ជាតិ
បទវិភាគ
ទម្លាប់​អាក្រក់​នៃ​ការមិន​ខ្វល់​ពី​អ្នកដទៃ
28, Nov 2015 , 5:19 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ ពេល​មិនទាន់មាន​រដ្ឋ សង្គមមនុស្ស រស់នៅ​និង​ប្រព្រឹត្តអ្វីៗដោយ​ផ្អែកលើ​និយាម​សង្គម ដែលមាន ទំនៀម ទម្លាប់ ប្រពៃណី ជំនឿ សាសនា និង​សីលធម៌ ជាដើម។ ចាប់ពី​ពេល​មាន​រដ្ឋ​មក សង្គមមនុស្ស ត្រូវបាន​គ្រប់គ្រង​ដោយ​ច្បាប់​ផង​និង​ដោយ​និយាម​សង្គម​ផង។ ជាទូទៅ ច្បាប់​ត្រូវបាន​គេ​សន្មត​ថា​ល្អ និង​ត្រូវបាន​គេ​បង្ខំ​ឱ្យ​មនុស្ស​ទាំងអស់​នៅក្នុង​រដ្ឋ​នោះ​ត្រូវតែ​គោរព។ ដូចគ្នា​ដែរ និយាម​សង្គម​ក៏​ត្រូវគេ​ចាត់ទុកថា​ល្អ និង​បង្ខំ​ឱ្យ​សមាជិក​សង្គម​ត្រូវតែ​គោរព​ដែរ។ តាមពិត ទាំង​និយាម​សង្គម ទាំង​ច្បាប់​រដ្ឋ​សុទ្ធ​តែមាន​ចំណុច​ខ្វះខាត ឬ​ចំណុច​អាក្រក់​ដូចគ្នា អាស្រ័យ​លើ​ឆន្ទៈ​របស់​អ្នកបង្កើត សមត្ថភាព​របស់​អ្នកបង្កើត មូលដ្ឋាន​នៃ​ការបង្កើត គោលបំណង​នៃ​ការបង្កើត និង​ការអនុវត្ត​ច្បាប់​និង​និ​យា​សង្គម​នោះ។



សង្គម​មួយ​មិនអាច​ខ្វះ​ច្បាប់​បានឡើយ ហើយក៏​មិនអាច​ខ្វះ​និយាម​សង្គម​បានដែរ ពីព្រោះ វិសាល​របស់​ច្បាប់ មិនអាច​គ្របដណ្ដប់​លើ​វិសាលភាព​ដ៏​ធំធេង​នៃ​ការប្រព្រឹត្ត​របស់​សង្គម​បានឡើយ។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​មិន​មានន័យថា យើង​ត្រូវតែ​គោរព​តាម​និយាម​សង្គម​ទាំងស្រុង​ដោយ​មិនបាន​ពិនិត្យ និង​ពិចារណា​នោះទេ។ មានន័យថា និយាម​សង្គម​ណា​ល្អ ត្រូវតែ​ទទួលយក និយាម​សង្គម​ណា​មិនល្អ ត្រូវតែ​បដិសេធ។ បច្ចុប្បន្ន យើង​បាន​សង្កេតឃើញ​មាន​ទម្លាប់​អាក្រក់​ជាច្រើន​ដែល​គួរ​ចៀសវាង។ ក្នុង​អត្ថបទ​នេះ យើង​សូម​លើកយក​តែមួយ​មក​បង្ហា​ញ​ប៉ុណ្ណោះ​គឺ«ទម្លាប់​អាក្រក់​នៃ​ការមិន​ខ្វល់​នឹង​អ្នកដទៃ»។ យើង​សូម​បង្ហាញ​តាម​វិស័យនីមួយៗដូចខាងក្រោម៖

