ជាតិ
បទយកការណ៍ / បទសម្ភាសន៍
CPP ជោគជ័យ ឬ​បរាជ័យ​នៅ​ឆ្នាំ២០១៨មិន​អាស្រ័យ​លើ​លោក ហ៊ុន សែន ម្នាក់ឯង​ទេ
27, Feb 2015 , 11:56 am        
រូបភាព

ភ្នំពេញ៖ លោក Raoul Marc Jennarជនជាតិ​បារាំង និង​ខ្មែរ បច្ចុប្បន្ន​ជាទី​ប្រឹក្សា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និយាយថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ដកស្រង់​បទពិសោធន៍​បរាជ័យ​ឆ្នាំ២០១៣ដើម្បី​ប្រជែង​យកជ័យ​ជម្នះ​មកវិញ​នៅ​ឆ្នាំ២០១៨ខាងមុខនេះ។ ជោគជ័យ​ធំ ឬ​បរាជ័យ​នៅ​ឆ្នាំ ២០១៨ មិនមែន​អាស្រ័យ​លើ​តែ​លោក ហ៊ុន សែន ម្នាក់ឯង​នោះទេ តែ​វា​អាស្រ័យទៅលើ​មនុស្ស​ផ្សេងទៀត​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​មនុស្ស​ផ្សេងទៀត​នៅក្នុង​គណបក្ស​ត្រៀម​ដកស្រង់​បទពិសោធន៍​បរាជ័យ​ឆ្នាំ២០១៣ហើយ​ឬ​នៅ? តើ​គ្រប់គ្នា​ត្រៀម​ប្រឹងប្រែង​ធ្វើកំណែទម្រង់​ហើយ​ឬ​នៅ?ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទសម្ភាសន៍​ផ្តាច់មុខ​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង លោក Raoul Marc Jennar ទីប្រឹក្សា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។



លោក គី សុខ​លីម៖ ដោយសារ​លោក​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ហើយ​លោក​បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​នៅ​ឆ្នាំ១៩៨៩ក្នុងនាម​ជាទី​ប្រឹក្សា​នីតិសាធារណៈ និង​លោក​បាន​ស្គាល់​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្បាស់​គួរសម​ផង​នោះ។ តើ​លោក​យល់​យ៉ាងដូចម្តេច​ចំពោះ​របៀប​ដឹកនាំ​របស់លោក ហ៊ុន សែន ក្នុង​រយៈពេល៣០ឆ្នាំ​ចុង​ក្រោយនេះ?
លោក Raoul Marc Jennar ៖ វា​មិនមែនជា​ការងាយស្រួល​ប៉ុន្មាន​ទេ​នៅក្នុង​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក។ វា​តែងតែមាន​ចំណុច​ល្អ និង​អាក្រក់​ក្នុងការ​ដឹកនាំ​នៅ​គ្រប់​ប្រទេស​ទាំងអស់។ ចំពោះ​ប្រទេស​កម្ពុជា ខ្ញុំ​អាច​និយាយបានថា គេ​មិនអាច​បំភ្លេច​ចំណុច​ដែលថា តើ​កម្ពុជា​មកពី​ទីណា? តើ​មាន​អ្វី​កើតឡើង​នៅក្នុង​ប្រទេស​នេះ​ក្នុង​ចន្លោះ​ឆ្នាំ១៩៧០ និង​ឆ្នាំ១៩៧៩។ ក្នុង​រយៈពេល​នោះ អ្នកចេះដឹង​មួយ​ភាគ​ធំ​ត្រូវបាន​បាត់បង់​ជីវិត ដូច្នេះ​បច្ច័យ​អាក្រក់​នេះ​វា​អូសបន្លាយ​យូរណាស់។ ការកសាង​ផ្លូវ ស្ពាន សាលា មន្ទី​ពេទ្យ​ឡើងវិញ គឺ​ងាយស្រួល​ទេ។ តែ​កសាង ឬ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឡើងវិញ គឺ​ត្រូវការ​ពេល​យ៉ាងតិច៥០ឆ្នាំ។ ពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៩២ គឺជា​ពេលវេលា​ដែល​កម្ពុជា​បាត់បង់​ឱកាស ពីព្រោះ​កាលណោះ កម្ពុជា​ស្ថិតនៅ​ឯក​កា​បន្តិច​ពី​ពិភពលោក។ ចំពោះ​ខ្ញុំ ខ្ញុំ​អាច​ចាត់ទុកថា កម្ពុជា​មានការ​រីកចម្រើន តែ​នេះ​គឺជា​កិច្ចការ​មួយ​ដែល​ត្រូវធ្វើ​បន្ត ហើយ​វា​មិនចេះចប់​ទេ។ ដើម្បី​ក្លាយជា​ប្រទេស​នីតិរដ្ឋ និង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ គេ​ត្រូវការ​ពេលវេលា​បន្តទៀត។ ប្រជាធិបតេយ្យ​មិនអាច​កើតឡើងភ្លាមៗបានទេ។ ប្រជាធិបតេយ្យ​ត្រូវការ​កម្រិត​អប់រំ​ទូទៅ​របស់​ប្រជាពលរដ្ឋ​មួយ​គួរសម។ ជាទូទៅ នៅក្នុង​ប្រទេសមួយ​ដែល​ពលរដ្ឋ​មិនសូវមាន​ចំណេះដឹង​ទូទៅ​ល្អ ប្រទេស​នោះ​គ្មាន​ប្រជាធិបតេយ្យ​ឡើយ។ នៅទីនេះ នៅ​កម្ពុជា លោក​កំពុង​សម្ភាសន៍​ខ្ញុំ​បាន តែ​លោក​មិនអាច​ធ្វើបាន​នៅ​វៀតណាម នៅ​ឡាវ និង​នៅ​ភូមា។ នៅក្នុង​ប្រទេស​ថៃ​ដែល​កំពុង​ដឹកនាំ​ដោយ​របប​យោធា វា​ក៏​ជា​រឿង​ពិបាក​ដែរ។ ខ្ញុំ​មិន​ភ្លេច​អ្វីដែល​នាយក​កាសែត Cambodia Daily ជា​កាសែត​ប្រឆាំង​រដ្ឋាភិបាល​ធ្លាប់​និយាយប្រាប់​ខ្ញុំ​ថា កាសែត The Cambodia Daily ភ្នំពេញ​គឺជា​កាសែត​ដែលមាន​សេរីភាព​ជាង​កាសែត Washington Post នៅ Washingtonនិង​មាន​សេរីភាព​ជាង​កាសែត New York Time នៅ New York។

