ជាតិ
សង្គមជាតិ
តម្លាភាព​កម្ពុជា៖ អំពើពុករលួយ​នៅតែមាន​ក្នុង​វិស័យ​ធុរកិច្ច
27, May 2015 , 7:39 pm        
រូបភាព
 
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ឱក សេរី​សោ​ភក្ដិ៍ បញ្ជាក់ថា អំពើពុករលួយ​នៅក្នុង​វិស័យ​ធុរកិច្ច​នៅតែ​កើតមានឡើង ខណៈដែល​អា​ជីករ​មួយចំនួន​នៅ​មិនទាន់​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ។ លោក ឱម តារា​ឫទ្ធិ ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម បាន​បដិសេធថា ក្រសួងពាណិជ្ជកម្ម​មិន​ប្រព្រឹត្តិ​ខុស ដូច​ការលើកឡើង​នោះទេ។ ហើយ​ក្រសួងពាណិជ្ជកម្ម​ក៏​កំពុង​កំណែទម្រង់​ថ្មី ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ។អង្គការ​តម្លាភាព​កម្ពុ​ជា បានរៀបចំ​សន្និសីទ​ថ្នាក់ជាតិ ស្ដីពី សុ​ចរិតភាព​ធុរកិច្ច នៅ​ព្រឹក​ថ្ងៃទី២៧ ឧសភា​នេះ នៅ​សណ្ឋាគារ​Intercontinental។



លោក ឱក សេរី​សោ​ភក្តិ៍ បាន​ពន្យល់ថា កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​កំពុងដំណើរការ​ល្អ​សមរម្យ​តែ​បញ្ហា​វិស័យ​រកស៊ី​ឯកជន​នៅតែមាន​បញ្ហា​អំពើពុករលួយ​កើតឡើង​ដោយមាន​មន្ត្រី​មួយចំនួន នៅតែ​យក​ការបង់ថ្លៃ​សេវា​ខុសពី​តម្លៃ​ដើម ពី​អ្នក​ប្រកប​របរ​អាជីវកម្ម។ជាមួយគ្នានេះ​លោក​ក៏​ជំរុញ ឲ្យ​ក្រសួងពាណិជ្ជកម្ម​រៀបចំ​ទិសដៅ​កាត់បន្ថយ​អំពើពុករលួយ​នេះដែរ​ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ។

តាម​របាយការណ៍​ថ្មី ចេញផ្សាយ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា បង្ហាញថា«ប្រាក់​ទឹកតែ» ជា​បញ្ហា​មួយ​មិនអាច​ចៀស​រួច​សម្រាប់​ស​ហ​គ្រា​សធន តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​នោះ​បង្ហាញថា នាយក​ប្រតិបត្តិ និង​អ្នកគ្រប់គ្រង​ទូទៅ​សហគ្រាស​ធន​តូច និង​មធ្យម​ជាង១០០ មិនសូវ​យល់ដឹង​ពី​សុ​ចរិតភាព​អាជីវកម្ម​ទេ ហើយក៏​គ្មាន​វិធី​ណា​ជាង​ការ​ងាក​ទៅរក ការ​សូកប៉ាន់​ដើម្បី​ទ្រ​ទង់​អាជីវកម្ម​របស់​ពួកគេ។

របាយការណ៍​បាន​បន្ដថា រដ្ឋាភិបាល​កម្ពុជា បានអនុម័ត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជាច្រើន ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ប៉ុន្ដែ​ការអនុវត្ត​ច្បាប់​នៅមានកម្រិត​ទាប​នៅឡើយ។ អ្នក​ដែល​ត្រូវបាន​សម្ភាស​ជាច្រើន មានការ​យល់ដឹង​តិចតួច​អំពី​ការអនុវត្ត​ច្បាប់​នេះ។

ជុំវិញ​បញ្ហា​នេះ​លោក ឱម តារា​ឫទ្ធិ ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម បាន​បដិសេធថា​មូលហេតុ​ដែល​អ្នក​ប្រកប​អាជីវកម្ម​ទាំងនោះ​បង់ថ្លៃ​ខុស​តម្លៃ​ដើម ឬ​សូកប៉ាន់​នោះ គឺអាច​បណ្ដាលមកពី​ពួកគេ​ពឹងពាក់​អ្នកដទៃ​ឲ្យ​រត់​ឯកសារ​ជូន​ពួកគេ ដោយ​បង់​តម្លៃ​សេវា​ក្រៅផ្លូវការ នៅពេល​ចុះបញ្ជី​នៅ​ក្រសួង​មហា​ពាណិជ្ជកម្ម​ដោយ​ខ្លួនឯង​ទេ។ ប្រធាន​នាយកដ្ឋាន​រូបនេះ​អះអាងថា ក្រសួងពាណិជ្ជកម្ម​រប​ស់លោក មាន​ការបិទ​ផ្សាយ​តម្លៃ​សេវា​យ៉ាង​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ពី​តម្លៃ​ដើម «អ្នក​ដែល​បើក​ក្រុមហ៊ុន​គាត់​អត់​ទៅ​ក្រសួង​ខ្លួនឯង ហើយ​គាត់​ទៅ​ពឹង​គេ គេ​អ្នក​យកលុយ​ហ្នឹង​អ្នកផ្សេង​ទេ អ៊ីចឹង​គាត់​អត់​ដែរ​មក​ក្រសួងពាណិជ្ជកម្ម​ផង ហើយ​គាត់​ថា​អស់​ប៉ុណ្ណឹង​បើក​ក្រុមហ៊ុន តាមពិត​គាត់​អត់​បានមក​ទទួល​សេវា​ពី​ក្រសួងពាណិជ្ជកម្ម​ផង »។ នេះ​ជាការ​បញ្ជាក់​របស់លោក ឱម តារា​ឫទ្ធិ។

ទន្ទឹមនឹងនេះ​លោក ឱម តារា​ឫទ្ធិ ក៍បាន​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម​កំពុង​កំណែទម្រង់​ថ្មី​នៃ​ការរៀបចំ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាមបែប​អេ​ឡិច​ត្រូ​និ​ច ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ផងដែរ ពោលគឺ​បានន័យថា ការចុះបញ្ជី​ក្រុមហ៊ុន​ប្រជាពលរដ្ឋ​អាច​ចុះ​តាម​អន​ឡាញ វេ​ប​សាយ​របស់​ក្រសួង និង​ការបង់ថ្លៃ​សេវា​តាម​កុង​ធនាគារ ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​នៅក្នុង​វិស័យ​ធុរកិច្ច​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com