1.    ការដឹកនាំ​និង​ការគ្រប់គ្រង៖ យើង​បាន​សង្កេតឃើញថា អ្នកមានអំណាច​និង​អ្នកដឹកនាំ មិនសូវ​យកចិត្តទុកដាក់​នឹង​ជីវភាព​និង​សុខទុក្ខ​របស់​ប្រជាជន​សាមញ្ញ ក៏ដូចជា​មន្ត្រី​របស់ខ្លួន​ឡើយ។ ពួកគេ​គិតតែ​ធ្វើយ៉ាងណា​ឱ្យ​ខ្លួនគេ​រស់នៅ​ស្រួល និង​អាច​រក្សា​អំណាច ឬ​តំណែង​របស់ខ្លួន​បានយូរ​អង្វែង។ ជាក់ស្តែង ប្រាក់ខែ​របស់​តំណាងរាស្ត្រ រាប់ពាន់​ដុល្លារ​ក្នុង​មួយខែ មាន​ឡាន​រដ្ឋ​ជិះ មាន​របប​សាំង ពេល​ប្រជុំ​មាន​លុយ ពេល​ចុះ​បេសកកម្ម​ក៏មាន​លុយ​ច្រើន ព្រមទាំង​មាន​គម្រោងផ្សេងៗជាច្រើន​ទៀត។ ឯ​មន្ត្រី​តូចតាច​វិញ ប្រាក់ខែ​ក៏​តិច លុយ​ប្រជុំ​ក៏​គ្មាន របប​សាំង​ក៏​គ្មាន លុយ​បេសកកម្ម​ក៏​តិច ហើយ​ថែមទាំង​ត្រូវគេ​កាត់​ភាគរយ​ទៀត។ ឯកា​របើក​លុយ​បេសកកម្ម​ក៏​យឺត​ទៀត ហើយ​គម្រោង​ក៏​មិនសូវមាន​ដែរ។

2.    កិច្ចការរដ្ឋបាល៖ ជាទូទៅ​មន្ត្រី​បម្រើសេវា​រដ្ឋបាល​មិនសូវ​ខ្វល់​ពី​ភាពត្រឹមត្រូវ ការលំបាក​ដោយសា​ការរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​ឡើយ។ ក្នុងករណី​ជាច្រើន មន្ត្រីរដ្ឋបាល​បាន​បំពេញ​ថ្ងៃ ខែ ឆ្នាំ​កំណើត ឬ​ទីកន្លែង​ខុស ហើយ​មិន​ទទួលខុសត្រូវ​ទេ ថែមទាំង​បង្ខំ​អ្នករងគ្រោះ​នោះ ឱ្យ​ទទួលយក​ឯកសារ​ដែល​ខ្លួន​បំពេញ​ខុស​នោះ​ទៀតផង។ លើសពីនេះ​ទៀត ល្បិច​នៃ​ការធ្វើឱ្យ​អ្នក​ទៅ​ទទួល​សេវា​រង់ចាំ​យូរ និង​មាន​ភាពស្មុគស្មាញ គឺ​ដើម្បី​តែ​លុយ​ប៉ុណ្ណោះ ពីព្រោះ​អ្នក​ដែល​បាន​បង់លុយ​ក្រៅច្បាប់​ពួកគេ​នឹង​ទទួលបាន​ឯកសារ​ឆាប់រហ័ស​និង​មាន​ភាពងាយស្រួល​ក្នុងការ​បំពេញបែបបទ។

