ជាតិ
អាចារ្យ​លាក់​ក្លាយជា​សង្កាត់​គំរូ​ឈានមុខ​គេ​ទូទាំងប្រទេស ផ្នែក​ប្រជាការពារ​
19, Mar 2015 , 11:00 am        
រូបភាព
ដោយ:
កំពង់ធំ៖ នាពេលថ្មីៗនេះដែរ ចៅសង្កាត់​អាចារ្យ​លាក់​ត្រូវបាន​ក្រសួងមហាផ្ទៃ អ​ញ្ចើ​ញ​ឱ្យ​ឡើង​ធ្វើ​បទអន្តរាគមន៍ ក្នុង​មហាសន្និបាត​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ​នៅ​ទូទាំងប្រទេស។ សន្និបាត​នេះ ត្រូវបានធ្វើឡើង​នៅ​កោះ​ពេជ្រ ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី និង​មានការ​ចូលរួម​ពី​អភិបាលខេត្ត​ទាំង២៥ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។



«ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​សង្កាត់​យើង​និង​មេ​ប៉ុស្តិ៍​អាចារ្យ​លាក់ ឱ្យទៅ​ចូលរួម​ក្នុងសន្និបាត​ទូទាំងប្រទេស ទាក់ទង​ទៅនឹង​ការទទួលបាន​ចំណាត់ថ្នាក់​ល្អ នៃ​ប្រជា​ការពារ​ក្នុង​សង្កាត់»។ នេះ​បើតាម​ប្រសាសន៍ លោក ស៊ុន ហឿង។ មាន​ទឹកមុខ​ញញឹម​ប្រិមប្រិយ បើទោះបីជា​មមាញឹក​ក្នុងការបំពេញភារកិច្ច​ច្រើន​ក្នុង​ការងារ​បម្រើសេវា​ជូន​ពលរដ្ឋ​ក៏ដោយ លោក​ចៅសង្កាត់​រូបនេះ បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ទាំង​ប៉ូលិស​ប៉ុ​ស្ត៍​ដើម្បី​ចែករំលែក​បទពិសោធន៍​ការងារ។ លោក​ចៅសង្កាត់​អាចារ្យ​លាក់​បាន​រៀបរាប់​បន្ថែមថា៖«មេ​ប៉ុស្តិ៍​ជា​អ្នកគ្រប់គ្រង​ប្រជា​ការពារ​ដោយផ្ទាល់ ប៉ុន្តែ​ប្រជា​ការពារ​ក៏​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សង្កាត់​ដែរ។ ការធ្វើ​បទ​អន្តរាគមន៍​នៅ​ក្រសួងមហាផ្ទៃ​មានន័យថា ជាការ​បង្ហាញ​ពិសោធន៍​ក្នុងការ​គ្រប់គ្រង និង​ដឹកនាំ​ប្រជា​ការពារ»។

បទ​បង្ហាញ​ពិសោធន៍​ត្រូវបាន​ធ្វើឡើង​នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​រាជធានី និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ទាំងអស់។ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ២០១៤នោះ​មានតែ​សង្កាត់​អាចារ្យ​លាក់​មួយ​ទេ ដែល​បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍ ព្រោះ​សង្កាត់​នេះ​ទទួលបាន​ចំណាត់​លេខ១ទូទាំងប្រទេស​ផ្នែក​ប្រជា​ការពារ​ក្នុង​ផ្នែក​ភូមិ​ឃុំ​មាន​សុវត្ថិភាព។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ុន ហឿង ចៅសង្កាត់​អាចារ្យ​លាក់ ដែល​អះអាង​បន្តថា «ក្រៅពីនោះ មិនមាន​ថ្នាក់​សង្កាត់​ណា​បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ដូច​យើង​ទេ ពោលគឺ​មានតែ​ថ្នាក់​ខេត្ត»។

ក្រៅពី​ទទួលបាន​លិខិត​សរសើរ​លេខ១ពី​ក្រសួងមហាផ្ទៃ​និង​រង្វាន់​លើកទឹកចិត្ត១លាន​រៀលសង្កាត់​អាចារ្យ​លាក់​ក៏​ទទួលបាន​ការសរសើរ​លើកទឹកចិត្ត​ដោយផ្ទាល់​ពី​លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បន្ថែម​ពីលើ​នេះ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​សង្កាត់ផ្សេងៗទូទាំងប្រទេសខិតខំ​ប្រឹង​ប្រែ​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យបាន​ល្អ​និង​យក​គំរូ យកតម្រាប់​តាម​សង្កា​ត​អាចារ្យ​លាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com