ជាតិ
​រកឃើញ​ជនជា​តិ​វៀតណាម​​ខុសច្បាប់ ​៤​១នាក់​ទៀត​​នៅ​តា​ម​សិប្បកម្ម​ស​​ង្កាត់​​ផ្សារ​​​ដើមថ្កូវ​​​​
12, Jun 2015 , 11:12 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន៤១នាក់ ដែល​កំពុង​រស់នៅ​ខុសច្បាប់​ក្នុង​រាជធានី​ភ្នំពេញ។ ជនអន្តោប្រវេសន៍​វៀតណាម​ត្រូវបាន​រកឃើញ​នៅតាម​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន១៨កន្លែង​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​នៃ​ខណ្ឌចំការមន។ នេះ​បើតាម​យោងតាម​ការផ្សព្វផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។

​​

ក្នុងចំណោម​ជនអន្តោប្រវេសន៍​វៀតណាម​ទាំង៤១នាក់ ដែលមាន​ស្រី៦នាក់​នោះ មានតែ ២៥នាក់​ដែលមាន​លិខិតឆ្លងដែន ដែលមាន​ទិដ្ឋាកា​ចូល​ប្រទេស​កម្ពុជា​រយៈពេល​មួយខែ។ តាមរយៈ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​និយាយថា ជនជាតិ​វៀតណាម​ទាំង២៥ ដែលមាន​លិខិតឆ្លងដែន​នោះ មិនមាន​ទិដ្ឋាកា​ធ្វើការ​ងារ​នៅ​កម្ពុជា​ឡើយ។

ជនជាតិ​វៀតណាម​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច​ណែនាំ​ឲ្យ​ត្រឡប់​ទៅ​វៀតណាម​វិញ​ក្នុង​រយៈ ១សប្តាហ៍ ​ហើយ​សមត្ថកិច្ច​តម្រូវ​ឲ្យ​ពួកគេ​បំពេញ​ឯកសារ​ផ្លូវច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។ចំពោះ​ជនជាតិ​វៀតណាម​ចំនួន ១៦នាក់​ដែល​គ្មាន​ឯកសារ​ត្រូវ​រៀបចំ​ឯកសារ​បណ្តេញចេញ តែបើ​រឹងទទឹង​មិន​រាងចាល​ត្រូវ​បញ្ជូនទៅ​តុលាការ​ធ្វើការ​ចោទប្រកាន់​តាម​នីតិវិធី​ច្បាប់៕




© រក្សាសិទ្ធិដោយ thmeythmey.com