ជាតិ
សមត្ថកិច្ចបដិសេធករណីមានជនល្មើសចាំគប់កញ្ចក់រថយន្តប្លន់យកទ្រព្យសសម្បតិ្ត នៅតំបន់ពេជ្រនិល
× សមត្ថកិច្ចឈរការពារនៅតំបន់ជ្រោះពេជ្រនិល ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបដិសេធ ចំពោះព័ត៌មានថា មានមនុស្សចាំគប់កញ្ចក់រថយន្តអ្នកដំណើរ ដើម្បីប្លន់យកទ្រព្យសម្បត្តិ នៅក្នុងតំបន់ពេជ្រនិល នាពេលយប់។ ថ្មីៗនេះ អ្នកលេងបណ្តាញផ្សព្វផ្សាយសង្គមហ្វ៊េសបុក បានបង្ហោះចែកចាយបន្តគ្នាថា មានជនល្មើសបានគប់កញ្ចក់ឡាននៅពេលយប់ជ្រៅ ដើម្បីប្លន់យកទ្រព្យសម្បត្តិ។ នេះបើតាមការផ្សាយនៅលើគេហទំព័រប៉ូលីស។
បើតាមការផ្សាយរបស់ប៉ូលីស មន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៣១ និងជាមេបញ្ជាការទទួលទិសឈរជើងការពារតំបន់ជ្រោះយាយម៉ៅពេជ្រនិល លោកឧត្តមសេនីយ៍ត្រី ទូច លីន បាននិយាយបដិសេធថា ពុំមានករណីជនល្មើសយកដុំថ្មគប់ទៅលើរថយន្ត ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិនោះទេ ប៉ុន្តែលោកសន្និដ្ឋានករណីនេះថា អាចមានមនុស្សវិកលចរិតមួយចំនួន គប់មែន ប៉ុន្តែពុំមែនជាករណីប្លន់នោះទេ។ លោកថា ករណីនេះកើតមានញឹកញាប់ សូម្បីតែលោកក៍ធ្លាប់ជួបប្រទះផ្ទាល់ដែរ។
ថ្មីៗនេះ តាមបណ្តាញសង្គមហ៊េ្វសបុក បានសរសេថា មនុស្សកាន់ដុំថ្មចាំគប់អ្នកបើកបរ រថយន្តដែលធ្វើដំណើរឆ្លងតាមតំបន់ជ្រោះពេជ្រនិល នៅពេលយប់ ដើម្បីឲ្យអ្នកបើកបររបួសរួចប្លន់តែម្តង។ ប៉ុន្តែ សមត្ថកិច្ចការពារក្នុងតំបន់នោះថា នេះជារឿងមិនពិត។
លោកឧត្តមសេនីយ៍បញ្ជាក់ថា៖«កម្លាំងសមត្ថកិច្ចបានផ្លាស់វេនគ្នាចុះល្បាត ក្នុងមួយម៉ោងម្តង ជារៀងរាល់យប់ ចាប់ពីគីឡូម៉ែត១០២ ដល់១០៥ ដើម្បីការពារសន្តិសុខជួនអ្នកដំណើរ ដោយសារចន្លោះនេះ វារាងស្ងាត់បន្តិច ហើយរឿងស្ទាក់ប្លន់រថយន្ត ដូចគេបង្ហោះតាមហ្វេសប៊ុកមិនមានទេ»។
ជាមួយគ្នានេះ លោកបានសំណូមពរឱ្យអ្នកធ្វើដំណើរពេលយប់ តាមផ្លូវជាតិលេខ ៤ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយប្រសិនបើអ្នកដំណើរជួបករណីខាងលើ សូមលោកអ្នកទាក់ទងផ្តល់ព័ត៌មានដល់កម្លាំងប្រចាំការត្រង់ចំណុចជ្រោះពេជ្រនិល តាមរយៈលេខទូរសព្ទ ០១៥ ២៤៧ ៦៧៦, ០៩៧ ៩៩៦ ០៩០៨ និង ០១៦ ៨២០ ២៦២ ៕
© រក្សាសិទ្ធិដោយ thmeythmey.com