ជាតិ
សុខភាព
នៅឆ្នាំ២០១៥នេះ កម្ពុជា លុបបំបាត់ ជំងឺកញ្ជ្រិល ទាំងស្រុង
×
ភ្នំពេញ៖អង្គការសុខភាព ពិភពលោក (WHO) បានប្រកាសឲ្យដឹង នៅថ្ងៃសុក្រនេះថាកម្ពុជាបានលុបបំបាត់ជំងឺកញ្ជ្រិលទាំងស្រុង នៅក្នុងឆ្នាំ២០១៥នេះ ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសុខភាព ពិភពលោក (WHO) បានបន្ដថា គណៈកម្មការវាយតម្លៃ នៃការបំបាត់ជំងឺកញ្ជ្រិលរបស់អង្គ ការសុខភាពពិភពលោក បានទទួលស្គាល់ថា កម្ពុជាបានបំបាត់ជំងឺកញ្ជ្រិលទាំងស្រុង ។ ហើយចាប់តាំងពីឆ្នាំ២០១១មក មន្ទីពិសោធន៍បានកត់សម្គាល់ថា មិនបានរកឃើញករណីជំងឺកញ្ជ្រិលនៅកម្ពុជាឡើយ ។
សេចក្ដីប្រកាសដដែលបន្ថែមថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ គណៈកម្មាធិការនេះ ក៏បានសន្និដ្ឋានថា ប្រទេសកម្ពុជាបានសម្រេចបំបាត់ការឆ្លងមេរោគកញ្ជ្រិលអស់រយៈពេល ៣៦ខែរួចមកហើយ និងមានលទ្ធភាពស្នើឲ្យមានការ វាយតម្លៃដោយគណៈកម្មាធិការវាយតម្លៃ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់។
លោកវេជ្ជបណ្ឌិត Dong ilAhnតំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជាបានអបអរសាទរ ចំពោះរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឆ្ពោះទៅរកការបំបាត់ជំងឺកញ្ជ្រិលក្នុងរយៈពេលជាច្រើន ទសវត្សរ៍កន្លងមក ។ លោកបានបញ្ជាក់បន្ថែមថា « ជំហានបន្ទាប់របស់យើង គឺត្រូវពង្រឹងការតាមដានជំងឺ និងរក្សាឲ្យបាននូវភាព សុំាក្នុងចំណោមប្រជាជនកម្ពុជាឲ្យបានខ្ពស់ជានិច្ច » ។
ប្រទេសកម្ពុជា បានចូលរួមជាមួយបណ្តាប្រទេសនៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ចំនួន ៦ប្រទេសផ្សេងទៀត រួមមានប្រទេសអូស្ត្រាលី ប្រទេសប្រ៊ុយណេ ដារូសាឡឹម ប្រទេសជប៉ុន ទីក្រុងម៉ាកាវ (សាធារណរដ្ឋប្រជាមានតិចិន) ប្រទេសម៉ុងហ្គោលី និងសាធារណរដ្ឋ កូរ៉េ ដែលជាប្រទេសសម្រេចបានជាស្ថាពរនូវស្ថានភាពគ្មានជំងឺកញ្ជ្រិល ។ជំងឺកញ្ជ្រិលជាជំងឺឆ្លងខ្លាំងជាងគេបំផុត នៅទូទាំងពិភពលោក ដោយបានសម្លាប់មនុស្សប្រមាណជា ៤០០នាក់ ជា រៀងរាល់ថ្ងៃ ដែលភាគច្រើនជាកុមារដែលមានអាយុក្រោម ៥ឆ្នាំ ឬ ១៦នាក់ បានស្លាប់ជារៀងរាល់ម៉ោង ៕
© រក្សាសិទ្ធិដោយ thmeythmey.com