ជាតិ
បន្ត​បណ្តេញជនអន្តោប្រវេសន៍​ខុសច្បាប់ ៥ សញ្ជាតិ​ចំនួន ៥២នាក់​ចេញពី​កម្ពុជា
12, Aug 2015 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នគរបាល​អន្តោប្រវេសន៍បាន​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ៥ សញ្ជាតិ​ចំនួន ៥២នាក់ ​រួមមាន វៀតណាម ៤៨នាក់ ចេញពី​កម្ពុជានៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។ នេះ​បើតាម​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេតនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។



ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក អ៊ុក ហៃ​សិលា ប្រាប់ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ ត្រូវបញ្ជូន​ចេញ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ច្រក​អន្តរជាតិ​បាវិត ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​ក្អម​សំណរ។ លោក​បញ្ជាក់ថា ជនបរទេស​ខុសច្បាប់​ទាំង០៥សញ្ជាតិ ចំនួន ៥២នាក់​នោះ  រួមមាន វៀតណាម ៤៨នាក់ (ស្រី០៣នាក់) ជនជាតិ​ហូ​ឡង់ ០១នាក់ ថៃ ០១នាក់ នី​ហ្សេ​រី​យ៉ា ០១នាក់ និង​បង់​ក្លា​ដេ​ស ០១នាក់។

លោក អ៊ុក ហៃ​សិលា រៀបរាប់​ពី​ការឆែកឆេរ​រក​ជនអន្តោប្រវេសន៍​ខុសច្បាប់​ថា នគរបាលអន្តោប្រវេសន៍​បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនបរទេស​ខុសច្បាប់​ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល បាត់ដំបង តាកែវ កំពង់ធំ ពោធិ៍សាត់ សៀមរាប និង​បន្ទាយមានជ័យ។ លោក​ថា៖«ពួកគេ​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា ដោយសារពួកគេ​លួច​ស្នាក់នៅ ធ្វើការ​រកស៊ី ពុំមាន​លិខិតឆ្លងដែន និង​ស្នាក់នៅ​លើស​ទិដ្ឋាការស្របច្បាប់»។

បើតាម​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត គិត​ចាប់ពី​ខែកក្កដា ឆ្នាំ២០១៤ ដល់​ខែសីហា ឆ្នាំ២០១៥នេះ ជនអន្តោប្រវេសន៍​ខុសច្បាប់ ៤៣សញ្ជាតិ សរុប​ចំនួន ២៩៤២នាក់ ត្រូវបាន​បណ្តេញចេញពី​កម្ពុជា ក្នុងនោះ ជនជាតិ​វៀតណាម​មាន​ច្រើនជាងគេ​ចំនួន ២៥៣៤នាក់ (ស្រី៤៤៥នាក់)៕


© រក្សាសិទ្ធិដោយ thmeythmey.com