លោក គី សុខ​លីម៖ អ្នកខ្លះ​និយាយថា លោក ហ៊ុន សែន ក្តោប​អំណាច​តែម្នាក់ឯង។ តើ​ត្រឹមត្រូវ​ឬទេ?
លោក Raoul Marc Jennar ៖ មិន​ត្រឹមត្រូវ​ទេ។ ខ្ញុំ​មិនដែល​ជឿថា លោក ហ៊ុន សែន​ជា​Strong Man ទេ។ អំណាច​របស់លោក ហ៊ុន សែន បាន​ប្រើប្រាស់​ដោយ​ជោគជ័យ​ក្នុងការ​បង្រួបបង្រួម និង​រក្សា​សាមគ្គីភាព​ផ្ទៃ​ក្នុងនៃ​គណបក្ស​របស់គាត់។ គាត់​មិនមែនជា​Strong Man ក្នុងន័យ​ប្រើប្រាស់​អំណាច​នោះទេ។ លោក ហ៊ុន សែន តែងតែ​ប្រើប្រាស់​មធ្យោបាយ​សម្របសម្រួល​ជាមួយ​ដៃគូ​នៅក្រៅ​គណបក្ស​របស់គាត់។

លោក គី សុខ​លីម៖ អ៊ីចឹង លោក ហ៊ុន សែន មិនមែន​ផ្តាច់ការ​ដូច​ការចោទប្រកាន់​នោះទេ?
លោក Raoul Marc Jennar៖ ខ្ញុំ​មិន​យល់ស្រប​នឹង​ការ​ហៅថា​ផ្តាច់ការ​នោះទេ។ ខ្ញុំ​បាន​សរសេរ​នៅក្នុង​សៀវភៅ​របស់ខ្ញុំ​ដែលមាន​ចំណងជើង​ថា«៣០ឆ្នាំក្រោយ​របប​ប៉ុលពត»។ នៅក្នុង​សំណេរ​របស់ខ្ញុំ ខ្ញុំ​សរស​រថា លោក ហ៊ុន សែន មិនមែនជា​អ្នកប្រជាធិបតេយ្យ​ប្រាកដនិយម ហើយក៏​មិនមែន​ជន​ផ្តាច់កា​រដែរ។ លោក ហ៊ុន សែន គឺជា​ខ្មែរ ដូច្នេះ គាត់​ដឹកនាំ​របៀប​ខ្មែរ ដូច​ខ្មែរ​ផ្សេងទៀត​ដែល​ធ្លាប់មាន​ទម្លាប់​ដឹកនាំ​ដូច្នោះ​ដែរ។ហើយ​ខ្ញុំ​ដឹងថា លោក ហ៊ុន សែន មិនសូវ​សប្បាយចិត្ត​ទេ​បើ​ខ្ញុំ​និយាយថា​លោក ហ៊ុន សែន គឺ សីហនុ។ គាត់​ធ្វើ​ដូច នរោត្តម សីហនុ។

