អន្តរជាតិ
បុរស​ចិន​ម្នាក់​ចាប់​គូ​ដណ្ដឹង​ញាត់​ចូល​វ៉ា​លី ដោយសារតែ​មិន​ព្រម​ត្រឡប់ទៅផ្ទះ​វិញ
27, Mar 2015 , 7:45 pm        
រូបភាព
ដោយ:

បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​បន្ទាប់ពី​លោក​បាន​ព្យាយាម​ចាប់ជំរិត​គូ​ដណ្តឹង​របស់ខ្លួន ដើម្បី​បង្ខំ​ឲ្យ​នាង​ត្រឡប់មកផ្ទះ​វិញ​ដោយ​ចាប់​នាង​ញាត់​ចូលទៅក្នុង​វ៉ា​លី​ដាក់​ខោអាវ​មួយ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន CCTV ។



ប្រភព​ដដែល​ក៏បាន​ផ្សាយ​ថា អ្នកនាង​Mu ដែលជា​គូ​ដណ្តឹង​របស់លោក Wangបាន​ចាក​ចេញពីផ្ទះ​ដែល​ពួកគេ​រួ​រស់​ជាមួយគ្នា​នៅក្នុង​ខេត្ត​Liaoningនិង​ការវិលត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់​នាង​នៅ​ខេត្ត Xi’anវិញ​បន្ទាប់​អ្នក​ទាំងពីរ​បាន​ឈ្លោះ​គ្នា និង​ឈានដល់​ការប្រើ​អំពើហិង្សា កាលពី​ខែឧសភា ឆ្នាំ ២០១៤ ។បន្ទាប់ពី​ការចាកចេញ​របស់​អ្នកនាង Muនោះមក​លោក​Wangបាន​ព្យាយាម​ជាច្រើនលើក​ច្រើនសារ ដើម្បី​ឲ្យ​នាង​ត្រឡប់មកផ្ទះ​វិញ។

បើតាម​ប្រភព​ខាងលើ​ដដែល​នេះ បន្ទាប់ពី​បរាជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​នាង ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ខ្លួន​វិញ នៅ​ទីបំផុត​លោក Wangបានចេញ​ដំណើរ​ទៅកាន់​ខេត្ត Xi’anដើម្បី​បាន​សន្ទនា​ជាមួយ​នាង​ទល់មុខ​គ្នា។ទោះជា​លោក Wangព្យាយាម​និយាយ​ដោយ​សន្តិវិធី​ក៏ដោយ ក៏​កូ​ដណ្ដឹង​របស់គាត់​មិន​ព្រម​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយ​លោក​ជាដាច់ខាត។ ដូច្នេះហើយ​ទើប​លោក Wangសម្រេច​ចាប់ចង​នាង​រួច​ញាត់​ចូលទៅក្នុង​វ៉ា​លី ដើម្បី​នាំយក​នាង​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយ។

ក្រោយពេល​ដាក់​គូ​ដណ្ដឹង​ទៅក្នុង​វ៉ា​លី​រួចមក លោក Wangបាន​ហៅ​អ្នកបើកបរ​រថយន្តឈ្នួល ដើម្បី​ជូន​លោក​ត្រឡប់ទៅផ្ទះ នៅ​ខេត្ត​Liaoningវិញ។ ប៉ុន្តែ​អ្នកបើករ​រថយន្តឈ្នួល​នោះ គាត់ ហាក់ដូចជា​បានឃើញ​មាន​អ្វី​ចម្លែក​នៅក្នុង​វ៉ា​លី។ បន្ទាប់មក​លោក​ក៏បាន​ឃើញ​មាន​ស្ត្រី​ម្នាក់ នៅក្នុង​វ៉ា​លី​សម្រាប់​ដាក់​សម្លៀកបំពាក់ ដែល​លោក Wang យកមក​ជាមួយ​នោះ។
ក្រោយពេល​ឃើញ​ហេតុការណ៍​នេះ អ្នកបើកបរ​រថយន្ត​ក៏បាន​ដោះលែង​ស្ត្រី​ដែល​នៅក្នុង​វ៉ា​លី​នោះ រីឯ​លោក Wangបាន​ព្យាយាម​រត់គេច ប៉ុន្តែ​ត្រូវ​ប៉ូលីស​ចាប់ខ្លួនបាន​វិញ នៅ​ជិត​ទីតាំង​កើតហេតុ​នោះ។អាជ្ញាធរ​បាន​ឲ្យ​ដឹងថា លោក Wangបាន​សារភាព​និង​បាន​សម្តែង​នូវ​ការសោកស្ដាយ​ចំពោះ​ទង្វើ​របស់គាត់ ខណៈពេលដែល​រូបគាត់​ត្រូវគេ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com