ជាតិ
នយោបាយជាតិ
ស្ថានីយទូរទស្សន៍«ព្រះអាទិត្យ» ស្ថិតនៅក្នុងក្រុងតាខ្មៅ
× លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានព្រលយឲ្យដឹងថា ទូរទស្សន៍ដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់អំណាចដំបូងគេ តែមានសមានចិត្តលើគណបក្សសង្គ្រោះជាតិនោះ កំពុងត្រៀមលក្ខណៈទាំងបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៥នេះ។
ទូរទស្សន៍«ព្រះអាទិត្យ» បានត្រៀមខ្លួនរួចហើយទាំងបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីចាប់ផ្តើមនៅក្នុងឆ្នាំ២០១៥នេះ។ នេះគឺជាការប្រកាសរបស់ប្រធានគណបក្សសង្គ្រោះជាតិ និងជាដៃគូសន្ទនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក សម រង្ស៊ី ប្រាប់អំពីព័ត៌មាននេះនៅក្នុងទំព័រគណនីហ្វ៊េសប៊ុករបស់លោក។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី និងជាមនុស្សស្និទ្ធនឹងលោក សម រង្ស៊ី បានអះអាងប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃអាទិត្យនេះថា ដំណើរការរៀបចំទូរទស្សន៍ព្រះអាទិត្យ នឹងអាចប្រព្រឹត្តិទៅលឿន ដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ។ លោក ហុង សុខហួរ បញ្ជាក់យ៉ាងដូច្នេះថា៖«ទំហំវិនិយោគនឹងស្ថិតក្នុងរង្វង់ប្រមាណ៤លានដុល្លារដូចយើងធ្លាប់បានបញ្ជាក់។ ហើយស្ថានីយផ្សាយរបស់យើង គឺស្ថិតនៅម្តុំក្រុងតាខ្មៅ ដែលយើងអាចមានលទ្ធភាពរកបាន ហើយវាក៏ជាភូមិសាស្ត្រល្អ និងមិនឆ្ងាយសម្រាប់បុគ្គលិករបស់យើង»។
បើតាមការអះអាងរបស់លោក ហុង សុខហួរដដែល ក្រុមហ៊ុនទូរទស្សន៍ថ្មីនេះ នឹងត្រូវធ្វើការជាមួយអ្នកជំនាញ ហើយក៏កំពុងត្រៀមប្រមូលដើមទុន និងអ្នកដែលចង់វិនិយោគជាមួយដែរ។
នៅលើគណនីយហ្វេសប៊ុករបស់ខ្លួន លោក សមរង្ស៊ី បានសរសេរយ៉ាងដូច្នេះថា ស្ថានីយទូរទស្សន៍ថ្មីនេះ ដែលប្រជារាស្ត្រខ្មែររង់ចាំយូរមកហើយ ហើយដែលអាចមានឈ្មោះថា "ទូរទស្សន៍ ព្រះអាទិត្យ" គឺជាលទ្ធផលមួយទៀត នៃវប្បធម៌សន្ទនា បន្ទាប់ពីការបង្កើត គ.ជ.ប. ថ្មីមួយ ដែលគេអាចជឿទុកចិត្តបាន ដើម្បីរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ ២០១៧ និង ២០១៨ ៕
© រក្សាសិទ្ធិដោយ thmeythmey.com