3.    ចរាចរណ៍​និង​សណ្ដាប់ធ្នាប់៖ ពលរដ្ឋ​ភាគច្រើន​មិនសូវ​ខ្វល់​ពី​អ្នកដទៃ​និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ឡើយ។ ពួកគេ​បើកបរ​តាម​ទំនើងចិត្ត​ដែល​អាចធ្វើ​ទៅបាន ដូចជា ការ​ប្រជ្រៀត​គ្នា​មិន​គិតពី​ចំណែក​ផ្លូវ មិន​គោរព​គំនូស​សញ្ញា និង​ភ្លើង​ចរាចរណ៍​ពេលខ្លះ បើទោះបីជា​រថយន្ត​រប​ស់​គេ​មិនអាច​ទៅរួច​ក៏ដោយ ក៏​គេ​នៅតែ​ប្រជ្រៀត​ទៅ​ឈប់​ពាំង​ផ្លូវ​មិនឱ្យ​កង់ ឬ​ម៉ូតូ​ដែល​តូច​ជាង​អាចធ្វើ​ចរាចរណ៍​បាន។ រីឯ អ្នករត់ម៉ូតូឌុប អ្នករត់​រឺ​ម៉ក និង​អ្នកបើកបរ​រថយន្តឈ្នួល​ខ្លះ​បាន​ឈប់ ឬ​ចត​យានយន្ត​របស់ខ្លួន​នៅ​កន្លែង​ដែលមាន​ចរាចរណ៍​មមាញឹក ដោយ​មិន​ខ្វល់​ពី​ការកកស្ទះ​ចរាចរណ៍​ដោយសារតែ​ពួកខ្លួន​ឡើយ។ ដូចគ្នា​ដែរ ម្ចាស់​ហាង ឬ​ភោជនីយដ្ឋាន​ភាគច្រើន បាន​យក​ចិញ្ចើមផ្លូវ​សាធារណៈ ធ្វើជា​កន្លែង​ដាក់​អីវ៉ាន ឬ​ទំនិញ ឬ​ចត​យានយន្ត​របស់ខ្លួន ធ្វើឱ្យ​ថ្នើ​រ​ជើង​គ្មាន​ផ្លូវ​សម្រាប់​ដើរ ដែល​ជំរុញ​ពួកគេ​ចុះមក​ដើរ​តាមផ្លូវ​បើកបរ​ទៅវិញ ជាហេតុ​នាំឱ្យ​ទទួលរង​គ្រោះថ្នាក់​ចរាចរណ៍ជារឿយ។ ចំពោះ​នគរបាល​ចរាចរណ៍​វិញ ពួកគេ​បាន​យកលុយ​ពី​អ្នកបើកបរ​ដែល​ប្រព្រឹត្ត​ខុសច្បាប់ ជា​ថ្នូរ​នឹង​ការអនុញ្ញាតឱ្យ​អ្នកប្រព្រឹត្ត​ខុស​ទាំងនោះ​បន្តធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ និង​ឱ្យ​រថយន្ត​ធុន​ធំ​បើកបរ​ក្នុង​ម៉ោង​ហាមឃាត់ ឬ​ផ្លូវ​ហាមឃាត់ ដែល​ធ្វើឱ្យមាន​ការកកស្ទះ​ចរាចរណ៍ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ជារឿយ។ 

4.    វិស័យ​សុខាភិបាល៖ ដោយសារតែ​ឥទ្ធិពល​នៃ​ការមិន​ខ្វល់​ពី​អ្នកដទៃ​នេះហើយ ទើប​យើង​បាន​សង្កេតឃើញ​មាន​មន្ត្រី​សុខាភិបាល​និង​គ្រូពេទ្យ​មួយចំនួន មិនសូវ​គិតពី​តម្លៃ​មនុស្ស អាយុជីវិត សីលធម៌​វិជ្ជាជីវៈ និង​សុខទុក្ខ​របស់​ជនរងគ្រោះ​និង​អ្នកជំងឺ​ឡើយ គេ​អនុវត្ត​រឹង​ស្ដូក​នូវ​ច្បាប់​ដែល​គ្មាន​វិចារណញ្ញាណ និង​គិតតែ​បញ្ហា​លុយ​ជាធំ។ មកដល់ពេលនេះ មន្ទីរពេទ្យ​រដ្ឋធំៗ សុទ្ធតែ​ត្រូវ​បង់លុយ ចំពោះ​សេវា​ឥត​បង់លុយ​វិញ គ្រូពេទ្យ​មិនសូវ​យកចិត្តទុកដាក់​ទេ អ្នក​ទៅ​ទទួល​សេវា​ឥត​បង់ថ្លៃ​នេះ បានតែ​ជំងឺស្រាលៗទេ ចំពោះ​អ្នកជំងឺ​ធ្ងន់​វិញ គឺ​ពួកគេ​បានត្រឹមតែ​ដេក​រង់ចាំ​សេចក្ដីស្លាប់​តែប៉ុណ្ណោះ។ លើសពីនេះ​ទៀត គ្រូពេទ្យ​គ្មាន​សមត្ថភាព ថ្នាំពេទ្យ​គ្មាន​គុណភាព និង​ថ្នាំពេទ្យ​ហួសពេល​កំណត់​ប្រើប្រាស់ ក៏​កំពុងមាន​វត្តមាន​នៅតាម​មន្ទីរ​ព្យាបាល​រោគ​ឯកជន ឱសថស្ថាន និង​ទីផ្សារ​កម្ពុជា ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​សុខភាព​របស់​ប្រជាជន​ខ្មែរ។ 

