ជាតិ
គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា សម្រេច​កាត់​ប្រាក់ខែ​លោក អ៊ុំ សំអាន និង​បណ្តេញ​មិន​ឲ្យ​ប្រជុំ
24, Jul 2015 , 12:15 pm        
រូបភាព
ដោយ:
នៅ​ទីបំផុត​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានសម្រេច​ដាក់ទណ្ឌកម្ម​ផ្នែក​រដ្ឋបាល​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សំឡេង ៧ លើ១៣ សំឡេង ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។



ពិន័យផ្នែករដ្ឋបាលនោះ គឺលោក អ៊ុំ សំអាន នឹងមិនអាចចូលរួមប្រជុំក្នុងរដ្ឋសភា ១៥ ពេល កាត់ប្រាក់ខែ ៥០ ភាគរយចំនួន ២ ខែ និងប្រកាសផ្សាយជាសាធារណៈនូវកំណត់ហេតុ​ស្តីបន្ទោស ហើយបោះពុម្ពបិទផ្សាយនៅគ្រប់ឃុំនៃមណ្ឌលសៀមរាបរបស់លោក អ៊ុំ សំអាន។ ទាំងនេះជាការលើកឡើងរបស់លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។​

ថ្លែងប្រាប់សារព័ត៌មានថ្មីៗក្រោយកិច្ចប្រជុំនោះ លោក ឈាង វុន បានចាត់ទុកការពិន័យរបស់របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា គឺជារឿងត្រឹមត្រូវ។ លោក បន្ថែមយ៉ាងនេះថា៖ « សមាជិកគណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃរដ្ឋសភាមកពីបក្សប្រជាជនកម្ពុជា មិនអាចទទួលយកនូវទង្វើរបស់លោក អ៊ុំ សំអាន ធ្វើមកលើសម្តេចប្រធាននោះទេ»។ បើតាមអ្នក​នាំពាក្យរដ្ឋសភា​រូបនេះ ក្នុងកិច្ច​ប្រជុំ​សមាជិកគណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃរដ្ឋសភាមកពីបក្សសង្គ្រោះជាតិ មានលោក កឹម សុខា លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និងលោក យ៉ែម  បុញ្ញឫទ្ធិ ជាដើម បានថ្លែងការពារលោក អ៊ុំ សំអាន និងសុំកុំឲ្យសម្រេចដាក់​ទណ្ឌកម្ម​ផ្នែករដ្ឋ​បាល​លើ​លោក អ៊ុំ សំអាន។ 

តែសំណើនេះ ទទួលលទ្ធផលអវិជ្ជមាន ពីព្រោះសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា មានដល់ទៅ ៧​ រូប ក្នុង​ចំណោមសមាជិកទាំងអស់ ១៣ រូប ដែលអាច​មាន​សំឡេងគ្រប់គ្រាន់ ៥០ ភាគរយបូក ១ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​លោក អ៊ុំ សំអាន បាន។

ឆ្លើយតប​នឹងការសម្រេចនេះ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ យល់ថា ជាការសម្រចដែលលឿនពេក។« ខ្ញុំមិនខ្លាច​នឹងទណ្ឌកម្មនោះទេ តែខ្ញុំគ្រាន់​តែហួសចិត្ត​ថា ទណ្ឌកម្មផ្នែករដ្ឋបាលនេះ ធ្វើឡើងដល់​ដំណាក់កាលទី ៣ តែម្តង ដោយមិនធ្វើក្នុង​ដំណាក់កាលទី ១ និងទី ២ ដែលត្រូវហៅខ្ញុំ មកស្តីបន្ទោសសិន មុននឹងសម្រេចបែបនេះ»។ នេះជា​ការបញ្ជាក់​របស់លោក អ៊ុំ សំអាន ។

លោក ឈាង វុន បានលើកឡើងថា ការពិន័យរដ្ឋ​បាល​លើ​លោក អ៊ុំ សំអាន នេះ ជាដំណាក់កាលទី ១ ប៉ុណ្ណោះ ហើយ​ប្រសិនបើលោក អ៊ុំ សំអាន មិន​សម្រប​សម្រួលជាមួយលោក ហេង សំរិន នោះទេ នឹងឈានដល់តុលាការ។ ​លោក អ៊ុំ សំអាន ឆ្លើយតបថា​ ​រូប​លោកនឹងសម្រប​សម្រួលជាមួយលោក ហេង សំរិន អំពីបញ្ហានេះ។ « បើចង់ឲ្យខ្ញុំសម្របសម្រួលពិភាក្សា​ជា​មួយលោក​ ហេង សំរិន ខ្ញុំនឹងធ្វើវា បើអាច​ឲ្យ​លោក ហេង សំរិន​ ស្ងប់​ចិត្ត​នោះ»​។



 

Tag:
 ​លោក អ៊ុំ សំអាន
 រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com