ជាតិ
បង្គោល​ព្រំដែន​ដែល​បោះ​ជាមួយវៀតណាម​រួចហើយ​មាន​ភាពមិនប្រក្រតី ត្រូវ​សើរើ​ឡើងវិញ
16, Jul 2015 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល​កម្ពុជា នឹង​សើរើ​ឡើងវិញ​នូវ​បង្គោល​ព្រំដែន​ដែលមាន​ភាពលម្អៀង​មួយចំនួន​ជាមួយ​វៀតណាម​ដែល​រដ្ឋាភិបាល​ទាំងពីរ បាន​បោះ​រួចហើយ​ចំនួន ៨៣ ភាគរយ។ នេះ​ជាការ​ប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បាន​ឆ្លៀត​អត្ថាធិប្បាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សមណ​និស្សិត​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់​ដូច្នេះ​ថា៖«ប្រាប់​ទៅ​អ្នកចរចា បើ​ចរចា​មិនត្រូវ​គ្នា អូសបន្លាយ​ក៏​អូស​ទៅ ប្រសើរ​ជាង​បាត់​ដី…..។ ឥឡូវ​បង្គោល​ព្រំដែន បាន ៨៣ នៅសល់ ១៧ ភាគរយ។ ហើ​យ ៨៣ ភាគរយ​នេះ ក៏​យើង​នៅ​អាច​សើរើ​ និងត្រូវ​ពិនិត្យមើល​មួយចំនួនទៀត ករណី​បោះ​ទៅ​វា​លម្អៀង វា​ទាមទារ​ឲ្យ​មានការ​កែប្រែ» ។



ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​ទៀតថា មូល​ហេតុដែល​រដ្ឋាភិបាល​កម្ពុជា​យឺត​យ៉ាង​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រមជាមួយ​វៀតណាម ខ្លាត​បាត់បង់​ទឹកដី។ «ខំប្រឹង​ប៉ុណ្ណឹង​ហើយ នៅតែ​គេ​ចោទថា ធ្វើ​ឲ្យ​បាត់​ដី​ទៀត»។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន។

ស្តាប់​ប្រសាសន៍​លោក ហ៊ុន សែន



នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-វៀតណាម កាលពីពេលថ្មីៗនេះ លោក ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​អះអាងថា កម្ពុជា​និង​វៀតណាម បាន​លើក​ពី​បញ្ហា​នៃ​ការបោះបង្គោល​ព្រំដែន​ជាមួយគ្នា ហើយ​ភាគី​ទាំងពីរនឹង​ប្តេជ្ញា​បោះបង្គោល​ព្រំដែន​ជាមួយគ្នា​ដែល​នៅ​សេសសល់ ១៧ ភាគរយ​ទៀត ឲ្យ​បាន​ឆាប់​នៅពេល​ខាងមុខ៕


© រក្សាសិទ្ធិដោយ thmeythmey.com