ជាតិ
តុលាការសម្រេចឲ្យលោក ហ៊ី ណារិន អនុវត្តទោសតែ ១៨ខែប៉ុណ្ណោះ
×
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមសម្រេចឲ្យអតីតអធិការនគរបាល ខណ្ឌមានជ័យ ឈ្មោះ ហ៊ី ណារិន ភេទប្រុស អាយុ ៦០ ឆ្នាំ ជាប់ពន្ធនាគារចំនួន ៣ឆ្នាំ ប៉ុន្តែតុលាការតម្រូវឲ្យអធិការដែលពាក់ព័ន្ធនឹងករណីកឹបកេងថវិកាពុករលួយ ជាង ៧០ ម៉ឺនដុល្លារអាមេរិករូបនេះ អនុវត្តទោសតែ ១៨ខែប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក កៅ វណ្ឌី បានប្រកាស សាលក្រមក្នុងសំណុំរឿងពាក់ព័ន្ធករណីពុករលួយរបស់អតីតអធិការនគរបាលខណ្ឌមានជ័យ លោក ហ៊ី ណារិន នៅថ្ងៃទី១១ ខែឧសភានេះ ។ សាលក្រមនេះ បានសម្រេចឲ្យលោក ហ៊ី ណារិន ជាប់ពន្ធនាគារព្រៃសរចំនួន ៣ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ ១៨ខែប៉ុណ្ណោះ ព្រមទាំងបង្គាប់ ឲ្យអ្នកទោស ហ៊ី ណារិន បង់ប្រាក់ជូនរដ្ឋជាង ៥ពាន់លានរៀលដែរ។
ក្នុងសវនាការជំនុំជម្រះកាលពីថ្ងៃទី១០ ខែមេសានៅសាលាដំបូងរាជធានីភ្នំពេញ កន្លងមក ជនជាប់ចោទឈ្មោះ ហ៊ី ណារិន អតីតអធិការនគរបាលខណ្ឌមានជ័យ បានសារភាពកំហុសនិងសុំឲ្យចៅក្រមបន្ធូរបន្ថយទោស ពេលនោះដែរ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង វង្ស ប៊ុន ពិសិដ្ឋិ បានរក្សាបទចោទចំនួន ៣ ករណីដដែល។
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះលោក កោ វណ្ឌី ថ្លែងថា លោក ហ៊ី ណារិន ត្រូវតំណាងអយ្យការចោទប្រកាន់ចំនួន ៣ បទល្មើស រួមមានបទវិតិក្រម ការកេងយកប្រយោជន៍ដោយខុសច្បាប់ និងការគៃបំបាត់ធ្វើដោយ អ្នករាជការ តាមមាត្រា ៣៧ នៃច្បាប់ប្រឆាំងអំពើពុករលួយនិងមាត្រា ៥៩២,៥៩៣,៥៩៧,៥៩៨ នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា ទាក់ទិននឹងសំណុំរឿងពុករលួយនេះ លោក ហ៊ី ណារិន អតីតអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ៨ករណី និងការប្រមូលព័ត៌មាននានាជុំវិញ ការប្រព្រឹត្តនោះ ហើយថាអធិការរូបនេះ បានកិបកេងលុយជាង ២៧០០ លានរៀល ដែលប្រព្រឹត្តពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៤ ។ ករណីល្មើសទាំងនោះ មាន ទី១៖ ទទួលប្រាក់សំណូកពីមន្ត្រីនគរបាលអសកម្ម និងមន្ត្រីអវត្តមាន (ព្យួរឈ្មោះ) ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ទី២៖ កិបកេងប្រាក់និងតម្រូវឲ្យបង់លុយចំនួនពី ២ ម៉ឺនរៀលទៅ ៥ ម៉ឺនរៀល សម្រាប់សៀវភៅគ្រួសារ ១ ក្បាល និងថ្លៃបញ្ចូលសមាជិកថ្មីនៅក្នុងសៀវភៅនោះ។ ទី៣៖ កិបកេងប្រាក់ និងតម្រូវឲ្យមន្ត្រីឬបុគ្គលិកក្រោមឱវាទទិញអាវចំណាំងផ្លាត និងស្រោមកាំភ្លើង ដែលជារបបឧបត្ថម្ភ ពីស្នងការនគរបាលរាជធានី ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ទី៤៖ បានកិបកេងប្រាក់ឧបត្ថម្ភសម្រាប់ហ្វឹកហាត់ដើម្បីទប់ស្កាត់ បាតុកម្មពីនគរបាលក្រោមឱវាទដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ទី៥៖ បានតម្រូវឲ្យបនល្បែងស៊ីសងគ្រប់ប្រភេទ ម្ចាស់រោងចក្រនិងម្ចាស់អាជីវកម្មនានានៅក្នុងខណ្ឌមានជ័យ បង់ប្រាក់ប្រចាំខែជូនគាត់ជារៀងរាល់ខែ។ ទី៦៖ តម្រូវឲ្យម្ចាស់ម៉ូតូគ្មានស្លាក ឬ កញ្ចក់ បង់ពិន័យចំនួន ២ ម៉ឺនរៀល ក្នុង ១ថ្ងៃ សម្រាប់ថ្លៃរក្សាទុកក្នុងអធិការខណ្ឌ មានជ័យ និងបញ្ជាឲ្យលក់ម៉ូតូដែលចាប់ផាកនៅពេលម្ចាស់មិនចូលខ្លួនមក ដោះស្រាយ។ ទី៧៖ បានកិបកេងលុយនិងប្រមូលលុយពីម៉ូតូ ឬ រថយន្តដែលផាកពិន័យលើសច្បាប់កំណត់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងទី៨ បានតម្រូវឲ្យបង់លុយ ១០ ភាគរយ (ឬ ១០ ម៉ឺនរៀល) ពីគូភាគីដែលជួបគ្រោះថ្នាក់ចរាចរណ៍ឲ្យអធិការខណ្ឌមានជ័យ សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com