ជាតិ
ក្រសួងការបរទេស​ថា​មិនទាន់មាន​តួលេខ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយសារ​ការផ្ទុះ​គ្រាប់បែក​នៅ​ថៃ
18, Aug 2015 , 9:33 am        
រូបភាព
គិត​ត្រឹម​ម៉ោងជាង៩ព្រឹក​នេះ មិនទាន់មាន​តួលេខ​ណាមួយ​បង្ហាញថា ពលរដ្ឋ​កម្ពុជា​បាត់បង់​ជីវិត ឬ​រងរបួស ដោយសារតែ​ការ​បំផ្ទុះ​គ្រាប់បែក នៅក្នុង​ទីក្រុង​បាកក ប្រទេស​ថៃ កាល​យប់ម្សិល​មិញ​ឡើយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា។



លោក ជុំ ស​ន្ទ​រី បន្ថែមថា មកដល់ពេលនេះ​ក្រសួងការបរទេស បាន​ទាក់ទង​ជាប់​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដើម្បី​តាមដាន​ព័ត៌មាន និង ប្រមូល​ព័ត៌មាន​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ។ បើតាម​លោក ជុំ ស​ន្ទ​រី អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ កំពុង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទៅ​ទេសចរណ៍ និង​ស្នាក់នៅ​ប្រទេស​ថៃ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយពី​មានការ​បំផ្ទុះ​គ្រាប់បែក​នេះ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នៅ​ថ្ងៃ​អង្គារ​នេះ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖« យើង​បាន​ទាក់ទង​ទៅ​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​តួលេខ​ទាក់ទង​នឹង​ពលរដ្ឋ​ខ្មែរ​យើង តែ​នៅពេលនេះ​មិនទាន់មាន​តួលេខ​ណាមួយ​បញ្ជាក់​នៅឡើយ​ទេ ព្រោះ​អាជ្ញាធរ​ថៃ​ក៏​គេ​កំពុងតែ​រវល់​ដែរ។ ហើយស្ថានទូតយើងក៏​កំពុង​ចុះ​សាកសួរ​ព័ត៌​មាន​ប្រ​ជា​ពល​រដ្ឋខ្មែរស្នាក់នៅទីនោះដែរ»។

តែ​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​ក​ម្ពុ​ជា មិនទាន់​អាចដាក់​បម្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​នោះទេ ព្រោះ​បញ្ហា​នេះ​កំពុង​ស្ថិតនៅ​ស្ថាន​ការ​ណ៏​តាមដាន។ នេះ​បើតាម​លោក ជុំ ស​ន្ទ​រី។

រហូតមកដល់​ពេលនេះ​យ៉ាងណា​ស់មាន​មនុស្ស​ស្លាប់២០នាក់​ហើយ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក កាលពី​យប់​ម្សិលមិញ។ ក្នុងចំណោម​អ្នកស្លាប់​នោះ​មាន​ជនជាតិ​ហ្វីលីពីន​ម្នាក់ និង​ចិន​ពីរ​នាក់​ផង ដែល​ពួកគេ​ជា​អ្នកទេសចរ។នេះ​បើតាម​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​ថៃ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​Prawit Wongsuwan បាន​សន្និដ្ឋានថា ជនល្មើស​យក​ជនបរទេស​ជា​អ្នកទេសចរ​ជា​គោលដៅ​នៃ​ការវាយប្រហារ ដើម្បី​បំផ្លាញ​ឧស្សាហកម្ម​ទេសចរណ៍​ថៃ​បច្ចុប្បន្ន។ នេះ​មានន័យថា​វា​ជា​សកម្មភាព​បំភ័យ​អ្នក​ទេសចរណ៍​មិន​ឲ្យ​មក​ទស្សនា​ប្រទេស​ថៃ។ យ៉ាងណាក៏ដោយ​របប​សឹក​នៅតែ​អះអាងថា ការ​បំផ្ទុះ​គ្រាប់បែក​គ្មាន​ពាក់ព័ន្ធ​បញ្ហានយោបាយ ឬ​មាន​ពាក់ព័ន្ធ​ក្រុម​ឧទ្ទាម​ឥស្លាម​នៅ​ភាគខាងត្បូង​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com