អន្តរជាតិ
នយោបាយអន្តរជាតិ
ក្រុងប៉េកាំងប្តូរយុទ្ធសាស្ត្រយោធាថ្មីគំរាមវៀតណាមនិងហ្វីលីពីន
×
រដ្ឋាភិបាលចិនបានដាក់ចេញយុទ្ធសាស្ត្រយោធាថ្មីសម្រាប់បង្កើនឥទ្ធិពលយោធាដែនទឹកនិងប្រកាសផ្លាស់ប្តូរយុទ្ធសាស្ត្រយោធារបស់ខ្លួនពីការពារដែនអាកាសមកជាការពារនិងប្រយុទ្ធវិញម្តង។ការផ្លាស់ប្តូរយុទ្ធសាស្ត្រនិងបង្កើនអំណាចទ័ពនេះជាការគំរាមរាល់ភាគីជម្លោះរបស់ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូងជាពិសេសហ្វីលីពីននិងវៀតណាម។
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ
ជម្លោះសមុទ្រចិនខាងត្បូងបន្តស្ថិតក្នុងសភាពតានតឹងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ ចិនបន្តសាងសង់កោះសិប្បនិម្មិតនៅលើដែនទឹកជម្លោះសមុទ្រចិនខាងត្បូងដោយមិនខ្វាយខ្វល់ការរិះគន់និងការថ្កោលទោសរបស់ហ្វីលីពីនឬភាគីជម្លោះផ្សេងទៀតឡើយ។កោះជាច្រើនត្រូវបានចិនសាងសង់ដើម្បីសម្រួលដល់ប្រិតបត្តិការស៊ីវិលនិងយោធាប៉ុន្តែកន្លងមកដំណើរការសាងសង់ចេះតែប្រឈមនឹងឧបសគ្គ។
ថ្មីៗនេះក្រសួងការពារជាតិក្រុងប៉េកាំងក្រោមការដឹកនាំរបស់លោកស៊ីជិនពីងបានប្រកាសផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីធានាពីសមត្ថភាពយោធាចិនក្នុងការប្រឆាំងសត្រូវ។ចិនបានបង្ហាញយុទ្ធសាស្ត្រថ្មីដែលនឹងប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពនិងអំណាចយោធាកងទ័ពជើងទឹកបច្ចុប្បន្ន។ ហើយអ្វីដែលពិសេសចិនក៏សម្រេចប្តូរពីយុទ្ធសាស្ត្រត្រឹមការពារដែនអាកាសមកជាយុទ្ធសាស្ត្រការពារនិងវាយប្រហារវិញម្តង។
បើយោងតាមរបាយការណ៍កងទ័ពជើងទឹកចិនយុទ្ធសាស្ត្រថ្មីមានសារសំខាន់សម្រាប់កងទ័ពជើងទឹកបច្ចុប្បន្នក្នុងការប្រតិបត្តិដោយពួកគេនឹងមានលទ្ធភាពអនុវត្តយុទ្ធសាស្ត្រមានប្រសិទ្ធភាពដើម្បីវាយប្រហារសត្រូវធ្វើលំហាត់យោធានិងប្រើប្រាស់សិទិ្ធស្វ័យការពារជាដើមបើសិនចិនរងការវាយប្រហារនោះ។ ក្រៅពីនេះចិនក៏នឹងគ្រោងពង្រាយកងទ័ពនិងសព្វាវុធទៅកាន់តំបន់ដែលខ្លួនប្រកាសថាជាដែនអធិបតេយ្យរបស់ខ្លួនផងដែរ។សកម្មភាពចិនប្រាកដជានឹងបញ្ឆេះកំហឹងនិងធ្វើឲ្យភាពតានតឹងកើនឡើងកាន់តែខ្លាំងនាពេលខាងមុខ។
ការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីបង្កើនអំណាចយោធាជើងទឹកនិងជើងអាកាសចិននេះមិនមែនជារឿងសាមញ្ញឡើយ។ផ្ទុយទៅវិញវាបង្ហាញយ៉ាងច្បាស់ថាក្រុងប៉េកាំងកំពុងព្យាយាមតំឡើងសាច់ដុំយោធានិងបំភ័យរាល់ភាគីជម្លោះក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ដូចដែលឃើញស្រាប់ក្នុងពេលដែលយោធាចិនប្រកាសដូរយុទ្ធសាស្ត្ររដ្ឋាភិបាលចិនក៏បានរិះគន់បណ្តាមិត្តជិតខាងនិងជាភាគីជម្លោះសមុទ្រចិននោះដែលព្យាយាមធ្វើសកម្មភាពទាំងឡាយណាដែលបង្ករឿងនិងធ្វើឲ្យភាពតានតឹងកើនឡើង។ ចិនមិនបានចង្អុលចំឈ្មោះថាភាគីណាមួយទេប៉ុន្តែគេដឹងច្បាស់ថាមានភាគីជម្លោះតែពីរប៉ុណ្ណោះដែលតែងថ្កោលទោសចិននិងព្យាយាមរារាំងចិនមិនឲ្យបូមប្រេងឬសាងសង់កោះក្នុងតំបន់ត្រួតស៊ីគ្នាុ។នោះគឺវៀតណាមនិងហ្វីលីពីនេះឯង។
ចិនកាន់តែកោងកាចគំរាមប្រើប្រាស់អំណាចយោធារបស់ខ្លួនក៏ដោយសារតែមានការលូកលាន់ពីប្រទេសមហាអំណាចខាងក្រៅជាពិសេសសហរដ្ឋអាមេរិកតែម្តង។ អាមេរិកគាំទ្រវៀតណាមនិងហ្វីលីពីនហើយអ្វីដែលគួរឲ្យបារម្ភគឺការកើនឡើងនៃវត្តមានកងទ័ពអាមេរិកនៅក្បែរតំបន់ជម្លោះនោះតែម្តង។ ទោះជាចង់មិនចង់ចិនដែលជាអ្នកទាមទារយកដែនជម្លោះ៩០ភាគរយហើយនោះមិនអាចបណ្តែតបណ្តោយឲ្យភាគជម្លោះឬមហាអំណាចមិនជាប់ជម្លោះដូចអាមេរិកបន្តធ្វើសកម្មភាពផ្តេសផ្តាសទៀតបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com