អន្តរជាតិ
នយោបាយអន្តរជាតិ
បារាំងបដិសេធមិនផ្តល់សិទ្ធិជ្រកកោនដល់ប្រធានWikileaks
×
នៅថ្ងៃសុក្រ ម្សិលមិញ រដ្ឋាភិបាលបារាំងបានប្រកាសបដិសេធមិនផ្តល់សិទ្ធិជ្រកកោនដល់លោកJulian Assange ជាប្រធានវេបសាយWikileaksឡើយ។ ថ្មីៗនេះ ប្រធានWikileaksរូបនេះ បានទំលាយថា អាមេរិកលួចស្តាប់ទូរសព្ទប្រធានាធិបតីបារាំង៣រូប ចន្លោះឆ្នាំ២០០៦ដល់ឆ្នាំ២០១។ ទោះ Assangeមានបំណងល្អចំពោះបារាំងក្តី ក៏បារាំងលើកឡើងថា ស្ថានភាពផ្លូវច្បាប់មិនអាចអោយបារាំងផ្តល់សិទ្ធិជ្រកកោនដល់គាត់ឡើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង Le Monde ពលរដ្ឋអូស្ត្រាលីដែលជាស្ថាបនិកនិងជាប្រធានWikileaks គឺលោកJulian Assangeបានសរសេរលិខិតមួយច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ ផ្ញើទៅប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ សុំអោយលោកហូឡង់ផ្តល់សិទ្ធិជ្រកកោនដល់រូបលោក។ លោកសរសេរថា បារាំងទទួលលោក បារាំងនឹងសម្រេចនូវទង្វើមនុស្សធម៌ អាចជាទង្វើនិមិត្តរូប លើកទឹកចិត្តអ្នកសារព័ត៌មានគ្រប់រូប ក្នុងពិភពលោក ដែលប្រថុយជីវិតប្រចាំថ្ងៃពួកគេ ដើម្បីអនុញ្ញាតអោយពលរដ្ឋគ្រប់រូបឈានជើងមួយជំហានថែមទៀត ឆ្ពោះទៅរកការពិត។
៤៥នាទីក្រោយការសុំបែបនេះ វិមានអេលីហ្សេបានបដិសេធភ្លាមតែម្តង ដោយបានគូសបញ្ជាក់ថា លោកAssange កំពុងជាប់ក្នុងដីកាចាប់ខ្លួនរបស់អឺរ៉ុប។ ដោយឡែក Wikileaksបានបដិសេធថា គ្មានលិិខិតសុំសិទ្ធិជ្រកកោនសរសេរទៅប្រធានាធិបតីបារាំងទេ។
ស្ថាបនិកWikileaks លោកJulian Assange អាយុ៤៤ឆ្នាំ ជាប់ចោទពីបទបំពានផ្លូវភេទលើស្ត្រី២នាក់ នៅប្រទេសស៊ុយអែត កាលពីឆ្នាំ២០១។ ការចោទប្រកាន់នៅស៊ុយអែត ធ្វើឡើងក្រោយWikileaks ចុះផ្សាយឯកសារ៧៧០០០ច្បាប់ របស់កងទ័ពអាមេរិកស្តីពីសង្គ្រាមអាហ្វហ្កានីស្ថាន។ កាលនោះ អាមេរិកខឹងខ្លាំងណាស់។ Wikileaksថែមទាំងប្រកាសចុះផ្សាយឯកសារបន្ថែម១៥០០០ច្បាប់ទៀតផង។
សព្វថ្ងៃនេះ ប្រធានWikileaks កំពុងតែជ្រកកោនក្នុងស្ថានទូតអេក្វាទ័រ នៅទីក្រុងឡុងដ៍។ នៅស្ថានទូតអេក្វាទ័រ Julian Assange មានកន្លែងស្នាក់នៅផ្ទាល់ខ្លួនតែ៥ម៉ែត្រការ៉េប៉ុណ្ណោះ។ លោកមិនអាចចេញទៅមន្ទីរពេទ្យ រឺក៏ធ្វើលំហាត់ប្រាណបានឡើយ។ រាល់ថ្ងៃ ប៉ូលិសអង់គ្លេសត្រៀមចាំតែចាប់ខ្លួនរូបលោក បញ្ជូនទៅប្រទេសស៊ុយអែតប៉ុណ្ណោះ អោយតែលោកហ៊ានឈានជើងចេញពីស្ថានទូត។
លោកAssange មានគូស្នេហ៍និងកូនប្រុសជាជនជាតិបារាំង។ ថ្មីៗនេះ លោកបានទំលាយព័ត៌មានថា អាមេរិកបានលួចស្តាប់ទូរសព្ទប្រធានាធិបតីបារាំង ៣អាណត្តិចុងក្រោយនេះ។ ទោះដូច្នេះក្តី ក៏រដ្ឋាភិបាលបារាំងមិនអាចផ្តល់សិទ្ធិជ្រកកោនដល់លោកដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com