ជាតិ
​​​ន​យោ​បាយ​ជាតិ​
Comfrel ៖ រយៈពេល១ឆ្នាំ រដ្ឋាភិបាល​សម្រេច​នយោបាយ ៦ចំណុច ចំណោម ១៦ចំណុច
23, Feb 2015 , 5:56 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅក្នុង​រយៈពេល​មួយឆ្នាំ​ដំបូង រដ្ឋាភិបាល នីតិកាល​ទី៥ ដែល​ដឹកនាំ​ដោយ​គណបក្ស ប្រជាជន​កម្ពុជា បានសម្រេច​ពេញលេញ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ចំនួន ៦ចំណុច ក្នុងចំណោម​គោលនយោបាយ ១៦ចំណុច ស្មើនឹង​ជាង ៣៧ភាគរយ។ នេះ​បើ​យោង តាម​របាយការណ៍​ស្តីពី ការឃ្លាំមើល និង​ការផ្តល់​ពិន្ទុ​របស់​អង្គការ Comfrel។


រដ្ឋាភិបាល នីតិកាល​ទី៥ បាន​អនុវត្តន៍​សម្រេច​គោលនយោបាយ​ចំនួន៦ ក្នុងចំណោម ១៦ ចំណុច ដែលជា​គោលនយោបាយ​មាន​សូចនាករ​ច្បាស់លាស់។ គោលនយោបាយ​ដែលមាន សូចនាករ​ច្បាស់លាស់​ទាំងនោះ រួមមាន កំណើនសេដ្ឋកិច្ច​ចំនួន ៧ភាគរយ​ក្នុង​មួយឆ្នាំ ការ កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​អត្រា ១ភាគរយ​ក្នុង​មួយឆ្នាំ ការបញ្ឈប់​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការកែលម្អ​ផ្លូវលំ​ជនបទ​ជាជំហានៗពី​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ ឬ​ផ្លូវ​បេតុង ការរៀបចំ​គោលនយោបាយ​ដឹកជញ្ជូន​ទីក្រុង និង​គោលដៅ​ទាក់ទាញ​ទេសចរណ៍​បរទេស។

ជាមួយគ្នានេះដែរ អង្គការ ខុមហ្វ្រែល (Comfrel) ក៏បាន​ធ្វើការ​ស្រង់​មតិ​ដាក់ពិន្ទុ​លើ​គោល នយោបាយ​របស់​រដ្ឋាភិបាល​ពី​សាធារណជន​ជាង ៣០០នាក់ ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​ផងដែរ។

នៅក្នុង​របាយការណ៍​ស្តីពី ការឃ្លាំមើល និង​ការផ្តល់​ពិន្ទុ​លើ​លទ្ធផល​នៃ​ការ បំពេញ ឬ​អនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៥ ឆ្នាំ​ទី១នោះ បាន​បង្ហាញថា ពលរដ្ឋ​ជាង ៤០ភាគរយ បាន​ពេញចិត្ត និង​ជាង ៦០ភាគរយ មិន​ពេញចិត្ត​ទៅនឹង​ការអនុវត្តន៍ គោលនយោបាយ ៣៣ចំណុច​របស់​រដ្ឋាភិបាល ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក។

ខុមហ្វ្រែល បង្ហាញថា គោលនយោបាយ​អភិវឌ្ឍ​ន៍​លើ​វិស័យ​អប់រំ វិស័យ​សុខាភិបាល ការងារ វប្បធម៌ និង​សង្គមកិច្ច ត្រូវបាន​ប្រជាពលរដ្ឋ​ពេញចិត្ត​ជាង ៥០ភាគរយ ។ ចំណែក ពលរដ្ឋ​ជាង ៥០ភាគរយ​ទៀត ខុមហ្វ្រែល បានបង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​បានដាក់​ពិន្ទុ​មិន​ពេញចិត្ត​ទៅ នឹង​ការចំណាយ​ថវិកាជាតិ​ដែល​គ្រោង​ចំណាយ​ឆ្នាំ ២០១៤ ជាង ៣ពាន់​លាន​ដុល្លារ​អាមេរិក លើ​វិស័យ​សង្គមកិច្ច វិស័យ​ការពារជាតិ និង​សន្តិសុខ វិស័យសេដ្ឋកិច្ច និង​វិស័យ​រដ្ឋបាល​ទូទៅ។

ជុំវិញ​របាយការណ៍​ដាក់ពិន្ទុ​នេះ លោក សៀន ប៊ុន​រិ​ទ្ធ មន្ត្រី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល បាន​ឲ្យ​ដឹងថា របាយការណ៍​ការឃ្លាំមើល និង​ការដាក់​ពិន្ទុ​លើ​គោលនយោបាយ​របស់ រដ្ឋាភិបាល​នីតិកាល​ទី ៥ ឆ្នាំ​ទី១ នេះ ផ្អែកលើ​ការវិភាគ​ព័ត៌មាន ឬ​ទិន្នន័យ​ដែលមាន​ស្រាប់ មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ របា​ការណ៍​បឋម​របស់​អង្គការ​ជាតិ និង​អន្តរជាតិ និង​តាមរយៈ​វេទិកា ម្ចាស់ឆ្នោត​ដែល​រៀបចំឡើង​ដោយ​អង្គការ​ខុម​ហ្រែ​ល កាលពី​ចុងឆ្នាំ២០១៤ ៕



© រក្សាសិទ្ធិដោយ thmeythmey.com