អន្តរជាតិ
យន្តហោះA320៖ ព័ត៌មាន​ដែល​ធ្វើអោយ​អាល្លឺម៉ង់​ព្រឺ​ឆ្អឹងខ្នង
27, Mar 2015 , 12:55 pm        
រូបភាព
ដោយ:
គ្មាន​អ្នកណា​គិតស្មាន​ដល់​ថា គឺ​សហ​ពី​ឡុ​ត​យន្តហោះ A320 ដែល​បាន​ធ្លាក់​នៅ​តំបន់ភ្នំ​បារាំង កាលពី​ថ្ងៃ​អង្គារ ជា​អ្នក​អាចមាន​ចេតនា​បើក​ទម្លាក់​យន្តហោះ​ផ្តាច់ជីវិត​ខ្លួន​រួមជាមួយ​ជីវិត​មនុស្ស១៤៩នាក់​ទៀត ដែល​កំពុង​ស្ថិតក្នុង​យន្តហោះ​ឡើយ។ ក្រុម​ស៊ើបអង្កេត​បារាំង​បានផ្តល់​ព័ត៌មាន​ដ៏​អស្ចារ្យ​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។


សូម​ស្តាប់​ការបកស្រាយ​របស់ ព្រំ​សឿន សូលី​ណា៖


 


ក្រោយ​វិភាគ​សម្លេង​ថត​ទុក​ដោយ​ប្រអប់​ខ្មៅ​យន្តហោះA320 ដែល​បាន​ធ្លាក់​នៅ​តំបន់ភ្នំ​បារាំង រដ្ឋអាជ្ញា​បារាំង​បានផ្តល់​ដំណឹង​ថា មុនពេល​យន្តហោះ​ធ្លាក់ គេ​បានលឺ​សម្លេង ពី​ឡុ​តម្នាក់​ចេញពី​កាប៊ីន​បើកបរ​ទៅ​ក្រៅ។ ពេលនោះ សហ​ពី​ឡុ​ត ឈ្មោះ​Andreas Lubitz ជនជាតិ​អាល្លឺម៉ង់ អាយុ២៨ឆ្នាំ ប្រហែល​បាន​ឆ្លៀតឱកាស ចុច​ប៊ូ​តុង​បើក​យន្តហោះ​លឿន​ស្លេវ​ទម្លាក់​ចុះ​ភ្នំ​តែម្តង។ បើ​ស្តាប់​សម្លេង ថត​ដោយ​ប្រអប់​ខ្មៅ គេ​ក៏បាន​លឺសូរ ពី​ឡុ​ត​ដែល​ចេញទៅ​ក្រៅ​កាប៊ីន​នោះ បាន​គោះទ្វារ សុំអោយ​បើកទ្វារ និង​បុក​ទំ​លុះ​ទ្វារ​ដែរ តែ​សហ​ពី​ឡុ​ត​មិនបាន​ឆ្លើយតប​ទេ។ គេ​លឺស្នូរ​ដង្ហើម​សហ​ពី​ឡុ​ត​Andreas Lubitz ដក​ធម្មតា​រហូតដល់​យន្តហោះ​ប៉ះទង្គិច​ភ្នំ បានន័យថា ពី​ឡុ​ត​រូបនេះ អាចមាន​ស្មារតី​គ្រប់គ្រាន់ ក្នុងពេល​យន្តហោះ​កំពុង​ធ្លាក់ចុះ។ នៅ​នាទីចុងក្រោយ ក៏មាន​លឺ​សម្លេង​ស្រែក​ចលាចល​ផងដែរ ដូច្នេះ អ្នកដំណើរ​យន្តហោះ​ចាប់អារម្មណ៍​ពី​គ្រោះថ្នាក់ តែ​ក្នុង​នាទីចុងក្រោយ​ប៉ុណ្ណោះ មុននឹង​ពួកគេ​លាចាក​លោក​នេះ​ទៅ។

ដំណឹង​នេះ​ពិតជា​ធ្វើអោយ​អឺរ៉ុប​ភ្ញាក់ផ្អើល​មិនតិច​ទេ ពិសេស​អាល្លឺម៉ង់​ដែលមាន​ពលរដ្ឋ​ច្រើនជាងគេ ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​នេះ។ គេ​ពិបាក​នឹង​ស្មាន​ដល់​ថា សហ​ពី​ឡុ​តម្នាក់ អាច​បញ្ចេញ​ទង្វើ​បែបនេះ​ឡើយ។ Andreas Lubitz មិនដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វី​ទេ។ ពេលនេះ គេ​កំពុង​ចោទ​សំណួរ​ថា តើ​វា​ជា​អំពើ​ភេរវកម្ម​រឺក៏​ជា​ទង្វើ​ផ្ទាល់ខ្លួន​របស់​ពី​ឡុ​ត​រូបនោះ? ពេលនេះ ការអង្កេត​កំពុង​បន្ត និង​ផ្តោតលើ សហ​ពី​ឡុ​ត Andreas Lubitz ។ តាំងពី​យន្តហោះ​រងគ្រោះថ្នាក់​មក ក្រុម​ស៊ើបអង្កេត​មិនដែល​ហ៊ាន​យកពាក្យ​ភេរវកម្ម មក​ធ្វើជា​សម្មតិកម្ម​ចម្បង​ក្នុង​ការអង្កេត​ទេ ទោះជា​អ្នកជំនាញ​ច្រើន​នាក់​បាន​សង្កេត​ថា យន្តហោះ​បាន​ធ្លាក់ចុះ​ទង្គិច​ភ្នំ តែ​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ។

