ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖ លោក ហ៊ុន សែន បាន​ផ្លាស់ប្តូរ
25, Jul 2015 , 3:15 pm        
រូបភាព
ដោយ​មិន​និយាយ​អំពី​ការកាត់ទោស​សហការី និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ១១នាក់​ចុង​ក្រោយនេះ តែ​តាមរយៈ​ការបង្កើត​វប្បធម៌​សន្ទនា និង​ការបរិភោគ​អាហារ​ជា​លក្ខណៈ​គ្រួសារ​នោះ លោក សម រង្ស៊ី បាន​ប្រាប់​អ្នកកាសែត​ភាសា​បារាំង​Libération ថា «លោក ហ៊ុន សែន បាន​ផ្លាស់ប្តូរ»ហើយ។ លោក សម រង្ស៊ី បានផ្តល់​កិច្ចសម្ភាសន៍​មួយ​ដល់​កាសែត​ឆ្វេងនិយម Libération ដើម្បី​និយាយ​អំពី​ការវិវត្ត​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​របស់​កម្ពុជា ពិសេស​អំពី​ទំនាក់ទំនង​រវាង​លោក និង​លោក ហ៊ុន សែន។



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ចំ​ថ្ងៃ​ដែល​សកម្មជន​របស់ខ្លួន​ត្រូវ​តុលាការ​កម្ពុជា​កាត់ទោស​ពីបទ​បះបោរ​នោះ បាន​ប្រាប់​អ្នកកាសែត​បារាំង Libération ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្លាស់ប្តូរ​ឥរិយាបថ ដើម្បី​ត្រួស​ត្រាយផ្លូវ​ទុក​សម្រាប់កូនៗរបស់លោក។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​យ៉ាងនេះ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​នៃ​សារព័ត៌មាន​Libération។ បើតាម​លោក សម រង្ស៊ី ដដែល លោក ហ៊ុន សែន បាន​យល់​អំពី​ការមកដល់​ទីបញ្ចប់​នៃ​ការគ្រប់គ្រង​អំណាច​របស់លោក។ «គាត់​ចង់​ឲ្យកូនៗរបស់គាត់​ស្គាល់កូនៗរបស់ខ្ញុំ។ គាត់​ដឹងថាកូនៗរបស់គាត់​មិនអាច​ដឹកនាំ​ប្រទេស​តាមបែប កណ្តាប់ដៃ​ដែក ដូច​គាត់​ទេ។ គាត់​ចង់​ឲ្យ​កូន​គាត់​បន្ត​អាជីព​នយោបាយ​ក្នុង​ក្របខណ្ឌ​ប្រជាធិបតេយ្យ»។ នៅក្នុង​បទសម្ភាសន៍​ដដែល​នោះ លោក សម រង្ស៊ី និយាយទៀតថា លោក ហ៊ុន សែន កំពុង​ស្វែងរក​ភាពស្របច្បាប់​បែប​ប្រជាធិបតេយ្យ​សម្រាប់​កូន​របស់គាត់​ដែល​អាច​ធានា​អំពី​សុវត្ថិភាព​របស់គាត់​បា​ន​ខ្លះ​ទៀតផង។

អ្នកកាសែត​ជនជាតិ​បារាំង​ឈ្មោះ Arnaud VAULERIN ក៏បាន​ចោទសួរ​លោក សម រង្ស៊ី អំពី​ការបរិភោគ​អាហារ​ពេល​ល្ងាច​នៃ​គ្រួសារ ហ៊ុន សែន សម រង្ស៊ី កន្លងទៅ និង​ការថត​រួប​Selfie នៃ​អ្នកនយោបាយ និង​កូន​របស់​ពួកគេ​ផងដែរ។ សម្រាប់​លោក សម រង្ស៊ី អ្នកនយោបាយ​ខ្មែរ​ត្រូវតែ​ជជែក​គ្នា។ លោក សម រង្ស៊ី ឆ្លើយ​បន្តថា៖«រូបថត​ខ្លះ​ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល តែមាន​ន័យ វា​ក៏​អាចជួយ​បានដែរ។ វា​បង្ហាញថា​មេបក្ស​ទាំងពីរ​យល់ចិត្ត​គ្នា គោរព​គ្នា ទៅវិញទៅមក។ វា​សំខាន់​ណាស់​សម្រាប់​អ្នកគាំទ្រ»។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពន្យល់ថា ទាំងនេះ​គឺជា​រូបភាព​នៃ​សន្តិភាព ហើយ​វា​នឹង​បញ្ឈប់​មិន​ឲ្យ​មានការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ដែល​ធ្វើ​ឲ្យ​លោក​រងគ្រោះ​ដូច​ក្នុង​អតីតកាល៕





Tag:
 សម រង្ស៊ីុំ
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com