ជាតិ
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី ស្តីពី​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ពីថ្ងៃ​ទី៨-១១ខែមិថុនា
05, Jun 2015 , 10:09 am        
រូបភាព
ចាប់ពី​ថ្ងៃទី៨ដល់​ថ្ងៃទី១១ ខែមិថុនា​ខាងមុខ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី ស្តីពី​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន និង​អង្គប្រជុំ​ពាក់ព័ន្ធ​មួយចំនួន ។ ប្រតិភូ​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា​ចំនួន១០ ព្រមទាំង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​មួយចំនួន ក៏​នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​រយៈពេល៤ថ្ងៃនេះ​ផងដែរ។



លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹងធ្វើ​អធិបតីភាព នៅក្នុង​ការបើក​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​មមន្ត្រី ស្តីពី​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន និង​អង្គប្រជុំ​ពាក់ព័ន្ធ​មួយចំនួន នៅក្នុង​ខេត្តសៀមរាប ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៥ខាងមុខ។

យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម មន្ត្រី​អាស៊ាន​លើក​ទី១៥ និង​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ស្តីពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន  គណៈប្រតិភូ មកពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០ ក៏​នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​រយៈពេល៤ថ្ងៃ​នេះដែរ ហើយ​នៅមាន​ប្រទេស​ដៃគូ​សន្ទនា​ចំនួន១០ទៀត រួមមាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ  អូស្ត្រាលី កាណាដា សហភាព​អឺ​រុ​ប ឥណ្ឌា នូ​វែ​ល​ហ្សឺ​ឡង់ រុស្សី និង​សហរដ្ឋអាមេរិក។ ក្រៅពី​ប្រតិភូ​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា​ទាំង២០ អង្គការ​អន្តរជាតិ ដូចជា​UNODC INTERPOL AAPTIP ACWC ក៏​នឹង​ជួបប្រជុំ និង​សន្ទនា​ប្រចាំឆ្នាំ​ផងដែរ។

កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី ស្តីពី​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន និង​អង្គប្រជុំ​ពាក់ព័ន្ធ​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យមើល​សន្តិសុខ​ពិភពលោក ដើម្បី​ចង្អុល​បញ្ជាក់​ការ​ប្រឈម និង​គ្រោះថ្នាក់​នៃ​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ដូចជា​អំពើ​ភេរវកម្ម ការជួញដូរ​មនុស្ស ការលាង​លុយកខ្វក់ ការរត់ពន្ធ​គ្រឿងញៀន រត់ពន្ធ​អាវុធ ឧក្រិដ្ឋ​កម្ម​សេដ្ឋកិច្ច ការ​ប្លន់​តាម​លំហ​សមុទ្រ និង​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេកវិទ្យា​ជាដើម។  អង្គប្រជុំ ក៏​នឹង​អនុម័ត​លើ​យន្តការ​នានា និង​ផែនការ​ការងារ​មួយចំនួន ដើម្បី​ដាក់ទោស​ទណ្ឌ​ក្នុង​កំរិត​តំបន់ និង​កំរិត​ពិភពលោក ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន៕



© រក្សាសិទ្ធិដោយ thmeythmey.com