អ្នក​ធ្លាប់​ស្គាល់​ពី​ឡុ​ត​Lubitz ពិបាក​ស្មាន​ដល់​ថា Lubitzអាចធ្វើ​ដូច្នេះ​ណាស់ ព្រោះថា Lubitz មាន​មិត្តភក្តិ​ច្រើន មានជីវិត​រស់នៅ​ធម្មតា និង​ចេះ​គួរសម​ជាមួយ​គេឯង។ ប្រធាន​ក្រុមហ៊ុន Lufthansa អា​ល្លឹ​ម៉​ង់ មិនដឹងថា ហេតុអ្វី​បានជា​ពី​ឡុ​ត​រូបនេះ ហ៊ាន​ធ្វើ​សកម្មភាព​បែបនេះ​ឡើយ។ អ្វីដែល​ចម្លែក​ដែរនោះ​គឺថា ពី​ឡុ​ត​រូបនេះ​បាន​លុបចោល​ទិន្នន័យ​ព័ត៌មាន​ខ្លួន ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្តា​ក្រាម។ ក្រុម​អង្កេត​នឹង​សាកសួរ​ព័ត៌មាន​ឳ​ពុក​ម្តាយ​ពី​ឡុ​ត Lubitz រកមើល​ថា ពី​ឡុ​ត​រូបនេះ​ធ្លាប់មាន​បញ្ហា​អ្វី រឺ​ធ្វើ​អ្វី​ប្លែក​ទេ ក្នុងកំឡុងពេល​ចុងក្រោយ​នេះ។ តាមមើល ក្រុម​អង្កេត​មិន​ហ៊ាន​ប្រើពាក្យ​ភេរវកម្ម​ផ្តេសផ្តាស​ទេ ក្នុង​រឿង​ធ្លាក់​យន្តហោះ​អ៊ែរ​ប៊ុ​ស​នេះ ព្រោះ បើ​ភេរវកម្ម​មែន ប្រហែលជា​ក្រុម​ភេរវជន​មិន​បង្អង់​យូរ ក្នុងការ​ប្រកាស​ជោគជ័យ​ឡើយ។

Andreas Lubitz មានបទពិសោធន៍​បើកបរ ៦៣០ម៉ោង។ គេ​ធ្លា​ប់រៀន​បើកបរ​នៅ​ក្រុមហ៊ុន​Lufthansa ហើយ​ធ្លាប់បាន​ឈប់រៀន​មួយរយៈ​ពេល ក្នុង​ឆ្នាំ២០០៩ ប្រហែល​ដោយសារ​មាន​បញ្ហា​ផ្លូវចិត្ត។ ប៉ុន្តែ បាន​ត្រលប់មក​រៀន​វិញ​រហូតដល់​ប្រលង​ជាប់​ចេញ​បើកបរ។ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ក្រុង​កូ​ឡូញ​ប្រទេស​អាល្លឺម៉ង់ ម្សិលមិញ ប្រឈម​នឹង​សំណួរ​ទាក់ទង​ការបណ្តុះបណ្តាល​ពី​ឡុ​ត ក្រុមហ៊ុន​អាល្លឺម៉ង់​Lufthansa បាន​សង្កត់ធ្ងន់​ទៅ​អ្នកកាសែត​ថា ក្រុមហ៊ុន​តែង​ចំរាញ់​ពី​ឡុ​ត​យ៉ាង​ហ្មត់ចត់ អោយ​ពួកគេ​ប្រលង​ផ្នែក​សុខភាព ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត។ ក្រុមហ៊ុន​ថែមទាំង​ប្រាប់ថា ពី​ឡុ​ត​Andreas Lubitz ម្នាក់នេះ មាន​សមត្ថភាព​បើកបរ​ទៀតផង។

បើ​ពី​ឡុ​ត​រូបនេះ​ខូចចិត្ត មិន​ពេញ​ចិត្តនឹង​ការងារ​ខ្លួន ខឹង​នឹង​ក្រុមហ៊ុន ក៏​មិនចាំបាច់​ដល់​ថ្នាក់​ធ្វើអោយ​មនុស្ស១៤៩នាក់​ផ្សេងទៀត ស្លាប់​តាម​ខ្លួន​ដែរ។ នេះហើយ​ជា​អ្វីដែល​គេ​ពិបាក​ជឿ។ សហ​ពី​ឡុ​ត​អាល្លឺម៉ង់​Andreas Lubitz ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​អ្នកមាន​ស្មារតី​ខ្ពស់ ទទួលខុសត្រូវ​ខ្ពស់​ក្នុងពេល​បើកបរ​កន្លង​មក នៅ​ទីបំផុត​បែរជា​ធ្វើ​ដូច្នេះ​ទៅរួច។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រោយ​ក្រុម​អង្កេត​បារាំង​បាន​ទំលាយ​ព័ត៌មាន​ប្រអប់​ខ្មៅ​នេះ​ឡើង ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​ចាត់វិធានការ​ថ្មី​តំរូវអោយមាន​ពី​ឡុ​ត២នាក់ ជាប្រចាំ​ក្នុង​កាប៊ីន​បើកបរ ចៀសវាង​ម្នាក់​ចេញទៅ​បាត់ ទុក​ម្នាក់ទៀត​អោយនៅ​បើកបរ​តែម្នាក់ឯង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com