ជាតិ
សុវត្តិភាព ចរាចរណ៍
បទល្មើស​ចរាចរណ៍១០ចំនុច ដែល​ត្រូវ​ពិន័យ​ពី១៥០០០រៀល ដល់៥០០០០រៀល
04, Jan 2016 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
ចាប់ពី​ថ្ងៃទី១ខែមករា​ឆ្នាំ២០១៦ នគរបាល​ចរាចរណ៍​នឹង​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។ ពិន័យ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាងពិន័យ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បច្ចុប្បន្ន។


មាត្រា៦ នៃ​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចែងថា៖

ត្រូវ​ពិន័យ​អន្តរការណ៍ ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត ចំនួន​ទឹកប្រាក់ ១៥០០០ (មួយ​ម៉ឺន​ប្រាំ​ពាន់)រៀល អ្នកបើកបរ​យានយន្ត ធុន​ស្រាល​ចំនួន​ទឹកប្រាក់ ២៥ ០០០(ពីរម៉ឺន​ប្រាំ​ពាន់)រៀល និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ចំនួន​ទឹកប្រាក់ ៥០ ០០០ (ប្រាំ​ម៉ឺន)រៀល ចំពោះ​អំពើ​ល្មើស​ដូចខាងក្រោម៖

ក-  អ្នកបើកបរ​ទោចក្រយានយន្ត និង​អ្នករួមដំណើរ ព្រមទាំង​កុមារ​ដែលមាន​អាយុ​ពី០៣ ឆ្នាំ​ឡើងទៅ មិន​ពាក់មួក​សុវត្ថិភាព ឬ​ពាក់មួក​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​តាម​ស្តង់ដា​ជាតិ ឬ ពាក់មួក​សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព។ ការពិន័យ​អន្តរការណ៍​ករណី​ល្មើស​នេះ ត្រូវ​គិត​តាម​ចំនួន​អ្នកប្រព្រឹត្ត​ល្មើស​លើកលែង​កុមារ។ អ្នកបើកបរ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺ​មក ឬ អ្នកបើកបរ​ត្រីចក្រយានយន្ត មិន​ពាក់មួក​សុវត្ថិភាព ឬ ពាក់មួក​សុវត្ថិ​ពាព​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​ជាតិ ឬ ពាក់​មូ​ក​សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព។

ខ-    អ្នកបើកបរ​យានយន្ត​ដែល​មិនបាន​យក​ភ្ជាប់​តាម​ខ្លួន​នូវ​ឯកសារ​ដើម​រួមមាន៖
បណ្ណ​បើកបរ​យានយន្ត បណ្ណ​សម្គាល់​យានយន្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន។
គ-    អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ និង​អ្នករួមដំណើរ​ជិះ​កៅអី​មុខ​នៃ​រថយន្ត មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព។
ឃ-   អ្នកបើកបរ​រថយន្ត​ដាក់​កុមារ​អាយុ​ក្រោម ១០ឆ្នាំ អង្គុយ​នៅ​កៅអី​ខាងមុខ។
ង-    អ្នកបើកបរ​យានយន្ត​ឈប់ ឬ​ចត​ល្មើស​នឹង​មាត្រា ២៣ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។
ច-    អ្នកបើកបរ​យានយន្ត​បើកបរ​ដោយ​កុង​ទ័​រ​ល្បឿន​មិន​ដំណើរការ។
ឆ-    អ្នកបើ់កបរ​យានយន្ត​ហួស​ល្បឿន​កំណត់​ចាប់ពី ១ ទៅ ១៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
ជ-    អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​ទូរ​សព្ទ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង នៅពេល​កំពុង​បើកបរ។
ឈ-  អ្នកបើកបរ​យានយន្ត​ប្រើ​សញ្ញា​សូរសព្ទ​មិន​ត្រឹមត្រូវ​តាម​បទ​ប្បញ្ញត្តិ​ច្បាប់់។
ញ-  អ្នកបើកបរ​យានយន្ត​ដឹក​អ្នកដំណើរ​លើស​ចំណុះ​ល្មើ​សនឹង​ចំណុច​ទី៨ មាត្រា៨ និង​ចំណុច​ទី៦ មាត្រា៥៦ នៃ​ច្បាប់​ពី​ចរាចរណ៍​ផ្លូវគោក។ ការពិន័យ​អន្តរការណ៍​នេះ ត្រូវ​គិត​តាម​ចំនួន​អ្នកប្រព្រឹត្ត​ល្មើស។ អំពើ​ល្មើស​ចំណុច​ទី៨ មាត្រា៨ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​លើកលែង​បាន​ក្នុងករណី​ដឹក​អ្នកជំងឺ។


Tag:
 ច្បាប់ចរាចរណ៍
 បទល្មើស​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com