ជាតិ
បទវិភាគ
រដ្ឋាភិបាលគួរប្រើប្រាស់ធនធានមនុស្សឱ្យបានត្រឹមត្រូវ!
× ភ្នំពេញ៖ ធនធានមនុស្ស ជាទូទៅសំដៅយកមនុស្សទាំងអស់ដែលបំពេញការងារក្នុងស្ថាប័ន ឬធុរកិច្ច។ ធនធានមនុស្សដែលមានគុណភាពខ្ពស់ ត្រូវមានទាំងសុខភាពរឹងមាំ មនសិការ សុឆន្ទៈ ទេពកោសល្យ ជំនាញ បទពិសោធ ភាពជាអ្នកដឹកនាំ វិធីសាស្ត្រគ្រប់គ្រង និងសីលធម៌វិជ្ជាជីវៈ។ ធនធានមនុស្សប្រភេទនេះ ប្រសិនបើត្រូវបានគេយកទៅប្រើចំពេលវេលា ទីកន្លែង និងវិស័យដែលស្របទៅនឹងទេពកោសល្យ ជំនាញ និងបទពិសោធរបស់ពួកគេនោះ នាំឱ្យសង្គមទទួលបានផលិតភាពនិងផលិតផលគួរជាទីពេញចិត្ត។ តើសង្គមខ្មែរ បច្ចុប្បន្ន ប្រើប្រាស់ធនធានមនុស្សរបស់ខ្លួនបានត្រឹមត្រូវហើយឬនៅ?
ក្រោយថ្ងៃរំដោះ ទី៧ ខែមករា ឆ្នាំ១៩៧៩ ធនធានមនុស្សរបស់កម្ពុជានៅសេសសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ ខណៈនោះ កម្ពុជាបានប្រកាន់យកទស្សនៈ«អ្នកចេះច្រើនបង្រៀនអ្នកចេះតិច, អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ»។
នៅពេលនោះ គ្រូបង្រៀននិងមន្ត្រីរាជការគ្រប់ប្រភេទ រួមទាំងអ្នកដឹកនាំនិងអ្នកគ្រប់គ្រងជាន់ខ្ពស់ផងដែរ ភាគច្រើនគឺជាមនុស្សចាស់ និងមានចំណេះដឹងមិនសូវខ្ពស់ទេ។ ចរន្តនេះ នៅតែបន្តកើតមានក្នុងរយៈពេលជាច្រើនឆ្នាំ ជាពិសសេស ចំពោះអ្នកដឹកនាំនិងអ្នកគ្រប់គ្រងជាន់ខ្ពស់។ ការណ៍ដែលចរន្តនេះនៅអាចបន្តបានយូរដូច្នេះ ពីព្រោះតែវាស្របនឹងទម្លាប់របស់សង្គមខ្មែរដែលមិនសូវឱ្យតម្លៃមនុស្សវ័យក្មេង, មិនទាន់យល់ច្បាស់ពីរបៀបប្រើប្រាស់ធានធានមនុស្សប្រកបដោយប្រសិទ្ធភាព និងរារែកក្នុងការផ្ដល់សិទ្ធិអំណាចឱ្យអ្នកបន្តវេន។
ប៉ុន្តែ ក្នុងរយៈពេលថ្មីៗនេះ ខណៈដែលកម្ពុជាបានកសាងធនធានមនុស្សរបស់ខ្លួនបានច្រើនគួរសម យើងបានសង្កេតឃើញថា ការប្រើប្រាស់ធនធាននុស្ស មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ទាំងក្នុងកម្រិតគណបក្សនយោបាយ ដោយបានបញ្ចូលយុវជនទៅក្នុងសមាជិកសំខាន់ៗរបស់បក្ស និងកម្រិតស្ថាប័នរដ្ឋ ដោយបានតែងតាំងយុជន ជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ត្រី តំណាងរាស្ត្រ និងតំណែងផ្សេងៗទៀតក្នុងជួរកងទ័ពនិងនគរបាលជាតិជាដើម។ ការប្រែប្រួលថ្មីនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនដែលកំពុងតាមដានឃ្លាំមើលរឿងនេះ។
បញ្ហាចំពោះកំណែទម្រង់ថ្មីនេះ ស្ថិតនៅត្រង់ថា តើយុវជនដែលត្រូវបានបញ្ចូលនៅក្នុងមុខតំណែងសំខាន់ៗរបស់បក្សនយោបាយ និងស្ថាប័ននានារបស់រដ្ឋនោះ តើពួកគេត្រូវបានសម្រួចនិងរៀបចំឱ្យមានសក្ដានុពលគ្រប់គ្រាន់ហើយឬនៅ ដែលរួមមានទាំងសុខភាពរឹងមាំ មនសិការ សុឆន្ទៈ ទេពកោសល្យ ជំនាញ បទពិសោធ ភាពជាអ្នកដឹកនាំ វិធីសាស្ត្រគ្រប់គ្រង និងសីលធម៌វិជ្ជាជីវៈ សមស្រមទៅនឹងមុខតំណែង តួនាទី ភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនហើយឬនៅ ឬមួយពួកគេគ្រាន់តែទទួលបានឱកាសទាំងនេះ ដោយសារតែពួកគេជាសកម្មជនក្នុងបក្សនយោបាយ ឬជាសាច់ញាតរបស់អ្នកធំក្នុងបក្ស និងក្នុងស្ថាប័នរដ្ឋតែប៉ុណ្ណោះ។
បើអ៊ីចឹងមែននោះ រូបភាពនៃកំណែទម្រង់ក្នុងបក្សនយោបាយ និងស្ថាប័នរដ្ឋដូចដែលយើងបានឃើញនោះ វានឹងមិនបានធ្វើឱ្យមានការប្រែប្រួលសង្គមរបស់យើងជាដុំកំភួនទេ វាគ្រាន់តែជាដំណាក់កាលនៃការប្ដូវេនពីអ្នកជំនាន់មុនដែលមានអាយុចាស់ ធ្វើការស្ទើរតែលែងកើតទៅហើយនោះ មកឱ្យអ្នកជំនាន់ក្រោយរបស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយុវជនទាំងនោះ មានសក្ដានុពលគ្រប់គ្រាន់ សង្គមខ្មែរទាំងមូល ជាពិសេស មន្ត្រីដែលមានអាយុចាស់ គួរតែរីករាយនិងស្វាគមន៍ចំពោះយុវជនទាំងនោះ។ លើសពីនេះទៅទៀត មន្ត្រីដែលមានអាយុចាស់ជាងនិងមន្ត្រីដែលមានអាយុក្មេងជាង(យុវជន) ត្រូវតែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បីផលិតភាព និងប្រសិទ្ធភាពការងារ ហើយមិនគួរមានការរើសអើងគ្នាទៅវិញទៅមកលើមូលដ្ឋានអាយុរបស់មន្ត្រីនោះទេ៕
ដោយ សច្ចវិទូ
© រក្សាសិទ្ធិដោយ thmeythmey.com