5.    វិស័យ​ពាណិជ្ជកម្ម​គយ កាំកុងត្រូល ពេទ្យសត្វ៖ ដោយសារតែ​ការមិន​ខ្វល់​ពី​អ្នកដទៃ នាំឱ្យ​មន្ត្រី​មួយចំនួន​ដែល​ទាក់ទង​នឹង​វិស័យ​ទាំងនេះ និង​គិតតែ​ប្រាក់ បណ្ដោយឱ្យ​គ្រឿង​បរិ​ភគ ប​ន្លៃ ផ្លែឈើ ត្រី សាច់ មួយចំនួន​ដែលមាន​ជាតិគីមី​លើស​កម្រិត​សុវត្ថិភាព​ហូរ​ពី​ប្រទេសជិតខាង​ចូលមក​ទីផ្សារ​កម្ពុជា ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​សុខភាព​របស់​ប្រជាជន​ខ្មែរ។

6.    អាជ្ញាធរ និង​តុលាការ៖ ដោយសារតែ​ឥទ្ធិពល​នៃ​ការមិន​ខ្វល់​នឹង​អ្នកដទៃ នាំឱ្យ​អាជ្ញាធរ និង​មន្ត្រី​តុលាការ​ស្ទើរតែ​ទាំងអស់ សម្របសម្រួល ឬ​សម្រេច​ក្ដី ដោយ​លម្អៀង​ទៅរក​អ្នកមាន​លុយ អ្នកមានអំណាច បក្សពួក និង​សាច់ញាតិ ដោយ​មិន​គិតពី​ភាពត្រឹមត្រូវ អង្គហេតុ អង្គច្បាប់ ឬ​យុត្តិធម៌​ឡើយ ជាហេតុ​នាំឱ្យ​ប្រជ​ន​ទទួលរង​អយុត្តិធម៌ ហើយ​ទីបំផុត​ពួកគេ​អស់ជំនឿ​លើ​អាជ្ញាធរ និង​មន្ត្រី​តុលាការ និង​បង្ខំចិត្ត​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​ច្បាប់។

ការលើកឡើង​នូវ​ទម្លាប់​អាក្រក់​មួយ​ជ្រុង​មក​បង្ហាញ​នេះ មិន​មានន័យថា សង្គម​ខ្មែរ​ពោរពេញ​ដោយ​ភាព​ខ្មៅ​ង​ងិ​ត​ទាំងអស់​នោះទេ ប៉ុន្តែ គ្រាន់តែ​ចង់បង្ហាញ​ថា ទម្លាប់​អាក្រក់​នេះ ពិតជា​កំពុងមាន​វត្តមាន​ក្នុងសង្គម​ខ្មែរ​ប្រាកដ​មែន។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យើង​ត្រូវ​កែ​ទម្លាប់​អាក្រក់ និង​ត្រូវអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​បំផុត៕ 




© រក្សាសិទ្ធិដោយ thmeythmey.com