ជាតិ
លោក កឹម សុខា ខ្វាត់ខ្វែង​ជួប​មន្ត្រី​ទូត​រក​វិធី​ជួយ​សកម្មជន ខណៈ​លោក សម រង្ស៊ី ទៅ​ក្រៅប្រទេស
22, Jul 2015 , 12:41 pm        
រូបភាព
ដោយ:
ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាសថា រូបលោក​កំពុង​ស្វែងរក​វិធី ដើម្បី​ជួយ​ដល់ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន ១០ នាក់​ទៀត ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស ស្របពេល​ដែល​លោក សម រង្ស៊ី កំពុង​បំពេញការងារ​នៅក្រៅ​ប្រទេស។



តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នៅ​ប៉ុន្មាន​នាទី​មុននេះ លោក កឹម សុខា បានប្រកាសថា លោក​កំពុង​ខ្វែងដៃខ្វែងជើង​រក​វិធី ដើម្បី​ជួយ​សកម្មជន​បក្ស​ទាំងនោះ។ នៅថ្ងៃនេះ លោក កឹម សុខា បាន​ជួប​ជាមួយ​មន្ត្រី​ទូត នៅ​ស្ថានទូត​យ៉ាងតិច​ចំនួន ៣ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​កិច្ច​អន្តរាគមន៍​ចំពោះ​សកម្មជន​ខ្លួន។

នាយក​ខុទ្ទកាល័យ​លោក កឹម សុខា លោក មុត ចន្ថា បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗថា ការ​ស្វះ​ស្វែងរក​មធ្យោបាយ​ជួយ​ដល់​សកម្មជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​របស់លោក កឹម សុខា ពេលនេះ គឺជា​កាតព្វកិច្ច​របស់​លោក កឹម សុខា ក្នុងនាម​ជា​មេដឹកនាំ​បក្ស។ បើតាម​លោក មុត ចន្ថា លោក កឹម សុខា បានចាត់ទុក​ការសម្រេច​ដាក់ទោស​របស់​តុលាការ​មកលើ​សកម្មជន​របស់ខ្លួន គឺជា​រឿង​នយោបាយ។ នាយក​ខុទ្ទកាល័យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា៖« លោក កឹម សុខា គាត់​បារម្ភ​ពី​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​ផ្សេងទៀត​ណាស់។ ពេលនេះ​គាត់​កំពុងតែ​ជួប​មន្ត្រី​ទូត។ តែ​ខ្ញុំ​មិនអាច​បញ្ជាក់​ឈ្មោះ​ទូត​នោះទេ ព្រោះ​ត្រូវជា​ការសម្ងាត់»។

ស្របពេល​ដែល​លោក កឹម សុខា ដែល​កំពុង​ខ្វាត់ខ្វែង​រក​មធ្យោបាយ​ជួយ​សកម្មជន​ខ្លួន​នេះ លោក សម រង្ស៊ី ឯណោះ​វិញ​កំពុង​បំពេញ​បេសកម្ម​ក្រៅប្រទេស ដើម្បី​ស្វែងរក​ជំនួយ​ទ្រទ្រង់​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​តុលាការ​ដាក់ទោស​សកម្ម​ជន​របស់ខ្លួន ១១ នាក់៕


Tag:
 លោក កឹម សុខា
  លោក មា​ជ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com