ជាតិ
មន្ត្រី​អប់រំ និង​សុខាភិបាល​នឹង​ទទួលបាន​ប្រាក់ខែ​អប្បបរមា១លាន​រៀល
02, Mar 2015 , 12:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹងថា មន្ត្រីរាជការ​គ្រប់​ក្របខ័ណ្ឌ ទូទាំងប្រទេស​មាន​ចំនួន​ជាង ១៨ម៉ឺន​នាក់ ក្នុងនោះ​រួមមាន មន្ត្រី​អប់រំ​ជាង ១១ម៉ឺន​នាក់ និង​មន្ត្រី​សុខាភិបាល​ជាង ២ម៉ឺន​នាក់។ ក្នុងចំណោម​មន្ត្រីរាជការ​ទាំងអស់ រដ្ឋាភិបាល​បាន កំណត់​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​អប់រំ និង​មន្ត្រី​សុខាភិបាល​ឲ្យ​បាន​អប្បបរមា ១លាន​រៀល ស្មើ​ប្រមាណ ២៥០ ដុល្លារ​អាមេរិក នៅត្រឹម​ឆ្នាំ២០១៨ ។ នេះ​បើតាម​ប្រសាសន៍​របស់លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន។



នៅក្នុង​ពិធី​បើក​យុទ្ធនាការ​អក្ខរកម្ម​ជាតិ ឆ្នាំ ២០១៥ នៅ​ថ្ងៃទី២ ខែមីនា នេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា មន្ត្រី​អប់រំ និង​មន្ត្រី​សុខាភិបាល​សរុប​ជាង ១៣ម៉ឺន​នាក់ នឹង​ទទួល​ប្រាក់ខែ ១លាន​រៀល ប្រមាណ ២៥០ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ ២០១៨ ។ តាមរយៈ គោលនយោបាយ​កំណត់​ដំឡើង​ប្រាក់បៀវត្ស​នេះ លោកនាយក​រដ្ឋមន្ត្រី​ជឿជាក់ថា គុណភាព អប់រំ នឹង​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត។

ជាមួយគ្នា​នឹង​ការដំឡើង​ប្រាក់​បៀ​វរ​ត្ស​ដល់​ម​មន្ត្រីរាជការ​នេះដែរ រដ្ឋាភិបាល​បានសម្រេច​កាត់ បន្ថយ​ការចំណាយ​ថវិកាជាតិ​លើ​ការ​វិស័យ​មួយចំនួន រួមមាន ការសាងសង់​ហេ​ដ្ឋា​ន​រចនា សម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ជាដើម។ នេះ​បើតាម​ប្រសាសន៍​លោក ហ៊ុន សែន ។

សូមបញ្ជាក់​ផងដែរ​ថា នៅត្រឹម​ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ រដ្ឋាភិបាល​បានកំណត់ ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់​មន្ត្រី​អប់រំ ៦៥ ម៉ឺន​រៀល ស្មើ​ប្រមាណ ១៥០ដុល្លារ​អាមេរិក។

ទាក់ទិន​នឹង​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​អប់រំ​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា លោក រ៉ុង ឈុន បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​គួរតែ​សិក្សា​រក្សា​ពី​ស្ថិរភាព​តម្លៃ​ទំនិញ​ក្នុង​ទីផ្សារ ប្រសើរ​ជាង​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​អប់រំ។ លោក​បញ្ជាក់ថា ការដំឡើង​ប្រាក់ខែ​នេះ ជា​កត្តា​ចម្បង ដើម្បី​ជំរុញ​កំណែទម្រង់​គុណភាព​អប់រំ​របស់​កម្ពុជា តែ​ប្រសិនបើ​ការដំឡើង​នេះ មិន​សមស្រប​នឹង​តម្លៃ​ទំនិញ​នោះ ក៏​ការ​កំណែទម្រង់​នឹង​មិនមាន​ភាពល្អប្រសើរ​នោះទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com