លោក គី សុខ​លីម៖ គេ​មើ​លពី​ខាងក្រៅ​ឃើញថា លោក ហ៊ុន សែន ទំនងជា​កាច ពីព្រោះ​ពេល​គាត់​ធ្វើ​សុន្ទរកថា គាត់​និយាយខ្លាំងៗ ពេលខ្លះ សំឡុត​ទៀតផង បើតាម​យោបល់​លោក តើ​គាត់​ជា​មនុស្ស​កាច ឬ​ស្លូត?
លោក Raoul Marc Jennar៖ គាត់ គឺជា​មនុស្ស​ចិត្តល្អ។ គាត់ គឺជា​មនុស្ស​មនោសញ្ចេតនា។ តែ​ជា​រឿង​ធម្មតា​ទេ​ដែល​មនោសញ្ចេតនា​ពេលខ្លះ​អាច​ក្លាយទៅជា​កំហឹង​នោះ។ ខ្ញុំ​ក៏​អ៊ីចឹង​ដែរ។ លោក ហ៊ុន សែន គឺជា​មនុស្ស​ស្តាប់​គេ និង​អោយគេ​ធ្វើការ និង​ធ្វើការ​ខ្លួនឯង។ លោក ហ៊ុន សែន ខ្លួនឯង​ធ្វើការ​ច្រើនណាស់។ ការិយាល័យ​របស់គាត់ គឺជា​ការិយាល័យ​ការងារ​ពិតប្រាកដ។ គាត់ គឺជា​មនុស្ស​សម្រាន្ត​តិច​បំផុត។ គាត់ គឺជា​មនុស្ស​ស្គាល់​សំណុំ​ឯកសារ ឬ​សំណុំរឿង​ពិតប្រាកដ។ មន្ត្រី​ទូត​តាំងពី​ឆ្នាំ១៩៩២មក​នៅ​ភ្នំពេញ​ដែល​ធ្លាប់​ចូល​សម្តែង​ការគួរសម​ជាមួយ​លោក ហ៊ុន សែន តែងតែ​ដឹងថា លោក ហ៊ុន សែន ស្គាល់​សំណុំ​ឯកសារ​ច្បាស់​មែនទែន។ ម្យ៉ាងវិញទៀត អ្នក​ដែល​នៅក្បែរ​គាត់​ក៏ត្រូវ​ធ្វើការ​ច្រើនណាស់។

លោក គី សុខ​លីម៖ ដោយសារ​លោក​តាមដាន​សភាពការណ៍​កម្ពុជា​គៀក​ដែរ តើ​លោក​គិតថា កំណែ​ង​ទម្រង់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួលបាន​ផ្លែផ្កា​ហើយ​ឬ​នៅ?
លោក Raoul Marc Jennar៖ គេ​ទើប​អនុម័ត​ច្បាប់​បី​ទាក់ទង​ទៅនឹង​ប្រព័ន្ធយុត្តិធម៌​កាលពី​ចុងឆ្នាំ​មុននេះ។ ដូច្នេះ​ដើម្បី​អនុវត្ត​ច្បាប់​នេះ​អោយ​បានល្អ គេ​ត្រូវការ​ពេលវេលា។ លទ្ធផល​កំណែទម្រង់​មិនអាច​ឃើញ​ភ្លាម​ទេ។ ខ្ញុំ​នឹក​ឃើញថា នៅពេល​គេ​ដាក់អោយ​ដំណើរការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ភ្លាម គេ​គ្មាន​ឃើញ​អ្វី​សោះ​ពេល​ចាប់​ផ្តើមដំបូង។ មុនដំបូង​ចាប់អ្នកតូចៗមែន តែ​ឥឡូវនេះ គេ​ចាប់អ្នកធំៗហើយ ដូចជា​ឧ​ត្ត​ម​សេនីយ៍​និង​អ្នកជំនួញ​ពុករលួយ។ អ្វីៗវា​យឺត​បន្តិច​មែន។ តែ​គេ​ត្រូវ​ដឹងថា តើ​កម្ពុ​ជាមាន​ប្រវត្តិ​យ៉ាងម៉េច ហើយ​កម្ពុជា​ធ្លាប់បាន​ជួបប្រទះ​បញ្ហា​អ្វីខ្លះ? កម្ពុជា​ខ្វះ​ធនធានមនុស្ស​ដែលមាន​ចំណេះដឹង​នៅ​គ្រប់​កម្រិត(ក្រោយ​របប​ប៉ុលពត)។ កំណែទម្រង់​បច្ចុប្បន្ននេះ មិនទាន់​ត្រូវ​បញ្ចប់​នៅឡើយ​ទេ។ ខ្ញុំ​រង់ចាំ​កំណែទម្រង់​លើសពីនេះ​បន្ថែមទៀត​ទាក់ទង​នឹង​វិស័យ​យុត្តិធម៌ និង​សង្គម។

