អន្តរជាតិ
នយោបាយអន្តរជាតិ
អាហ្វ្រិកខាងត្បូងទ័លច្រកជាថ្មីក្នុងហិង្សាប្រឆាំងជនបរទេស
×
អំពើហិង្សាប្រឆាំងជនបរទេសផ្ទុះឡើង៣សប្តាហ៍មកនេះ បានធ្វើអោយមនុស្សយ៉ាងហោច៦នាក់ស្លាប់បាត់បង់ជីវិត ជាង៥ពាន់នាក់ទៀតត្រូវភៀសខ្លួន។ សមាគមន៍មួយបានប្រាប់ថា ចំនួនមនុស្សស្លាប់មានដល់ទៅ១៥នាក់។ ប្រធានាធិបតីJacob Zumaបានលុបចោលដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងសុំអោយប៉ូលិសខិតខំការពារប្រជាជនពីហិង្សា។
ភ្លើងហិង្សាប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូងបានចាប់ផ្ទុះឡើង កាលពីខែមករា នៅក្រុងSoweto ភាគខាងត្បូង ក្រុងJohannesbourg ក្រោយពេលម្ចាស់ហាងទំនិញជនជាតិសូម៉ាលីម្នាក់ បានសម្លាប់ក្មេងប្រុសអាហ្វ្រិកខាងត្បូងម្នាក់ដែលចូលទៅប្លន់ហាង។ ហេតុការណ៍នេះបានបង្កអោយផ្ទុះហិង្សាប្រឆាំងជនបរទេស នៅតាមក្រុងជាច្រើន ពិសេសប្រឆាំងជនជាតិសូម៉ាលីតែម្តង។ មនុស្សជាច្រើនក្រុមបានឆ្លៀតឱកាសចូលប្លន់ហាងទំនិញ របស់ជនបរទេសជាច្រើនកន្លែង។
ក្រោយមកទៀត ព្រះមហាក្សត្រGoodwill Zwelithini បានធ្វើសន្ទរកថាបរិហារពីវត្តមានជនបរទេសដែលរស់នៅខុសច្បាប់ក្នុងប្រទេស ជាហេតុធ្វើអោយហិង្សាកាន់តែរាលដាល។ ក្នុងសប្តាហ៍នេះ ក្រោយមានហិង្សាកាលពីយប់ថ្ងៃសុក្រ បង្កឡើងដោយក្រុមចោរជាច្រើនក្រុម ថ្ងៃសៅរ៍ម្សិលមិញ ប៉ូលិសបានពង្រាយកងកម្លាំងបន្ថែម នៅតំបន់ជុំវិញក្រុង Johannesburg។ ប៉ូលិសបានចាប់ខ្លួនចោរជាង៣០នាក់។ ប៉ូលិសប្រាប់ដែរថា មានស្លាប់ជនបរទេសបន្ថែមម្នាក់ទៀត នៅក្រុងអាឡិចសិនដ្រា។ ប្រធានាធិបតីJacob Zuma បានសុំអោយប៉ូលិសនាំខ្លួនជនល្មើសទៅកាត់ទោស។ រដ្ឋាភិបាលសន្យាថា សប្តាហ៍ក្រោយ នឹងរៀបចំកិច្ចពិភាក្សារកដំណោះស្រាយ អោយស្ថានភាពវិលត្រលប់ដូចដើមវិញ។
ហិង្សាប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូងតែងកើតឡើងជារឿយ។ វាជាព្រឹត្តិការណ៍បង្ហាញពីភាពតានតឹងក្នុងចិត្ត របស់ពលរដ្ឋស្បែកខ្មៅ ដែលភាគច្រើនរងគ្រោះដោយសារបញ្ហាសេដ្ឋកិច្ច និងបញ្ហាគ្មានការងារធ្វើ។ ជនបរទេសដែលជាជនស្បែកខ្មៅដូចគ្នា ដែលជាជនអន្តោប្រវេសន៍បានរងការចោទប្រកាន់ថា ដណ្តើមការងារប្រជាជនក្នុងស្រុក។ កាលពីថ្ងៃសុក្រ តំណាងសហគមន៍បរទេសជនជាតិអាហ្វ្រិកបានស្នើរដ្ឋាភិបាលអោយចេញទ័ពអន្តរាគមន៍ ចៀសវាងហិង្សាដុនដាប ដូចកាលពីឆ្នាំ២០០៨ ។ កាលពីឆ្នាំ២០០៨ ហិង្សាប្រឆាំងជនបរទេសបានសម្លាប់មនុស្ស៦៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com