ជាតិ
តុលាការ​ប្រកាស​សាលក្រម​លោក ថោង សារ៉ាត់ និង​ឪពុកម្តាយ នៅ​ម៉ោង២កន្លះនេះ
15, Jun 2015 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ចៅក្រម​ជំនុំជម្រះនៃសាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​កាន់កាប់​អាវុធ​ខុសច្បាប់ ដែលមាន​ចុងចោទឧកញ៉ា ថោង សារ៉ាត់ លោក ថោង ចំ​រើន និង​អ្នកស្រី កែវ​ សារី ព្រម​ទាំង​អង្គរក្សម្នាក់ទៀតនៅ​​​​ម៉ោង ​​២កន្លះ​រសៀល​​​ថ្ងៃទី១៥ ខែមិថុនា​នេះ​​។ ​នេះ​បើ​តាម​កា​រ​បញ្ជាក់​​រប​ស់​​មេ​ធាវី​កា​រ​ពារក្តីឪ​ពុកម្តា​យ​លោ​ក​ ថោង សា​រ៉ាត់ ​លោ​ក ​លីម វណ្ណា​។

​​​​​​​
​​​
លោក ថោង សារ៉ាត់ និង​ឪពុកម្តាយ រួមទាំង​អង្គរក្ស​ម្នាក់ទៀត ត្រូវ​ចោទប្រកាន់​ពីបទកាន់កាប់​អាវុធ​ខុសច្បាប់ តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។ សំណុំ​រឿង​កាន់កាប់​អាវុធ​ខុស ​​ច្បាប់​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជី នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក។ ​

មេធាវី​ការពារ​ក្តី​ឲ្យ​ឪពុកម្តាយ​លោក ថោង សារ៉ាត់ លោក លីម វណ្ណា ប្រាប់ថា តុលាការ​នឹង​ប្រកាស​សាលក្រម​កូនក្តី​លោក​តាម​ការកំណត់។ លោក​បញ្ជាក់ថា៖«តុលាការ​នឹង​ប្រកាស​នៅ​ម៉ោង ២កន្លះ​នេះ»។

គួររម្លឹកថា អំឡុង​សវនាការ​អស់​រយៈពេល​ប្រមាណ ៤ម៉ោង កាលពី​រសៀល​ថ្ងៃទី២០ ខែឧសភា ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវបាន​ចោទប្រកាន់ថា ជា​អ្នកផ្តើមគំនិត​នៅ​ក្នុងករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ បាន​បដិសេធ​ចំពោះ​បទ​ចោទ ប្រកាន់​ដទៃទៀត ដែលថា លោក​កាន់កាប់​អាវុធ​ខុសច្បាប់។ ជាមួយគ្នានេះ លោក ថោង ចំរើន និង​លោកស្រី កែវ សារី ដែល​ត្រូវជា​ឪពុកម្តាយ​លោក ថោង សារ៉ាត់ ដែល​ត្រូវបាន ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត ក៏បាន​ចូលរួម​សវនាការ​ផងដែរ។ អ្នក​ទាំងពីរ​នាក់ ក៏បាន​អះអាងថា គ្មាន​ទោសកំហុស​ដែរ ហើយ​បាន​សុំ​ឲ្យ​តុលាការ លើកចោល​បទចោទប្រកាន់ ទាំងអស់​លើ​ពួកគេ ហើយ​ដោះលែង​ពួកគេ​ពី​ពន្ធនាគារ។

ចៅក្រម​ជំនុំជម្រះ ឃី ឆែ បាន​ប្រាប់​តុលាការ​ថា នគរបាល​បាន​ចុះទៅ​ផ្ទះ​របស់​អ្នក​ទាំង​បីនាក់​កាលពី​ខែធ្នូ បន្ទាប់ពី​ករណី​ឃាតកម្ម​លើ​ឧ​ញ៉ា អ៊ឹង ម៉េង​ជឺ ដោយ​រកឃើញ​គ្រាប់កាំភ្លើង និង​អាវុធ​ចំនួន ១៥ដើម ក្នុងនោះ កាំភ្លើង AK-47 ចំនួនបួនដើម។ លោកបញ្ជាក់ថា ក្នុងចំណោមអាវុធ ទាំងអស់ ពួកគេមានអាជ្ញាប័ណ្ណស្របច្បាប់កាន់កាប់តែពីរ ប៉ុណ្ណោះ។

តាមមាត្រា ៤៩០ នៃ​​​ក្រមព្រហ្មទណ្ឌ បទ​​​កាន់កាប់​​​ឬ​​​ដឹកជញ្ជូន​​​អាវុធ​​​ដោយ​​​គ្មាន​​​ការអនុញ្ញាត បាន​​​ចែងថា គ្រប់​បុគ្គល​ដែល​នៅក្រៅ​លំនៅឋាន​របស់ខ្លួន​យកតាម​ខ្លួន​ឬ ដឹកជញ្ជូន​នូវ​អាវុធ​គ្រឿងផ្ទុះ​ឬ​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល ទៅ ៦លាន​រៀល៕


© រក្សាសិទ្ធិដោយ thmeythmey.com