ជាតិ
បទវិភាគ
អ្នកជំនួញជោគជ័យជានិរន្តរ៍ជាង៩៩% គឺជាអ្នកជំនួញដែលមានការអប់រំល្អ
×
ការធ្វើជំនួញ និងភាពជោគជ័យក្នុងការងារ នឹងកើតឡើងជាលក្ខណៈធម្មជាតិ។ ប៉ុន្តែមុននឹងទទួលបានជោគជ័យ ជាដំបូង លោកអ្នកត្រូវចាប់យកឱកាសដ៏ល្អបំផុត ក្នុងនោះជារួមមាន៖ ការទទួលបាននូវការអប់រំ នៅពេលដែលលោកអ្នកនៅមានវ័យក្មេង និងគំនិតរបស់លោកអ្នកនៅជ្រះថ្លាល្អបំផុត។ ឱកាស គឺមិនកើតឡើងពីរដងនោះទេ ដូច្នេះ លោកអ្នកត្រូវចាប់ផ្តើមបង្កើតឱកាស ដោយចូលសាលារៀន សិក្សា និងស្វែងយល់។ អ្នកជំនួញជោគជ័យជានិរន្តរ៍ជាង៩៩% គឺជាអ្នកជំនួញដែលមានការអប់រំខ្ពស់។
ការអប់រំទាំងក្នុង ឬក្រៅប្រទេស នឹងជួយលោកអ្នកអោយកាន់តែមានភាពល្អិតល្អន់ ឬចាស់ទុំជាងមុន។ ទស្សនៈវិស័យរបស់លោកអ្នកយល់ដឹងពីពិភពលោក នឹងមានការផ្លាស់ប្តូរ។ ពិភលោករបស់លោកអ្នក នឹងកាន់តែមានភាពទូលំទូលាយ និងសាកលជាងមុន ហើយចំណេះដឹងរបស់លោកអ្នក នឹងកាន់ជ្រៅជ្រះជាងមុន។ លោកអ្នក នឹងក្លាយជាបុគ្គលដែលប្រកបដោយឧត្តមគតិ និងចិត្តមេត្តាធម៌ផងដែរ។
មុខវិជ្ជាសិក្សា គឺមិនមែនជាចំណោទបញ្ហានោះទេ។ សិក្សាកាន់តែច្រើន កាន់តែល្អ វាអាស្រ័យទៅលើខួរក្បាលរបស់អ្នកអាចទទួលយកបាន ប្រាជ្ញារបស់លោកអ្នកអាចទទួលយកបាន ឬជ្រួតជ្រាបបាន និងលទ្ធភាពរបស់លោកអ្នកអាចឆ្លើយតបទៅនឹងការសិក្សានោះបាន។ ហើយវាគ្មានអ្វីល្អ ប្រសើរជាងការសិក្សាច្រើននោះទេ។
តាមរយៈការអប់រំ មូលដ្ឋានគ្រឹះនៃជីវិតរបស់លោកអ្នកមានភាពរឹងមាំដូចសរសេរបេតុងគ្រឹះនៃគេហដ្ឋាន។ មូលដ្ឋានគ្រឹះចំណេះដឹងរបស់លោកអ្នកនឹងកាន់តែរឹងម៉ាំ ប្រសិនបើលោកដកស្រង់អ្នកពិសោធន៍ជាក់ស្តែងច្រើននៅក្នុងការងារ ព្រមជាមួយនឹងការអានជាច្រើនផងដែរ។
អានច្រើន ពិសោធន៍ការងារច្រើននឹងធ្វើអោយលោកអ្នកក្លាយជាបុគ្គលដែលមានចំណេះដឹង និងភាពជឿជាក់កាន់តែខ្លាំង។ ប្រសិនបើអាច លោកអ្នកត្រូវព្យាយាមយ៉ាងណាអោយបានទៅសិក្សានៅក្រៅប្រទេស ព្រោះវានឹងធ្វើអោយលោកអ្នក ប្រែកា្លយទៅជា បុគ្គលដែលកាន់តែមានភាពល្អប្រសើរផ្នែកការយល់ដឹង ក្លាយជាបុគ្គលមានហេតុផល មានការវិនិច្ឆ័យខ្ពស់ និង មានចក្ខុវិស័យខ្ពស់លើអ្វីដែលមាននៅជុំវិញខ្លួន។
