ជាតិ
នយោបាយជាតិ
UN ចាប់ផ្តើមតាមដានវិវាទព្រំដែនរវាងកម្ពុជា និងវៀតណាម
×
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) លោក Ban Ki-moon បានតាមដានបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលបង្កឲ្យមានអំពើហិង្សា និងបង្ករបួសដល់ភាគីទាំងសងខាងជាង ១០នាក់កាលពីសប្តាហ៍កន្លងទៅ ហើយលោកបានសម្តែងការស្វាគមន៍ ចំពោះការបង្កើតក្រុមការងារចម្រុះចុះដោះស្រាយវិវាទព្រំដែនដែរ។ នេះបើយោងតាម ការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដែលផ្សាយជាភាសាខ្មែរ។
អ្នកនាំពាក្យអង្គការ UN លោកស្រី Eri Kaneko បានប្រាប់វីអូអេខេមរភាសាអំពីការយកចិត្តទុកដាក់របស់លោកអគ្គលេខាធិការអ.ស.ប.ទៅលើបញ្ហា វិវាទព្រំដែន។ អ្នកស្រីនិយាយថា៖«លោកអគ្គលេខាធិការអ.ស.ប.បានតាមដានការវិវត្តនានាចំពោះបញ្ហា ព្រំដែនកម្ពុជា និងវៀតណាម ហើយសម្តែងការស្វាគមន៍ឲ្យមានកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរក្នុង ការបង្កើតក្រុមការងារចម្រុះដើម្បីពិនិត្យមើលនិងបញ្ជាក់ឲ្យច្បាស់ ពីបញ្ហាដែលបានកើតឡើង»។
គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា និងវៀតណាម នឹងជួបប្រជុំគ្នាក្នុងខេត្តសៀមរាបពីថ្ងៃទី៦ដល់ ថ្ងៃទី៩ខែកក្កដាសប្តាហ៍ក្រោយ ដើម្បីដោះស្រាយវិវាទព្រំដែនដែលនៅសេសសល់ និងបញ្ហានានព្រំដែនផ្សេងទៀតកន្លងមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការ គណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១ កក្កដាកន្លងទៅ។
ទាក់ទិនបញ្ហាព្រំដែនដែរ លោក អ៊ុំ សំអាន និងតំណាងរាស្ត្រមួយចំនួនទៀតមកពីគណបក្សង្គ្រោះជាតិ ក៏បានដាក់ពាក្យស្នើសុំជាផ្លូវការទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈ ប្រធានរដ្ឋសភា ដើម្បីប្តឹងវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ របស់អ.ស.ប ក្នុងទីក្រុងឡាអេពីការរំលោភចូលទឹកដីកម្ពុជាដែរ។
គួររម្លឹកផងដែរថា រដ្ឋាភិបាល បានបង្ហាញផែនទីមូលដ្ឋានគ្រឹះ ដែលខ្លួនបានយកមកអនុវត្តក្នុងកិច្ចការការពារដែនអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២ កក្កដា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ តែបក្សប្រឆាំងនៅតែមិនទទួលស្គាល់ផែនទីកំណត់ព្រំដែនក្នុងដៃរដ្ឋាភិបាល ទោះរដ្ឋាភិបាលអះអាងថា ខ្លួនបង្ហាញផែនទីយកពី UN បារាំង និងវៀតណាម។ ការបង្ហាញរបស់រដ្ឋាភិបាលនេះ គឺធ្វើឡើងក្រោយពីតំណាងរាស្ត្របក្សប្រឆាំងចោទរដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីក្លែងក្លាយ។ តំណាងរាស្ត្របក្សប្រឆាំងដែលចូលរួមស្ដាប់ការបកស្រាយរបស់រដ្ឋាភិបាល នោះ បដិសេធមិនទទួលស្គាល់ផែនទីរបស់រដ្ឋាភិបាលទេ ដោយថាផែនទីទាំងនោះគឺរដ្ឋាភិបាល យកផែនទីដែលរៀបចំបោះពុម្ភដោយវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com