ជាតិ
បទវិភាគ
ចង់​ក្លាយខ្លួន​ទៅជា​មន្ត្រីរាជការ​ដើម្បី«មានមុខ​មាន​មាត់»ក្នុងសង្គម!
26, Mar 2015 , 12:00 pm        
រូបភាព
ភ្នំពេញ៖ ពេល​ចប់​ពី​មហាវិទ្យាល័យ​ភ្លាម​និស្សិត​ភាគច្រើន​ពិបាក​សម្រេចចិត្តថា​ពួកគេ ត្រូវ​ចូលរួម​ប្រឡង​ដើម្បី​ក្លាយខ្លួន​ទៅជា​មន្ត្រីរាជការ​របស់​រដ្ឋ  ឬក៏​ត្រូវ​សម្រេចចិត្ត​ធ្វើ​ការអោយ​វិស័យ​ឯកជន។អ្នកខ្លះ​បម្រើការ​រដ្ឋ​បាន មួយរយៈ​រស់​មិនបាន​រត់​ចូល​វិស័យ​ឯកជន។ រីឯ​អ្នក​ខ្លះទៀត ធ្វើការ​ឯកជន​បាន​មួយរយៈ​ក៏​រត់​ចូល​រដ្ឋ​វិញ។តើ​អ្វី​ទៅជា​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វិស័យ​នីមួយៗ?


ក្នុងមួយឆ្នាំៗ និស្សិត​ច្រើន​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​បានបញ្ចប់​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា។និស្សិត​មួយចំនួន​គ្មាន​ការងារ​ធ្វើ។ និស្សិត មួយចំនួន​ប្រឡង​ចូលក្នុង​ស្ថាប័នរដ្ឋ​រីឯ​និស្សិត​មួយចំនួន​ផ្សេងទៀត ទទួលបាន​ការងារ​ធ្វើ​នៅក្នុង​វិស័យ​ឯកជន។
 
តើ​មូល​ហេតុអ្វី​បាន​ជាមាន​និស្សិត​ចង់​ប្រឡង​យក​ប៉ុស្តិ៍​នៅក្នុង​ស្ថាប័នរដ្ឋ? ហើយ​ថា តើ​មូល​ហេតុអ្វី​បាន​ជាមាន​និស្សិត​ខ្លះទៀត​ចង់​ធ្វើការ​នៅក្នុង​ស្ថាប័នឯកជន​ជាជាង​ធ្វើការ​នៅក្នុង​ស្ថាប័ន​របស់​រដ្ឋ?
 
មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​ទីមួយ​គេ​គួរ​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​កម្ពុជា​បន្តិច​ជាមុនសិន។ កាលពី​សង្គមចាស់​អ្នកធ្វើការងារ​ជា​រាជការ ម្នាក់​អាច​ចិញ្ចឹម​មនុស្ស​បាន​ស្ទើរ​មួយ​គ្រួសារ ពីព្រោះ​ប្រាក់ខែ​កាលណោះ​មាន​ចំនួន​ច្រើន​គួរសម​ដែល​អាច​ទ្រទ្រង់​ជីវិត គ្រួសារ បាន។
 
ម្យ៉ាងវិញទៀត ការងារ​ជា​រាជការ​រដ្ឋ​អនុញ្ញាតអោយ​ពួកគេ មានមុខ​មាន​មាត់ នៅក្នុង​សង្គម។ អ្នកផង​ទាំងពួង​អោយ​តម្លៃ​លើ​មន្ត្រីរាជការ។ បើ​ពិនិត្យ​លើ​ស្ថានភាព មន្ត្រីរាជការ​កាល​ពីស​ង្គ​មចាស់​និង​ពេលបច្ចុប្បន្ន​នេះ វា​មាន​លក្ខណៈ​ខុសគ្នា។ ខុសគ្នា​នៅត្រង់ថា​កាលណោះ មន្ត្រីរាជការ​រដ្ឋ​ទទួលបាន​ប្រាក់ខែ​ច្រើន​រីឯ​នាពេល​បច្ចុប្បន្ននេះ មន្ត្រីរាជការ​មិន​ទទួលបាន​ប្រាក់ខែ​ច្រើន​ដូច​កាលពី​សង្គមចាស់​ទេ។ ចុះ​ហេតុអ្វី​បានជា​អ្នកស្វែងរក​ការងារ​ធ្វើ​នៅតែ​ចង់​ក្លាយខ្លួន​ទៅជា​មន្ត្រីរាជការ​ដដែល​នោះ?
 
