កីឡាអន្តរជាតិ
អន្តរជាតិ
សំបុត្រ​ចូល​មើល​ការប្រកួត​រវាង Pacquiaoនិង​Floyd ថោក​បំផុត​តម្លៃ​ជាង៤០០០ ដុល្លារ
25, Feb 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រោយពី​កីឡាករ​ប្រដាល់​ពីររូប​គឺ Floyd Mayweatherរបស់​សហរដ្ឋអាមេរិក និង Manny Pacquiao មកពី​ប្រទេស​ហ្វីលីពីន បាន​យល់ព្រម​ចុះហត្ថលេខា​ដើម្បី​ប្រកួត​ជាមួយគ្នា​រួចមក​នោះ សំបុត្រ​ចូល​ទស្សនា​កម្មវិធី​ប្រកួត​ដ៏​ធំ​នេះ ក៏ត្រូវ​បានដាក់​លក់​ផងដែរ។



សារ​ជីវ​កម្ម​ESPN បាន​បង្ហើប​ឲ្យ​ដឹងថា សំបុត្រ​ចូល​ទស្សនា​កម្មវិធី​ប្រកួត​នេះ គឺ​ថោក​បំផុត​មានតម្លៃ​ក្នុង​រង្វង់​មួយ​សន្លឹក ៣៥០០ ដុល្លារ នៅក្នុង​ទីផ្សារ​ដំបូង ប៉ុន្តែ​តម្លៃ​នេះ​នឹង​កើនឡើង​ដល់​ជាង ៤០០០ ដុល្លារ សម្រាប់​ការលក់​បន្ត​នៅក្នុង​ទីផ្សារ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​តម្លៃ​សំបុត្រ​នេះ​គឺ​នៅ​ថោក​ជាង​តម្លៃ​សំបុត្រ​ចូល​មើល​ការប្រកួត​បាល់ទាត់​អាមេរិក​Super Bowlវគ្គ​ផ្ដាច់ព្រ័ត្រ ដែលមាន​តម្លៃថោក​បំផុត​រហូតដល់ លើសពី ៥០០០ ដុល្លារ​ក្នុង​មួយ​សន្លឹក។

បើ​យោងតាម​តម្លៃ​សំបុត្រ​ខាងលើនេះ គឺ​មានន័យថា​កីឡាករ​Floyd និង Pacquiao នឹង​ប្រកួត​គ្នា​ដើម្បី​ដណ្ដើម​ប្រាក់​រាប់រយ​លាន​ដុល្លារ ហើយ​បានធ្វើ​ឲ្យ​កម្មវិធី​ប្រកួត​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា «កម្មវិធី​ប្រកួត​ប្រចាំ​សតវត្សរ៍»។

សូមបញ្ជាក់ថា កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​ទាំងពីរ គឺ Floyd Mayweatherនិង Manny Pacquiao បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ក្នុងការ​ប្រកួត​ដ៏​ធំ​មិន​ធ្លាប់មាន នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ នៅ​សង្វៀន​MGM Grand Garden Arena ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក៕





© រក្សាសិទ្ធិដោយ thmeythmey.com