ជាតិ
សង្គមជាតិ
គ្រូបង្រៀនវិទ្យាល័យ១០មករាធ្វើកូដកម្មសុំដកគ្រូបង្រៀនម្នាក់ចេញពីសាលា
× សៀមរាប៖ គ្រូបង្រៀននៃវិទ្យាល័យ ១០មករា ១៩៧៩ ដែលជាសាលាធំជាងគេនៅក្នុងខេត្តសៀមរាប បានសម្រេចចិត្តធ្វើកូដកម្ម មិនចូលបង្រៀនសិស្សរយៈពេល៣ថ្ងៃ។ កូដកម្មនេះធ្វើឡើង ដើម្បីដាក់សម្ពាធដល់សាលា ក្នុងការដកគ្រូបង្រៀនម្នាក់ ដែលធ្វើឲ្យខូចកិត្តិយសសាលា នាពេលកន្លងមក។
គ្រូបង្រៀនវិទ្យាល័យ១០មករា បានធ្វើកូដកម្មនៅព្រឹកថ្ងៃពុធនេះ ដើម្បីឲ្យសាលាដកគ្រូបង្រៀនម្នាក់ ដែលគ្រូបង្រៀនទាំងនោះអះអាងថា បានប្រព្រឹត្តិនូវកំហុសឆ្គងមួយចំនួន ដែលធ្វើឲ្យខូចមុខមាត់សាលា។ នៅព្រឹកថ្ងៃពុធនេះ សិស្សមួយចំនួនបានចូលរៀន និងខ្លះទៀតបានត្រឡប់ទៅផ្ទះវិញ ព្រោះគ្មានគ្រូបង្រៀន។
តំណាងគ្រូបង្រៀននៃវិទ្យាល័យ១០មករា បានឲ្យដឹងថា លោកគ្រូ ជាន ស៊ន ដែលខាងលោកគ្រូ អ្នកគ្រូ ចង់ឲ្យផ្លាស់ប្តូរចេញពីសាលា គឺធ្លាប់មានទំនាស់ជារឿយៗនឹងគ្រូឯទៀត មិនតែប៉ុណ្ណោះបុគ្គលរូបនោះ បានប្រើពាក្យប្រមាថមើលងាយដល់គ្រូបង្រៀនដទៃ ដែលមានវ័យចំណាស់ជាងខ្លួន។ តំណាងគ្រូបង្រៀនដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា៖« មូលហេតុ គឺលោកគ្រូ ជាន ស៊ន ធ្លាប់ធ្វើទារុណកម្មលោកគ្រូម្នាក់ ហើយបង្ហោះក្នុងហ្វេសប៊ុក។ ទង្វើហ្នឹង ធ្វើឲ្យអាប់អោនកតិ្តយសលោកគ្រូដែលជាជនរងគ្រោះ មិនតែប៉ុណ្ណោះធ្វើឲ្យអាណាព្យាបាលសិស្សលែងទុកចិត្តគ្រូនៅសាលា១០មករា ខ្លះបានផ្ទេរកូនទៅរៀននៅសាលាឯកជនវិញ»។ ប្រភពដដែលបន្តថា លោកគ្រូ ជាន ស៊ន បានផ្លាស់ពីខេត្តប៉ៃលិន ក្នុងអំឡុងឆ្នាំ២០០៧ ហើយជារឿយៗ បានបង្កទំនាស់ជាពាក្យសំដី និងប្រើហិង្សានឹងគ្រូឯទៀត។
ការសុំផ្លាស់ប្តូរលោកគ្រូ ជាន ស៊ន ដែលបង្រៀនមុខវិជ្ជាភាសាខ្មែរនេះ គឺដើម្បីស្តារមុខមាត់វិទ្យាល័យ១០មករា ដែលសាលាគំរូនៅក្នុងខេត្តសៀមរាប និងធ្លាប់មានឈ្មោះខាងបណ្តុះអ្នកពូកែជាច្រើន ជាក់ស្តែងសិស្សជាប់និទ្ទេសA នៅឆ្នាំ២០១៤ យុវសិស្ស វណ្ណ លីដា ក៏ធ្លាប់រៀននៅសាលានេះដែរ។ នេះបើតាមឲ្យបញ្ជាក់ពីតំណាងគ្រូបង្រៀន ដែលចេញធ្វើកូដកម្ម។
នាយកវិទ្យាល័យ១០មករា លោក គឹម ឡេង សុំមិនបកស្រាយចំពោះរឿងនេះ ចំណែកខាងគ្រូបង្រៀនបញ្ជាក់ថា នាយកសាលាទំនងចូលដៃចូលជើងនិងលោកគ្រូ ជាន ស៊ន។
កូដកម្មមិនចូលបង្រៀនរបស់គ្រូបង្រៀនវិទ្យាល័យ១០មករា មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលដាក់ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ កាលពីថ្ងៃទី៨ ខែមករា កន្លងទៅ ក្រុមគ្រូបង្រៀន ដែលមានស្នាមេដៃចំនួន ១២៦នាក់ ក្នុងចំណោមគ្រូបង្រៀនទាំង ១៧៦នាក់ ក្នុងវិទ្យាល័យ១០មករា បានដាក់សំណើររបស់ខ្លួនទៅមន្ទីរអប់រំដែរ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបបែបណា ទើបពួកគេសម្រេចធ្វើកូដកម្ម ដើម្បីសុំដំណោះស្រាយ។
ជុំវិញបញ្ហានេះ លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំខេត្តសៀមរាប បានឲ្យដឹងថា រហូតមកដល់ពេលនេះ ខាងមន្ទីរបានប្រជុំ៤លើកមកហើយ ក្នុងការរកដំណោះស្រាយ។ លោក សេរីឌី ស្នើឲ្យគ្រូបង្រៀនទាំងអស់រង់ចាំដំណោះស្រាយពីថ្នាក់ខេត្ត ហើយត្រូវការពេលវេលាបន្ថែមសម្រាប់ការស្រាវជ្រាវរឿងនេះ។ យ៉ាងណាមិញ លោក សេរីឌីអះអាងថា នេះជារឿងទំនាស់បុគ្គល ប៉ុន្តែបានទាញចូលទៅក្នុងការគ្រប់គ្រងរបស់សាលា។ លោកសំណូមពរឲ្យគ្រូបង្រៀនទាំងអស់ គិតគូរពីផលប្រយោជន៍សិស្សជាធំ មុនសម្រេចធ្វើកូដកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com