លោក គី សុខ​លីម៖ ការបោះឆ្នោត​ឆ្នាំ២០១៣កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​កៅអី​ចំនួន២២ តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទាញយក​កៅអី​ដែល​បាត់បង់​បានមក​វិញ​ឬទេ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧ និង២០១៨?

លោក Raoul Marc Jennar៖ អ្វីៗវា​អាស្រ័យ​លើ​ការធ្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ខ្ញុំ​គិតថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដកស្រង់​បទពិសោធន៍​នៃ​ការធ្លាក់ចុះ ឬ​ការបរាជ័យ​កាលពី​ឆ្នាំ២០១៣កន្លងមក។ នេះ​គឺជា​ការបរាជ័យ​ហើយ ពីព្រោះ​បាត់បង់​អស់២២កៅអី​ឯណោះ។ បើ​បាត់បង់​តែ២ ឬ៣កៅអី គឺជា​ការធ្លាក់ចុះ ឬ​អាច​និយាយបានថា ជាការ​ជោគជ័យ​ដដែល។ តែបើ​បាត់​ច្រើន​ដូច្នេះ គឺជា​ការបរាជ័យ។ នេះ​គឺជា​សារ​ព្រមាន​ពី​មតិ​សា​ធាណៈ។ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សមាជិក៥លាន​នាក់។ លទ្ធផល(បោះឆ្នោត​ឆ្នាំ២០១៣) បាន​បង្ហាញថា មាន​សមាជិក​គណបក្ស​ខ្លួនឯង​មិនបាន​បោះឆ្នោតអោយ​គណបក្ស​ទេ។ ពួកគេ​បានបង្ហាញ​ការមិនសប្បាយចិត្ត​រប​ស់​ពួកគេ។

លោក គី សុខ​លីម៖ តើ​ត្រូវធ្វើ​ដូចម្តេច​ដែរ​ដើម្បី​ទាញ​ប្រជាប្រិយភាព​ឡើងវិញ?
លោក Raoul Marc Jennar៖ ពួកគេ​មិន​សប្បាយចិត្ត ពីព្រោះ មានការ​រំលោភ​អំណាច មានការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ។ យុត្តិធម៌​ត្រូវតែ​ធ្វើឡើង​អោយ​ស្មើភាព​គ្នា ចៀសវាង​យុត្តិធម៌​លម្អៀង​ទៅ​អ្នកធំ​មានអំណាច ហើយ​អ្នកទន់ខ្សោយ​រងគ្រោះ។ រដ្ឋាភិបាល​បានធ្វើ​កិច្ចការ​នេះហើយ តែ​តម្រូវអោយធ្វើ​បន្ថែមទៀត។រដ្ឋាភិបាល​ត្រូវ​បង្ហាញ​សារ​ថា រដ្ឋាភិបាល​បាន​យល់​ពី​តម្រូវការ​របស់​ម្ចាស់ឆ្នោត ជាពិសេស យុវជន។ តើ​គណបក្ស​ប្រជាជន​ត្រូវ​ឆ្លើយតប​នឹង​តម្រូវការ​របស់គេ​ដូចម្តេច? បញ្ហា​របស់​យុវជន គឺ​ការអប់រំ និង​ការងារ។ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បានទេ ខ្ញុំ​បារម្ភ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ តាម​យោបល់​ខ្ញុំ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដកស្រង់​បទពិសោធន៍​ការបរាជ័យ​ឆ្នាំ២០១៣ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​កាន់អំណាច​នៅ​ឆ្នាំ២០១៧ និង២០១៨បន្តទៀត។

