរាចរណ៍ គ្រប់គ្រង​បច្ចេកទេស​យានយន្ត និង​មធ្យោបាយ​ធ្វើដំណើរផ្សេងៗតាម​ដងផ្លូវ និង​ប័ណ្ណបើកបរ...ជាដើម។
- កត្តា​មនុស្ស៖ខ្វះ​សីលធម៌ ខ្វះ​ការយោគយល់ ខ្វះ​ការទទួលខុសត្រូវ​ខ្ពស់ សេព​គ្រឿង​ស្រវឹង​ពេល​បើកបរ មិន​គោរព និង​បំពាន​ច្បាប់​ចរាចរណ៍...។
- កត្តា​មធ្យោបាយ​ធ្វើដំណើរ៖ មធ្យោបាយ​ធ្វើដំណើរ​តាម​ដងផ្លូវ​មានការ​កែច្នៃ មិនបាន​ត្រួតពិនិត្យ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ...។
- កត្តា​ផ្លូវថ្នល់៖មានការ​ខូចខាត​ច្រើន ខ្វះ​ភ្លើង​បំភ្លឺ និង​ស្លាក​សញ្ញា​ត្រឹមត្រូវ ច្បាស់លាស់...។

ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ យើងទាំងអស់គ្នា​និយាយ​ជារួម រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​និយាយ​ដោយឡែក គប្បី​ត្រូវតែ៖
១) ត្រូវតែ​ដាក់​បញ្ហា​ចរាចរណ៍​ជើងគោក​ចូលទៅក្នុង​ផែនការ​សកម្មភាព​ជាតិ​ប្រចាំឆ្នាំនីមួយៗ ដើម្បី​រក​វិធីសាស្ត្រ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​យ៉ាង​ប្តូរផ្តាច់​លើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍៖ ដូចជា​កំណត់​ថវិកាជាតិ​ឲ្យ​បាន​ខ្ពស់ ដើម្បី​ចំណាយ​លើ​ការផ្សព្វផ្សាយ និង​អប់រំ​មនុស្ស​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​យល់ដឹង​លើ​បញ្ហា​នេះ។ ត្រូវ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍ អនុវត្ត​ច្បាប់ និង​ដាក់​ទោសទណ្ឌ​ឲ្យ​បាន​តឹងរ៉ឹង​ទាំងអស់គ្នា​ទាំង​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម។ ត្រូវតែ​រឹតបន្តឹង​ការត្រួតពិនិត្យ​យានយន្ត និង​បច្ចេកទេសផ្សេងៗ រហូត​មនុស្ស​ដែល​បញ្ជា​យានយន្ត​ទៀតផង។

២) គណបក្សប្រឆាំង ត្រូវតែ​រឹងត្អឹង និង​យកចិត្តទុកដាក់​ខ្ពស់​ខាង​ផ្នែក​នេះ​ក្នុង​សភាជាតិ ដើម្បី​ពិនិត្យ​តាមដាន និង​គាបសង្កត់ ស្ថាប័ន​អនុវត្ត​ច្បាប់ កុំ​ឲ្យ​បន្ធូរ​ដៃដល់​អ្នក​ដែល​បង្ក​របួសស្នាម។ ជាពិសេស​យើង​ឃើញតែ​អ្នកមាន​បុណ្យ​ស​ក្កិ មាន​លុយ មាន​ឡាន​ជិះ ដែល​បង្ក​គ្រោះថ្នាក់​ចរចរ​ណ៏ ហើយ​គេច​ផុតពី​សំណាញ់​ច្បាប់ និង​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជានិច្ច​ជា​កាល ក្រោម​ហេតុផល ដែល​មិនអាច​ទទួលយកបាន។

៣) សំរាប់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​ផ្នែក​នេះ ត្រូវតែ​ពង្រឹងគុណភាព​ការងារ​ឲ្យ​បាន​ខ្លាំង។ ជាពិសេស​ត្រូវបង្កើត​ដៃ​គូ​អភិវឌ្ឍ​ន៏​សង្គម (Social Development Agency) ឲ្យ​បាន​ច្រើន ហើយ​ត្រូវយក​មេរៀន​ពី​បណ្តា​ប្រទេស ដែល​អនុវត្ត​ច្បាប់​ចរាចរណ៍​បានល្អ និង​ការចៀសវាង​គ្រោះថ្នាក់​ចរ​ចរណ៍ មក​រៀនសូត្រ និង​អនុវត្ត​បន្ថែម។
៤) ផ្នែក​សិល្បៈ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ ទាំង​ឯកជន ទាំង​មហាជន​ត្រូវតែ​ផ្តោតលើ​ការផ្សព្វផ្សាយ​អំពី​ការរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​កាច​សាហាវ​នេះ​ឲ្យ​បាន​ច្រើន និង​គ្រប់​រូបភាព តាម​ដែល​អាចធ្វើ​ទៅបាន ជាពិសេស គឺ​ការផ្សាយពាណិជ្ជកម្ម គ្រឿង​ស្រវឹង ត្រូវតែ​កាត់បន្ថយ​ជា​អតិបរមា។
៥)បន្ត​ពង្រឹង​សីលធម៌ អប់រំ និង​ចាប់បង្ខំ​មនុស្ស​ឲ្យ​គោរព​ច្បាប់ និង​បណ្តុះ​ឲ្យ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការបញ្ជា​យានយន្ត និង​ត្រួតពិនិត្យ​មធ្យោបាយ​ធ្វើដំណើរផ្សេងៗលើផ្លូវ​ថ្នល់​គ្រប់ពេលវេលា។

យើង​គឺជា​ខ្មែរ មាន​ពូជពង្សវង្សត្រកូល និង​អរិយធម៌​ខ្ពង់ខ្ពស់ ថ្លៃថ្នូរ​តាំងពី​បុរាណកាល គួរតែ​ដល់ពេល​រួបរួម​កម្លាំង​ជាតិ​តែមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន សម្លាប់​ជីវិត​ខ្មែរ បង្ក​របួសស្នាម ខាតបង់​ថវិកា​ក្រុមគ្រួសារ ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ និង​បន្សល់ទុក​កុមារកំព្រា និង​រងគ្រោះ​ជាច្រើន​នាក់​ថែមទៀត។ យើង​ត្រូវ​ផ្តើមចេញពី​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​យើងម្នាក់ៗក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​រួមចំណែក​បញ្ឈប់​ដំណក់ឈាម​ខ្មែរ​ហូរ​លើ​ដង​វិថី​យ៉ាង​អនាធិបតេយ្យ ក្នុងពេលដែល​ប្រទេស​ជាតិខ្មែរ​ទាំងមូល​មាន​សុខសន្តិភាព​បរិបូរណ៍ តម្រូវការ​ធនធានមនុស្ស​និង​រង់ចាំ​ការអភិវឌ្ឍ​គ្រប់វិស័យ​ជា​បន្តបន្ទាប់​ទៀត៕

ធូ វាសនា
រតនគិរី

អ៊ីមែល៖ [email protected]




© រក្សាសិទ្ធិដោយ thmeythmey.com