មាន​ហេតុផល​ជាច្រើន​ដែល​ជំ​រុញអោយ​បុគ្គល​មួយចំនួន​នៅតែ​ចង់​បម្រើ​ការងារ ជា​មន្ត្រីរាជការ​នៅ​សម័យ​បច្ចុប្បន្ននេះ បើទោះបីជា​ប្រាក់បៀវត្សរ៍​មាន អត្រា​នៅ​ទាប​ក៏ដោយ​ក្តី។

មូលហេតុ​ទី១គឺ​ដោយសារ​រូប​ភាពល្អ​បន្សល់ទុក​ពី​សង្គមចាស់​ដែល​បាន​បន្ត​ដក់ ជាប់​នៅក្នុង​បេះដូង​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ ជាពិសេស ទាក់ទង​ទៅនឹង​ចំណុច​ប្រាក់ខែ​ខ្ពស់​នេះឯង។

មូលហេតុ​ទី២គឺ​ដោយសារ​ការងារ​នៅក្នុង​វិស័យ​ឯកជន​មាន​លក្ខណៈ​តូចចង្អៀត។ ក្រុមហ៊ុន​ខ្មែរ​ភាគច្រើន​នៅ​បន្ត​ដឹកនាំ​តាមរបៀប​គ្រួសារនិយម។

ទី៣គឺ​ដោយសារ​ការងារ​ជា​មន្ត្រីរាជការ​អាច​អនុញ្ញាតអោយ​ពួកគេ​ក្លាយខ្លួនជា អ្នកមាន​បុណ្យស័ក្តិ មាន​កិត្តិយស​នៅក្នុង​សង្គម និង​ចំណុច​ទី៤គឺ​ដោយសារ​ការងារ​រដ្ឋ​អាច​ការពារ​ពួកគេ​ពី​ការរំលោភបំពាន​នានា។ នៅក្នុង​ផ្នត់គំនិត​បុគ្គល​មួយចំនួន ការងារ​រដ្ឋ​ជា​ការងារ​មានអំណាច ហើយ​ពេលខ្លះ អាច​ការពារ​អាជីវក​ម្មរ​បស់ ពួកគេ​បាន។ អ៊ីចឹង​ហើយ​បានជា​មន្ត្រី​មួយចំនួន យកតែ​ឈ្មោះ​ធ្វើជា​មន្ត្រីរាជការ​ប៉ុន្តែ​ពេលវេលា​ភាគច្រើន​ត្រូវបាន​គេ ប្រើប្រាស់​សម្រាប់​បម្រើការ​ផលប្រយោជន៍​ឯកជន​ទៅវិញ។ មន្ត្រី​ខ្លះ​គ្រាន់តែ​ទៅ​ផ្តិតមេដៃ​រួចហើយ​ក៏​ចេញពី​ការិយាល័យ​មកវិញ ក៏មានដែរ។