លោក គី សុខ​លីម៖ តើ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​កែទម្រង់​តែ​ប៉ុណ្ណឹង​ទេ ឬក៏​ត្រូវធ្វើ​អ្វី​ផ្សេងទៀត​ដើម្បី​ទាញ​ប្រជាប្រិយភាព​មកវិញ?
លោក Raoul Marc Jennar៖ តាម​យោបល់​របស់ខ្ញុំ ត្រូវតែមាន​ការផ្លាស់ប្តូ​រ​អ្នកនយោបាយ។ នេះ​គឺជា​បាតុភូត​សកល។ អ្នកដឹង​ទេ​ថា កាលណា​យើង​ស្ថិតនៅក្នុង​អំណាច​យូរពេក អ្នកដឹកនាំ​មុខដដែលៗ អ្នកបោះឆ្នោត​មាន​អារម្មណ៍​ចង់​ផ្លាស់ប្តូរ។ នៅ​គ្រប់​ទីកន្លែង គឺ​វា​អ៊ីចឹង។

គី សុខ​លីម៖ តើ​អ្នកបោះឆ្នោត​ត្រូវការ​ផ្លាស់ប្តូរ​មនុស្ស​ថ្មី​មែន​ទេ?
លោក Raoul Marc Jennar៖ ហ្នឹងហើយ។ អ្នកបោះឆ្នោត​គឺ​អ៊ីចឹង យើង​ត្រូវ​យល់​បញ្ហា​នេះ។ មនុស្ស​ត្រូវការ​ផ្លាស់ប្តូ​រ ហើយជារឿយៗ គឺ​រូបភាព​នៃ​ការផ្លាស់ប្តូរ​ទើប​អាច​ផ្លាស់ប្តូរ​ការគិត​របស់​អ្នកគាំទ្រ​បាន។ លោកនាយក​រដ្ឋមន្ត្រី គឺជា​មនុស្ស​នៅមាន​វ័យក្មេង​ទេ។ តែ​មនុស្ស​នៅក្នុង​គណបក្ស និង​នៅក្នុង​ជួរ​រដ្ឋាភិបាល​មួយចំនួន​ចាស់​ជាង​គាត់​ច្រើន។ បើទោះបីជា​ខ្ញុំ​គ្មាន​តួនាទី​អ្វី​ក៏ដោយ ក៏​ខ្ញុំ​គិតថា បញ្ហា​បច្ចុប្បន្ននេះ គឺ​បញ្ហា​ជំនាន់។ ប្រសិនបើ​រដ្ឋាភិបាល​ស្នើ​សុំអោយ​មានមុខ​មនុស្ស​ថ្មី ដូចជា លោក ហង់ ជួនណា​រ៉ុ​ន ដូចជា​លោក​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ដូចជា​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែលជា​មុខ​ថ្មី ក្មេង ធ្វើការ​ច្រើន ហើយ​រហ័សរហួន ពេលនោះ … ។ ខ្ញុំ​គិតថា លោក ហ៊ុន សែន គួរតែ​អោយ​រដ្ឋាភិបាល​មាន​មនុស្ស​ប្រភេទ​នេះ​ច្រើន។ ប្រហែលជា​លោក ហ៊ុន សែន នឹងធ្វើ។ នេះ​មិនមែនជា​បញ្ហា​របស់ខ្ញុំ​ទេ ខ្ញុំ​គ្រាន់តែ​ជា​អ្នកតាមដាន​និង​សង្កេត​តែប៉ុណ្ណោះ។ ខ្ញុំ​គិតថា ជោគជ័យ​ធំ ឬ​បរាជ័យ​នៅ​ឆ្នាំ ២០១៨ មិនមែន​អាស្រ័យ​លើ​តែ​លោក ហ៊ុន សែន ម្នាក់ឯង​នោះទេ តែ​វា​អាស្រ័យទៅលើ​មនុស្ស​ផ្សេងទៀត​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​មនុស្ស​ផ្សេងទៀត​នៅក្នុង​គណបក្ស​ត្រៀម​ដកស្រង់​បទពិសោធន៍​បរាជ័យ​ឆ្នាំ២០១៣ហើយ​ឬ​នៅ? តើ​គ្រប់គ្នា​ត្រៀម​ប្រឹងប្រែង​ធ្វើកំណែទម្រង់​ហើយ​ឬ​នៅ?





© រក្សាសិទ្ធិដោយ thmeythmey.com