ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហោ ណាំហុង អួលដើម ក ពេល​រម្លឹក​ពី​បេសក​កម្ម​ការពារ​បូរណភាព​ទឹកដី
22, May 2015 , 1:11 am        
រូបភាព
ដោយ: ថ្មីៗ
 លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង បាន​រម្លឹក​ពី​ប្រវត្តិ​លំបាក​របស់ខ្លួន ជាមួយ​សហការី​ខ្លួន​ទាំង​អួល​ដើម ក នៅពេលដែល​លោក និង​សហការី​បំពេញ​បេសកកម្ម​ដើម្បី​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​កន្លងមក។ ការ​រម្លឹក​ពី​ភាពលំបាក​របស់លោក ហោ ណាំហុង​នះ បាន​ធ្វើឡើង​នៅក្នុង​បទ​អត្ថាធិប្បាយ​របស់ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេសជិតខាង ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ក្នុង​វេទិកា​តុមូល​រៀបចំឡើង​ដោយ​ទីស្តីការគណរដ្ឋមន្ត្រី ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៥ ។

 

តាមពិតទៅ​បទ​បរិយាយ​របស់លោកប្រ​មុខ​កា​ទូត​ចាស់វស្សា​របស់​កម្ពុជា​រូបនេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​មតិ​រិះគន់​លោក​កន្លងមក​ជុំវិញ​អំណះអំណាង​របស់លោក​ដែលថា ប្រជាជន​ខ្មែរ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ដាំ​ដំណាំ​ចូល​ទឹកដី​វៀតណាម ទើប​បណ្តាល​ឲ្យ​អាជ្ញាធរ និង​ពលរដ្ឋ​វៀតណាម នាំគ្នា​មក​ដុត​ដំណាំ​របស់​ប្រជាជន​ទាំងនោះ។ ហើយ​នៅក្នុង​វេទិកា​តុមូល​នេះ លោក ហុង ណាំហុង នៅតែ​អះអាង​ដូច​មុន​ថា ដី​ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​នោះ ជា​របស់​វៀតណាម​ ក្រោម​ទឡ្ហីករណ៍​ដដែល។  

ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ស្រប​ពេលដែល​កំពុងតែ​និយាយ​ពី​បញ្ហា​ទឹកដី​ជាមួយ​ប្រទេស​វៀតណាម លោក ហោ ណាំហុង ក៏បាន​ឆ្លៀត​រម្លឹក​ពី​ការតស៊ូ និង​ការលះបង់​របស់​រូបលោក ជាមួយនឹង​សហការី​ខ្លួន ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ថៃ​ទាក់ទង​នឹង​សំណុំរឿង​ប្រាសាទព្រះវិហារ​កន្លងទៅ ។ ពេលរម្លឹកពីការតស៊ូនេះហើយ ធ្វើឲ្យ​លោក ហោ ណាំហុង ស្ទើរទប់អារម្មណ៍មិនបាន។ ក្នុង​សំឡេង​អួល​ដើម ក និង​ហាក់បីដូចជា​ចង់​ស្រក់​ទឹកភ្នែក​ផង​នោះ លោក​ប្រមុខ​ការទូត​កម្ពុជា​ដែលមាន​អាយុ ៨០ ឆ្នាំ​រូបនេះ បាន​រៀបរាប់​បែបនេះ​ថា៖« នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ពី២០១១ ដល់២០១៣ ពីរ​ឆ្នាំនេះ យើង​ធ្វើ​ការតស៊ូ​ខាង​ផ្លូវច្បាប់​ទាំងយប់​ទាំង​ថ្ងៃ។ ពេលខ្លះ​យើងខ្ញុំ​ទាំងអស់គ្នា​មានមុខ​នៅទីនេះ ព្រមទាំង​អ្នកច្បាប់​របស់​យើង អត់បាយ​ទេ ហូប​នំ​បុ័ង​មួយ ទឹក​មួយ​កែវ ធ្វើការ​ដល់​ម៉ោង១២ ម៉ោង១យប់» ។
  ស្តាប់​សំឡេង​លោក ហោ ណាំហុង

 

សូមបញ្ជាក់ថា នៅក្នុង​វីដេអូ​វេទិកា​តុមូល​ដែល​រៀបចំឡើង​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម ក្រៅពី​លោក ហោ ណាំហុង ក៏មាន​វត្តមាន​លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ន​លោក ឡុង វិ​សា​លោ អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា លោក កែវ រ៉េមី អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួម​ផងដែរ។ ហើយ​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ជា​អ្នកសម្របសម្រួល​ក្នុង​វេទិកា​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com