ចំណុច​មួយទៀត​ដែល​គួរអោយកត់សម្គាល់​ដែរនោះ គឺ​យុវជន​ភាគច្រើន​ដែលជា​កូនចៅ​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​បាននាំគ្នា​សម្រុកចូល​ធ្វើការ​នៅក្នុង​ស្ថាប័នរដ្ឋ​ដែរ បើទោះបីជា​ពួកគេ​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​ក៏ដោយ។ ពួកគេ​មាន​សែ មាន​ខ្នង និង​មានទ្រព្យ​សម្បត្តិ​រួចទៅហើយ ដូច្នេះ ពួកគេ​មិន​ខ្វល់ខ្វាយ​នឹង​ប្រាក់ចំណូល​ពី​រដ្ឋ​ទេ។ ពួកគេ​សន្សំ​ក្រេ​ឌី​ដ ដើម្បី​ឈានទៅ​ឈោង​ចាប់យក​អំណាច​នៅពេល​ណាមួយ​ដែល​ឱកាស​អំណោយផល​អោយ។
 
ងាក​មក​ឆ្លើយ​ទៅនឹង​សំណួរ​ដែល​សួរថា តើ​ហេតុអ្វី​បានជា​បុគ្គល​មួយចំនួនធំ​ចង់​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន?
 
ចំពោះ​សំណួរ​នេះ វា​មិន​ពិបាក​ឆ្លើយ​ទេ។ មូលហេតុ​ដែល​ពួកគេ​ចង់​ប្រឡូក​ក្នុង​វិស័យ​ឯកជន​នោះ គឺ​ដោយសារ ទី១ ៖ ពួកគេ​ចង់​ទទួលបាន​ប្រាក់ខែ​សមរម្យ​ដែល​អាចរ​ស់បាន​ប្រសើរ​ជាង ប្រាក់ខែ​រដ្ឋ។ ទី២គឺ​ដោយសារ​អ្នកខ្លះ​ចង់​មានកម្ម​សិទ្ធិ​ខ្លួនឯង​ទុកជា​កេរដំណែល​ត​ពូ​ជត​ពង្ស។ ទី៣ អ្នកខ្លះ​ចង់​ក្លាយខ្លួន​ទៅជា​ពាណិជ្ជករ​ធំ​នៅក្នុង​សង្គម​ដែល​គេ​ទទួលស្គាល់​ជា​សាធារណៈ និង​ទី៤ អ្នកខ្លះ​មិនអាច​ធ្វើការ​នៅក្នុង​ជួរ​រដ្ឋាភិបាល​បានទេ ពីព្រោះ​ពួកគេ​មាន​ឆន្ទៈ«ស្នេហា​ជាតិ»ខ្ពស់​ពេក។
 
សរុបសេចក្តី​មកវិញ ការងារ​នៅក្នុង​វិស័យ​រដ្ឋ ឬ​វិស័យ​ឯកជន​សុទ្ធតែ​ផ្តល់​គុណសម្បត្តិ​និង​គុណវិបត្តិ​ខ្លះ​សម្រាប់ បុគ្គលម្នាក់ៗមែន។ ប៉ុន្តែ​ប្រសិនបើ​គេ​និយាយ​ពី​ផលប្រយោជន៍​សម្រាប់​ជាតិ​វិញ ការងារ​ទាំងពីរ​ប្រភេទ​នេះ​សុទ្ធតែ​រួមចំណែក​រុញច្រាន​កំណើនសេដ្ឋកិច្ច​ដូច​តែ​គ្នា។

ប៉ុន្តែ​អ្វីដែល​ខុសគ្នា​រវាង​ការងារ​រដ្ឋ និង​ការងារ​ឯកជន គឺថា ការងារ​ក្នុង​វិស័យ​ឯកជន​គឺជា​ការងារ​ដែល​បុគ្គលិក​ត្រូវ​ប្រឹងប្រែង​ធ្វើជា​និច្ច។ ការប្រកួតប្រជែង​ក្នុង​វិស័យ​ឯកជន​មាន​ទំហំ​ធំ និង​ជា​និរន្ត។ រីឯ​ក្នុង​វិស័យ​រដ្ឋ​វិញ ការងារ​ប្រឈម​ដែរ តែ​មន្ត្រី​មួយចំនួន​អាច«ដើរ​ធ្វើ​រំភើយ» ចាំតែ​ដល់​ខែ​បើកប្រាក់​បៀវត្សរ៍​ប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com