ជាតិ
កម្ពុជា​បដិសេធ​ព័ត៌មាន​នៃ​កា​រប​ញ្ចូ​ន​ជនភៀសខ្លួន​អូស្ត្រាលី​នៅ​ថ្ងៃស្អែក
19, Apr 2015 , 4:00 pm        
រូបភាព


ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ជុំវិញ​ព័ត៌មាន​នៃ​កា​រប​ញ្ចូ​ន​ជនភៀសខ្លួន​អូស្ត្រាលី(ក្រុមទី១) ពី​កោះ​ណា​អ៊ូ​រូ(Nauru) មកកាន់​កម្ពុជា​នៅ​ស្អែក​នេះ។ ព័ត៌មាន​ទាក់ទង​នឹង​កា​រប​ញ្ចូ​ន​ជនភៀសខ្លួន​អូស្ត្រាលី​នេះ ជា​ព័ត៌មាន​មិន​ពិត។ នេះ​ជាការ​បញ្ជាក់​របស់ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ។



លោក​ខៀវ សុភ័គ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា រហូតមកដល់​ពេលនេះ ទាំង​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស​កម្ពុ​ជា មិនទាន់​ព្រមព្រៀង ឬ​ទទួល​ព័ត៌មាន​ផ្លូវការ ណាមួយ​ពី​រដ្ឋាភិបាល​អូស្ត្រាលី ស្តីពី​ការបញ្ជូន​ជនភៀសខ្លួន​ពី​កោះ​ណា​អ៊ូ​រូ មក​កម្ពុជា​នៅឡើយ។

អ្នកនាំពាក្យ​ដដែល បានបញ្ជាក់​ទៀតថា នៅថ្ងៃនេះ​ឫ​ថ្ងៃស្អែក កម្ពុជា​នឹង​ប​ញ្ចូ​ន​មន្ត្រី​ជំនាញ​របស់ខ្លួន​ទៅកាន់​កោះ​ណា​អ៊ូ​រូ​ជាថ្មី​ម្តងទៀត ដើម្បី​ត្រួតពិនិត្យ និង​សាកសួរ​ពី​ការស្ម័គ្រចិត្ត​របស់​ជន​ភៀសខ្លួន​ទាំងនោះ។

ព័ត៌មាន​ស្តីពី​កា​រប​ញ្ចូ​ន​ជនភៀសខ្លួន​អូស្ត្រាលី(ក្រុមទី១)ពី​កោះ​ណា​អ៊ូ​រូ​មកកាន់​កម្ពុជា ត្រូវបាន​កាសែត​The Guardian របស់​អង់គ្លេស​នៅ​អូស្ត្រាលី ចុះផ្សាយ​កាលពី​ថ្ងៃទី១៥ មេសា​កន្លងទៅ។ កាសែត​The Guardian បាន​រាយការណ៍​ថា ជនភៀសខ្លួន​ដែល​ស្ម័គ្រចិត្ត នឹងត្រូវ​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២០ មេសា។ សេចក្តីរាយការណ៍​ដែល​យោងទៅតាម លិខិត​ព័ត៌មាន​ដែល​មន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ចែកជូន​ឲ្យ​ជនភៀសខ្លួន​នៅលើ​កោះ​ណា​អ៊ូ​រូ បាន​ឲ្យ​ដឹងថា ជនភៀសខ្លួន​ទាំងនោះ នឹង​ទទួលបាន​ការជួយ​ស្វែងរក​ការងារ​ធ្វើ ការ​ស្នាក់នៅ សេវា​សុខាភិបាល និង​អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ​ខ្មែរ ក្នុង​រយៈពេល៧ឆ្នាំ។

កាល​ចុងខែ​កញ្ញា ឆ្នាំ២០១៤ កម្ពុជា​និង​អូស្ត្រាលី បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តោប្រវេសន៍  ដែល​នឹង​ផ្តល់ សិទ្ធិ​ជ្រកកោន​ដល់​ជនភៀសខ្លួន​ប្រមាណ ១ពាន់​នាក់ ពី​ប្រទេស​អូស្ត្រាលី។ ការផ្តល់​សិទ្ធិ​ជ្រកកោន​នេះ បានធ្វើ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​គណបក្សប្រឆាំង និង​ពលរដ្ឋ​មួយចំនួន មិន​ពេញចិត្ត និង​ជំទាស់​នឹង​កិច្ចព្រមព្រៀង​នេះ ក្រោម​ហេតុផល​ថា កម្ពុជា​មិនទាន់មាន​លទ្ធភាព​ទទួល​យក​ជនភៀសខ្លួន​ទាំងនោះ​នៅឡើយ​ទេ។ យ៉ាងណា​រដ្ឋាភិបាល​កម្ពុ​ជា ធ្លាប់បាន​អះអាងថា ការបញ្ជូន និង​ទទួល​ជនភៀសខ្លួន​ទាំងនោះ គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត គ្មាន​ការបង្ខំ​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com