សង្គមអន្តរជាតិ
អន្តរជាតិ
វិបត្តិក្រិក៖ ប្រជាជនក្រិកនៅបរទេសត្រូវទិញឥវ៉ាន់ផ្ញើក្រុមគ្រួសារនៅស្រុក
×
ធនាគារក្រិកនៅតែបន្តបិទដោយសារខ្វះសាច់ប្រាក់ ចំណែកប្រជាជនដណ្តើមគ្នាដកលុយចេញពីគណនី។ ប៉ុន្តែប្រជាជនក្រិកម្នាក់ៗអាចដកបានត្រឹម៦០អឺរ៉ូប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រជាជនក្រិកនៅក្រៅប្រទេសបានបង្ខំចិត្តទិញរបស់របរប្រើប្រាស់ចាំបាច់ផ្ញើជូនបងប្អូន ឬឳពុកម្តាយនៅស្រុកកំណើវិញដែលកំពុងខ្វះលុយកាក់សម្រាប់ប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ប្រជាជនក្រិកកំពុងប្រឈមបញ្ហាខ្វះលុយកាក់សម្រាប់ប្រើប្រាស់ ដោយសារតែក្រិកប្រកាសមិនសងបំណុល និងបិទធនាគារមិនឲ្យប្រជាជនដកលុយ។ ដោយសារតែខ្វះសាច់ប្រាក់ប្រើប្រាស់ រដ្ឋាភិបាលបានចេញបញ្ជាបិទធនាគារបណ្តោះអាសន្នសិនទម្រាំមានដំណោះស្រាយ។ ហើយអ្វីដែលសំខាន់ប្រជាជនក្រិករស់នៅក្នុងស្រុកអាចត្រឹមដកលុយ ៦០អឺរ៉ូប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីទុកប្រើប្រាស់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រជាជនកើតក្តីភ័យបារម្ភ និងមានខ្លះយំសោកផង ដោយសារតែគ្មានលុយប្រើប្រាស់គ្រប់គ្រាន់ដើម្បីទិញរបស់របរចាំបាច់។
ប្រជាជនក្រិកដែលមានបងប្អូននៅក្រៅប្រទេស បង្ខំចិត្តសុំឲ្យបងប្អូនខ្លួនទិញរបស់របរចាំបាច់ដូចជាគ្រឿងទេស ប្រេងឆា អង្ករ ក្រដាសបន្ទប់ទឹក ផ្ញើទៅកាន់ប្រទេសក្រិកផងក៏មាន។ គេឃើញថា ប្រជាជនក្រិកភាគច្រើនត្រូវបង្ខំចិត្តធ្វើបែបនេះដោយសារតែប្រឈមការខ្វះខាត មិនអាចមានសាច់ប្រាក់ល្មមសម្រាប់ទិញ។
ជាក់ស្តែង Nelly Skoufatoglou ជនជាតិក្រិកម្នាក់ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី ក៏បានចំណាយលុយទិញរបស់របរផ្ញើទៅម្តាយរបស់នាងនៅក្រិក។ នាងបានឆ្លៀតពេលទិញអីវ៉ាន់តាមប្រព័ន្ធអ៊ិនធឺណែត ក្រោយពេលនាងទូរសព្ទសួរម្តាយរបស់នាងដែលកំពុងរស់នៅក្នុងប្រទេសក្រិក ថាត្រូវការរបស់ប្រើប្រាស់អ្វីខ្លះ។ ម្តាយនាងប្រាប់នាងថា គាត់ខ្វះខាតគ្រឿងទេស ប្រេងឆា និងអង្ករជាដើម ដែលរបស់ទាំងនេះចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ នាងបានសង្កត់ធ្ងន់ថា នាងសម្រេចចិត្តទិញអីវ៉ាន់តាមអនឡាញ ក្រៅពីនាងមិនអាចរកវិធីអ្វីជួយឪពុកម្តាយនាងបានផ្សេងពីនេះ។ នាងមិនអាចផ្ទេរលុយពីគណនីរបស់នាងទៅក្រិក ហើយម្យ៉ាងឪពុកម្តាយនាងក៏មិនអាចដកលុយបានទៀត ព្រោះធនាគារបិទទ្វារស្ទើរអស់ទៅហើយនៅក្រិក។
ក្រៅពីនេះ Nely Kostopoulou ដែលកំពុងរស់នៅ Baltimore សហរដ្ឋអាមេរិក ក៏ធ្វើស្រដៀងគ្នា ដោយទិញរបស់របរប្រើប្រាស់ចាំបាច់តាមអ៊ីនធឺណែតបញ្ជូនទៅកាន់ឪពុកម្តាយនៅក្នុងប្រទេសក្រិកដូចគ្នាដែរ ព្រោះមិនចាំបាច់ដកលុយចេញពីគណនី។ នាង Kostopoulou បានបង្ហាញថា ប្រាក់សោធននិវត្តន៍ម្តាយនាងត្រូវរដ្ឋាភិបាលកាត់បន្ថយដល់៣០ភាគរយ ហើយប្អូនស្រីនាងរកការងារមិនបានធ្វើអស់រយៈពេលយូរមកហើយដែរ។ ប្រជាជនក្រិកដទៃទៀតកំពុងជួបទុក្ខលំបាកដូចគ្នាដែរខណៈពេលនេះ ប៉ុន្តែរាល់ប្រជាជនក្រិកសង្ឃឹមថា សុបិន្តអាក្រក់នេះនឹងឆ្លងផុតឆាប់ៗនេះ។
សូមរំលឹកបន្តិចថា ក្រិកបានប្រកាសថាខ្លួនគ្មានលទ្ធភាពសងបំណុលមូលនិធីរូបីយវត្ថុអន្តរជាតិកាលពីថ្ងៃ ៣០មិថុនាកន្លងទៅ ដោយសារចរចាមិនត្រូវរ៉ូវដើម្បីបង្កើតកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុល។ នៅថ្ងៃ ៥កក្កដាស្អែកនេះ ក្រិកក៏នឹងរៀបចំប្រជាមតិមួយដើម្បីឲ្យប្រជាជនក្រិកសម្រេចចិត្តថាតើគួរទទួលយកសំណើររបស់ម្ចាស់បំណុលដែលទាមទារឲ្យក្រិកអនុវត្តការកែទម្រង់និងដើរតាមគោលនយោបាយត្បិតត្បៀតកាត់ដោយចំណាយសាធារណនិងតំឡើងពន្ធដែរឬអត់ ។ បច្ចុប្បន្នរដ្ឋអឺរ៉ុបអះអាងថាខ្លួនបើកទ្វារសម្រាប់ក្រិក បើសិនក្រិកចង់បន្តការចរចាបន្តទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com