កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ ហែល​ទឹក សី​ប៉ា​ក់តា​ក្រ និង​ប៉េតង់ គ្មាន​វត្តមាន​ព្រឹទ្ធាចារ្យ​របស់ខ្លួន​ជា​លើកដំបូង
27, May 2015 , 6:11 pm        
រូបភាព
ពី​ឆ្វេងទៅ​ស្តាំ៖ លោក​ ហែម ថុន លោក ឈួន ឡេង និង​លោក ហោ វណ្ណរ៉ា
ពី​ឆ្វេងទៅ​ស្តាំ៖ លោក​ ហែម ថុន លោក ឈួន ឡេង និង​លោក ហោ វណ្ណរ៉ា
លោក ហែម ថុ​ន លោក ឈួន ឡេង និង​លោក ហោ វណ្ណ​រ៉ា សុទ្ធតែជា​ព្រឹទ្ធាចារ្យ​ដែល​បាន​ចូលរួម​យ៉ាង​ផុសផុល​ក្នុង​ការកសាង​សមត្ថភាព​កីឡា​កម្ពុ​ជានា​យុគសម័យ​ថ្មី។ ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ ពួកគាត់​មិនមាន​វត្តមាន​ក្នុងការ​ជួយផ្តល់​កម្លាំង​ចិត្ត និង​ជួយ​ណែនាំ​ដល់​អត្ត​ព​លិ​ក​ទៀតឡើយ ពីព្រោះ​ពួកគាត់​សុទ្ធតែ​បានទទួល​មរណភាព​ជា​បន្តបន្ទាប់​នា​ដើមឆ្នាំ២០១៥ នេះ។



លោក ហែម ថុ​ន អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក បានទទួល​មរណភាព​ដោយ​រោគាពាធ​ក្នុង​អាយុ៧២ឆ្នាំ កាលពី​ថ្ងៃទី១២ ខែមករា។ លោក​គឺជា​ឥស្សរជន​កីឡា​ដ៏​សកម្ម​ម្នាក់ និង​ធ្លាប់បាន​បង្ហាញខ្លួន​ក្នុងនាម​ជា​គ្រូបង្វឹក និង​ជាម​ន្ត្រី​ប្រតិភូ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម។

កាល​នៅរស់ លោក ហែម ថុ​ន ដែល​ធ្លាប់​ឈ្នះ​មេដាយមាស១ ប្រាក់៦ និង​សំរឹទ្ធ៥ ពី​ការប្រកួត​កីឡា​អន្តរជាតិ ដែល​ក្នុងនោះ​មាន​មេដាយប្រាក់២ និង​សំរឹទ្ធ១ ពី​កីឡា​ស៊ី​ហ្គេម​ក្នុង​ឆ្នាំ១៩៦៥ និង​ប្រាក់១ពី​កីឡា​ស៊ី​ហ្គេម​ក្នុង​ឆ្នាំ១៩៧១ តែងតែមាន​ក្តី​សង្ឃឹមថា កីឡាហែលទឹក​កម្ពុជា​នឹង​ចាប់​ទទួលបាន​មេដាយ​ឡើងវិញ​នៅលើ​ឆាក​អន្តរជាតិ។ បើទោះបីជា ព្រឹទ្ធាចារ្យ​រូបនេះ មិនទាន់បាន​សម្រេច​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​កីឡាករ-កីឡាការិនី​កម្ពុជា តែងតែ​ធ្វើបាន​នូវ​កំណត់ត្រា​ល្អប្រសើរ​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ កម្ពុជា​បញ្ជូន​កីឡាករ៥រូប និង​កីឡាការិនី២រូប​ចូលរួម​ក្នុងនោះ មានការ​ប្រកួត​លើ២២វិញ្ញាសាផ្សេងៗគ្នា។ កីឡាករ​ហែល​ទឹក​រួមមាន ពូ សុវិជ្ជា, ធឿន ចាន់ថុល, លឹម ឧ​ត្ត​ម, ហែម ថុ​ន​ពន្លឺ និង​ចេង ពិរោទ ខណៈ​កីឡាការិនី​រួមមាន ហែម ថុ​ន​វិ​ទិ​នី និង សេង សម្ផស្ស។

ងាក​ទៅ​កីឡា​ស៊ី​ប៉ាក់​តា​ក្រ គេ​មិនអាច​បំភ្លេច​គុណ​ព្រឹទ្ធាចារ្យ ឈួន ឡេង បាន​នោះឡើយ។ លោក ឈួន ឡេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ស៊ី​ប៉ាក់​តា​ក្រ​កម្ពុជា និង​ជា​អនុប្រធាននាយកដ្ឋាន​កីឡា​សិស្ស និង​និស្សិត ព្រមទាំង​ជា​សមាជិក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានទទួល​មរណភាព​ដោយសារ​រោគាពាធ​ផងដែរ កាលពី​ថ្ងៃទី៤ ខែ​មិនា ឆ្នាំ២០១៥ ក្នុង​អាយុ៦៦ឆ្នាំ។

លោក ឈួន ឡេង ជា​ព្រឹទ្ធាចារ្យ​កីឡា​មួយរូប ដែលមាន​ឆន្ទៈ​ខ្ពស់ និង​បាន​លះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា ឲ្យ​មានការ​រីកចម្រើន។ ក្នុង​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សី​ប៉ាក់​តា​ក្រ​កម្ពុជា លោក​បាន​ដឹកនាំ​ឲ្យ​កម្ពុជា​ដណ្ដើមបាន​មេដាយ​ជាច្រើន​លើ​ឆាក​អន្តរជាតិ​ទាំង​ការប្រកួត​ផ្លូវការ និង​ក្រៅផ្លូវការ។

កាលពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០១៣ កម្ពុជា​ដណ្តើម​មេដាយប្រាក់២ សំរឹទ្ធ៤ពី​កីឡា​ឈិន​ឡូ​ន និង​សំរឹទ្ធ២ពី​កីឡា​សី​ប៉ា​តា​ក្រ ដែល​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​សហព័ន្ធ​កីឡា​សី​ប៉ា​តា​ក្រ​កម្ពុជា។ ក្នុង​បេសកកម្ម​លើក​នេះ កម្ពុជា​បញ្ជូន​កីឡាករ៨រូប និង​កីឡាការិនី៨រូប​សម្រាប់​ការប្រកួត​លើ​វិញ្ញាសា​ឈិន​ឡូ​ន និង​សី​ប៉ា​តា​ក្រ។ កីឡាករ​រួមមាន ជាតិ ខេមរិន្ទ, ជិន សុវណ្ណារិទ្ធ, ហេង រ៉ាវុត, ណា​ង សុភាព, រៀម សុខ​ភី​រម្យ, សុភៈ ច​ន​នី, ត្រឹង លី និង អ៊ឹង ណា​រិ​ទ្ធ រីឯ​កីឡាការិនី​មាន ច​ន ពេជ្រ​ញ៉ា, ឯម ពិសិដ្ឋ, ងួន ច័ន្ទ​បូរ​មី, ពេជ្រ សុ​ផា, សុទ្ធ ស្រី​លក្ខណ៍, សន សុភាព, សន សុ​ភ័​ណ្ឌ និង អ៊ុក សុខសាន្ត។

សម្រាប់​កីឡា​ប៉េតង់​វិញ លោក ហោ វណ្ណ​រ៉ា គឺជា​គ្រូបង្វឹក​ម្នាក់​ដែល​បាន​ជំរុញ​ឲ្យ​កីឡា​ប្រភេទ​នេះ​ចូលដល់​យុគសម័យ​មាស ជាពិសេស​ការ​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ ទ្វីប និង​ពិភពលោក។ លោក ហោ វណ្ណា​រ៉ា ដែលមាន​តួនាទី​គ្រូបង្វឹក​កីឡា​ប៉េតង់​ផ្នែក​នារី បានទទួល​មរណភាព​កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ក្នុង​អាយុ៧៩ឆ្នាំ។

ព្រឹទ្ធាចារ្យ ហោ វណ្ណ​រ៉ា ដែល​ពី​ដើមឆ្នាំ១៩៦៧ ដល់​ឆ្នាំ១៩៧៤ និង​ពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៩១ ជា​គ្រូបង្វឹក​កីឡាបាល់ទះ បាន​ចូលរួម​កសាង និង​បំផុសបំផុល​កីឡា​ប៉េតង់​ចាប់តាំងពី​ឆ្នាំ១៩៩៣មក។ ក្នុងនាម​ជា​គ្រូបង្វឹក លោក​បាន​ដឹកនាំ​ឲ្យ​ប៉េតង់​ចាប់ផ្តើម​ទទួលបាន​មេដាយមាស​ពី​កីឡា​ស៊ី​ហ្គេម ពី​ចាប់តាំងពី​ឆ្នាំ២០០១ ដល់​កម្ពុជា​ឈ្នះ​មេដាយមាស១ ប្រាក់១ និង​សំរឹទ្ធ១ ។ ជោគជ័យ​របស់​កីឡា​ប៉េតង់​កម្ពុជា បាន​កើន​ឡើងជា​លំដាប់​ពីមួយ​ព្រឹត្តិការណ៍​ទៅមួយ​ព្រឹត្តិការណ៍ ជាពិសេស​ក្រុមកីឡា​ការិនី​ដែល​ស្ថិតនៅក្រោម​ការដឹកនាំ​បង្វឹក​ផ្ទាល់​របស់លោក ហោ វណ្ណ​រ៉ា។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​នេះ កម្ពុជា​នឹងចូលរួម​ប្រកួត​លើ១០វិញ្ញាសារ។ កីឡាករ​ប៉េតង់៨រូប រួមមាន សុខ ច័ន្ទ​មាន, ថោង ឈឿន, ឌី សុ​បញ្ញា, យឹម សុ​ភ័​ណ្ឌ, សៀង វណ្ណា, តិ​ប ន​រ៉ា និង យ៉ា ច័ន្ទដារ៉ា​រិ​ទ្ធ។ កីឡាការិនី៨រូប​រួមមាន កែ ឡេង, អ៊ុន ស្រី​យ៉ា, អ៊ុក ស្រីមុំ, ដួង ឌី​ណា, កែវ សុ​វណ្ណា, អ៊ុំ ចន្ទ្រា, អ៊ុក លក្ខិណា និង ឌុ​ច សោ​ភ័​ណ្ឌ។

ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មានថ្មីៗ លោក ញ៉ា​ណ សុខ​វិសាល នាយរង​បេសកកម្ម​នៃ​ប្រតិភូ​កម្ពុជា​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អវត្តមាន​របស់​ព្រឹទ្ធាចារ្យ​ទាំងបី។ លោក​បាន​លើកឡើងថា៖ «យើង​បានរៀបចំ​ធ្វើ​កាត​រួចរាល់​ហើយ​ជូន​ពួកគាត់​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ពួកគាត់​បាន​លាចាក​លោក​ទៅហើយ»៕















© រក្សាសិទ្ធិដោយ thmeythmey.com