ជាតិ
តុលាការរាជ​ធានីភ្នំពេញ​កំពុង​សាក​សួរ លោក ថោង សារ៉ាត់ និងឪពុក​ម្តាយ
20, May 2015 , 2:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​បើកសវនាការ​សំណុំរឿង​ទាក់ទង​នឹងកា​របាញ់​សម្លាប់ឧកញ៉ា អ៊ឹង ម៉េង​ជី កាលពី​ថ្ងៃទី​២២ ​ខែវិច្ឆិកា ឆ្នាំ​២០១៤។ លោក ថោង សារ៉ាត់ ត្រូវបាន​ចាប់ខ្លួន​កាលពីពាក់កណ្តាល​ខែមេសា កន្លងមក នៅព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពី​សមត្ថកិច្ច​រក​ឃើញថា ជាអ្នក​នៅពីក្រោយអំពើ​ឃាតកម្ម​ រីឯលោក ថោង ចំរើន ជាឪពុក និង​លោកស្រី កែវ សារី ជាម្តាយ ជាប់ពាក់ព័ន្ធ​នឹងការ​កាន់កាប់អាវុធ​ខុស​ច្បាប់។



បន្ទាប់ពី​ការសាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​ជាង ៥ខែ ពោលគឺ​ចាប់ពី​ចុងឆ្នាំ ២០១៤ កន្លងមក សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវន​ការ​ជា​ផ្លូវការ​លើ​សំណុំរឿង​លោក ថោង ចំរើន និង​លោកស្រី កែវ សារី ។

មេធាវី​ការពារ​ក្តី​ពួកគេ លោក លឹម វណ្ណា បាន​និយាយថា កូនក្តី​របស់លោក គឺ​ឪពុកម្តាយ​លោក​ឧ​ញ៉ា ថោង សារ៉ាត់ នឹងត្រូវ​ឡើង​សវនាការ​នៅ​ថ្ងៃទី២០ នេះ។​«ពួកគាត់ឡើង​សវ​នាការ​សាធារ​ណៈនៅ​សាលាដំបូងរាជ​ធានីភ្នំពេញនៅ​ម៉ោង២ រ​សៀល»។ នេះ​​ជាការ​ប​ញ្ជាក់​របស់​​មេធា​វី លោ​ក លឹម វណ្ណា។​
 
ឪពុកម្តាយ​លោក ថោង សារ៉ាត់ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​រក្សា កាន់កាប់​អាវុធ និ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​លើ​ឧ​ញ៉ា អ៊ឹង ម៉េង​ជឺ ដែល​ប​ណ្តោ​ល​ឲ្យ​មានការ​ភ្ញាក់ផ្អើល កណ្តាល​រាជធានី​ភ្នំពេញ កាល​យប់​ពីថ្ងៃ២២ខែវិច្ឆិកា ឆ្នាំ២០១៤។ ករណី​ឃាត​កម្មនេះ សមត្ថកិច្ច​បាន​ចោទ​លោក​ឧ​ញ៉ា ថោង សារ៉ាត់ ជា​មេឃាតករ។

តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ បទ​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត បាន​ចែងថា គ្រប់​បុគ្គល​ដែល​នៅក្រៅ​លំនៅឋាន​របស់ខ្លួន​យកតាម​ខ្លួន​ឬ ដឹកជញ្ជូន​នូវ​អាវុធ​គ្រឿងផ្ទុះ​ឬ​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល ទៅ ៦លាន​រៀល។

គួររម្លឹកថា ជនជាប់ចោទ​ឈ្មោះ ថោង ចំរើន អាយុ ៦៥ ឆ្នាំ និង​ឈ្មោះ កែវ សារី អាយុ ៥៥ ឆ្នាំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង លោក លី សុខ​ឡេង សម្រេច​ដោះលែង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ រួច​ម្តង។ ប៉ុន្តែ​បន្ទាប់ពី​មានការ​ដោះលែង​បាន​រយៈ​ជាង ១០ថ្ងៃនោះ ពួកគេ​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មកវិញ នៅពេលដែល​ពួកគេ​ចេញដំណើរ​ទៅ​ប្រទេស​វៀតណាម។

ទាក់ទិន​ករណី​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្ម​ជាខ្លាំង ដោយ​លោក​អះអាងថា ការសម្រេច​ដោះលែង​នោះ អាច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ ភ្លាមៗនោះ លោក​បាន​ស្នើ​ឲ្យ​ក្រសួងយុត្តិធម៌ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចាត់វិធានការ​ធ្វើ​អធិការកិច្ច។ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ប្រតិកម្មភ្លាមៗ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ អង្គចៅក្រម បាន​កោះប្រជុំ​ជាបន្ទាន់​មួយ​សម្រេច​ដកតំណែង លោក អាំង មាលតី ចេញពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​មក​​ធ្វើការនៅ​ក្រសួងយុត្តិធម៌ ហើយ​លោក តាំង ស៊ុន​ឡាយ ដែលជា​អនុប្រធាន​ ត្រូវបានតែងតាំងមកជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជំនួស​វិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com