ក្រោយពីទទួលបាននូវចំណេះហើយ លោកអ្នកនឹងអាចដឹងថា នរណា គឺជានរណា ហើយលោកអ្នកនឹងចេះដឹងថា តើត្រូវដូចម្តេចដើម្បីទំនាក់ទំនង ឬត្រូវធ្វើការជាមួយបុគ្គលទាំងនោះ។ លោកអ្នកនឹងអាចធ្វើការបែងចែករវាងតួនាទីកូនចៅគេ( yes-sir men) និង ចៅហ្វាយគេ (do-it men)។ លោកអ្នកនឹងអាចទទួលបានការគោរពពីបុគ្គលក្រោមឱវាទរបស់អ្នក។ បុគ្គលិក គឺជាបុគ្គលដែលអាចធ្វើអោយលោកអ្នក ឬក្រុមហ៊ុនលោកអ្នករីកចម្រើនលឿនបំផុត និងផ្ទុយមកវិញ។
អ្នកដឹកនាំល្អ គឺជាអ្នកដឹកនាំដែលស្គាល់ពីវិធីសាស្ត្រក្នុងការលើកទឹកចិត្ត និងផ្តល់ការគាំទ្រ ដល់បុគ្គលិកដែលមានការប្រឹងប្រែង និងតាំងចិត្តខ្ពស់។ ប្រសិនបើលោកអ្នកយល់បញ្ហានេះ លោកអ្នកនឹងមិនទទួលបាននូវភាពសៅហ្មងមកវិញឡើយ។ លើសពីនេះទៅទៀត បុគ្គលិក របស់លោកអ្នកនឹងជួយអ្នកអោយកាន់តែមានភាពរុងរឿង។
អ្នកដឹកនាំដែលអស្ចារ្យ ត្រូវតែមានការជឿជាក់ និងសំដែងការស្មោះត្រង់ជាមួយបុគ្គលិករបស់ខ្លួន ហើយបុគ្គលិកដ៏អស្ចារ្យ គឺជាបុគ្គលិក ដែលពួតដៃគ្នាជាក្រុមជាធ្លុងមួយ ហើយបង្កើតចក្រភពដ៏អស្ចារ្យ។
ជារួមមក បុគ្គលដែលជោគជ័យ គឺកើតឡើងដោយកត្តាមួយចំនួនក្នុងនោះជារួមមាន៖ ការអប់រំ បទពិសោធន៍ការងារ ធ្វើចរិតដូចជាបុគ្គលិក ពោលគឺមិនធ្វើខ្លួនជាចៅហ្វាយ និងត្រូវការអានអោយបានច្រើន។ ត្រូវអានអ្វីដែលធ្វើអោយលោកអ្នកចាប់អារម្មណ៍ និងអានអ្វីដែលលោកអ្នកចាប់អារម្មណ៍។ ចាប់ពីនេះតទៅ លោកអ្នកនឹងអាចកសាងនូវការយល់ដឹងរួម និងចំណេះដឹងទូទៅជាមួយនឹងផ្នត់គំនិតដែលប្រកបដោយភាពត្រឹមត្រូវ ដែលនឹងធ្វើអោយជីវិតរបស់លោកអ្នក ឬជំនួញរបស់លោកអ្នកជោគជ័យ ឬបរាជ័យ។
លោកអ្នកត្រូវចងចាំថា មនុស្សគ្រប់គ្នា គឺសុទ្ធសឹងតែមានទេពកោសល្យដូចគ្នា ក៏ប៉ុន្តែ ភាពវៃឆ្លាតកើតឡើងអាស្រ័យទៅកត្តាទាំងអស់ ដូចដែលបានរៀបរាប់ខាងលើ។
ខ្ញុំសូមធានាអស់លោកអ្នកថា លោកអ្នកនឹងអាចឃើញនូវពិភពលោក ក្នុងទស្សនវិស័យផ្សេងគ្នា នៅពេលដែលលោកអ្នកបានបញ្ចប់នូវការងារណាមួយដែលស្របទៅតាមការគ្រោងទុករបស់លោកអ្នក។ លោកអ្នកនឹងមានអារម្មណ៍ថា ពិភពលោកហាក់បីដូចជាកម្មសិទ្ធិរបស់លោកអ្នក ហើយវាស្ថិតនៅក្នុងដៃរបស់អ្នក ដែលនឹងធ្វើអោយលោកអ្នកមានអារម្មណ៍ថា លោកអ្នកកំពុងស្ថិតនៅពីក្រោយខ្នងនៃអនាគតរបស់លោកអ្នក៕
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលារៀនអន្តរទ្វីបអាមេរិកាំង AIS និងវិទ្យាស្ថានអន្តរទ្វីបអាមេកាំង AII
© រក្សាសិទ្ធិដោយ thmeythmey.com